នៅពេល​ចិន​សន្យា​ចរចា​អោយបាន​កិច្ចព្រមព្រៀង ត្រាំ​ព្រមាន​ថា បើ​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាន់ពេល​ទេ «​ខ្ញុំ​ជា អ្នក​វាយ​ពន្ធ​»

380

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី៤ធ្នូបាននិយាយអំពីការផ្អាកសង្រ្គាមពាណិជ្ជកម្ម៩០ថ្ងៃជាមួយចិន តែបានព្រមានថាលោកនឹងងាកទៅរកការយកពន្ធពិន័យវិញបើភាគីទាំង២មិនអាចដោះស្រាយការខ្វែងគំនិតគ្នា។

ត្រាំបាននិយាយថា ក្រុមទីប្រឹក្សាពាណិជ្ជកម្មរបស់លោកដឹកនាំដោយលោករ៉ូប៊ឺត លីធីហ្សឺ នឹងកំណត់ថាតើ«កិច្ចព្រមព្រៀងជាក់ស្តែង»មួយជាមួយចិននឹងអាចសំរេចបានដែរឬអត់។«បើសំរេចបាន ជាការល្អ​ តែបើមិនអាចសំរេចបាន ខ្ញុំជាអ្នកវាយពន្ធ(Tariff Man)។នៅពេលមនុស្សឬប្រទេសដទៃចូលមកប្លន់ទ្រព្យរបស់ប្រជាជាតិយើង ខ្ញុំចង់អោយគេសងនូវតំលៃនៃការធ្វើដូច្នោះ ។វាតែងជាវិធីល្អក្នុងការប្រើអំណាចសេដ្ឋកិច្ចរបស់យើង។ឥឡូវយើងកើបប្រាក់រាប់ពាន់លានពីពន្ធ»។

ការគំរាមអំពីការបង្កើនសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចទាំង២កើតឡើងចំពេលចិនបាននិយាយនៅថ្ងៃពុធទី៥ខែធ្នូថាខ្លួននឹងជំរុញឱ្យមានការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេល៩០ថ្ងៃខាងមុខនិងបានប្តេជ្ញាដោះស្រាយបញ្ហានៅសេសសល់។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា កិច្ចចរចាររវាងប្រធានាធិបតីចិន លោកស៊ី ជីនពីងនិង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកកាលពីចុងសប្តាហ៍កន្លងទៅ បានជោគជ័យហើយមានការជឿជាក់លើការអនុវត្តកិច្ចព្រមព្រៀងរបស់ពួកគេ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃភាគីទាំង២នឹងជំរុញឱ្យមានការចរចាក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះដោយស្របតាមកាលបរិច្ឆេទច្បាស់លាស់និងផែនទីបង្ហាញផ្លូវ ។

ក្រសួងពាណិជ្ជកម្មនេះ បាននិយាយដោយមិនផ្តល់សេចក្តីលម្អិតថា “ចិននឹងចាប់ផ្តើមជាមួយការដោះស្រាយបញ្ហានៅសល់ ដែលនៅក្នុងដំណោះស្រាយនោះ មានការឯកភាពគ្នា ហើយវាកាន់តែឆាប់ កាន់តែល្អ” ។

លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង បានព្រមព្រៀងបញ្ចប់ជម្លោះពាណិជ្ជកម្ម នៅក្រៅកិច្ចប្រជុំកំពូល G20នៅប្រទេសអាហ្សង់ទីនកាលពីថ្ងៃសៅរ៍ ដោយមិនដាក់ពន្ធថ្មីនិងផ្តល់ពេល៩០ថ្ងៃអោយក្រុមចរចានៃប្រទេសទាំងពីរចរចាសម្រេចអោយបានកិច្ចព្រមព្រៀង៕ដោយ៖វាសនា-សុខា

ត្រាំ៖បើ​សំរេចបាន ជាការ​ល្អ តែបើ​មិនអាច​សំរេចបាន ខ្ញុំ​ជា​អ្នក​វាយ​ពន្ធ​។«ធ្វើអោយអាមេរិកមានឡើងវិញ-MAKE AMERICA RICH AGAIN»