នៅពេល​ប្រឈម​នឹង​ជម្លោះ​ប្រដាប់អាវុធ ចូរ​មើល​បណ្តា​ទីតាំង​ជួរមុខ​នៃ​កងទ័ព​អាម៉េរិក​នៅ​ជិត​អ៊ីរ៉ង់​

924
ចែករម្លែក

​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​កាន់តែ​កើនឡើង​នៅមួយ​សប្តាហ៍​មក​នេះ ក្រោ​យ​ពី​អាម៉េរិក​ប្រកាស​បញ្ជូន​ក្រុម​វា​នា​ប្រយុទ្ធ​ទៅ​​កាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស និង​បាន​ព្រមាន​ថា អាម៉េរិក​នឹង​វាយកម្ទេច​អ៊ីរ៉ង់ បើ​សាធារណរដ្ឋអ៊ីស្លាម​នេះ​គំរាម​ផលប្រយោជន៍អាម៉េ​រិក​។​

​បន្ថែម​លើ​ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 អាម៉េរិក​បាន​បញ្ជូន​ក​ង​កម្លាំង​ស្ទាក់​កម្ទេច​កាំជ្រួច​កណ្តាល​អាកាស​ធុន​Patriot នាវា​បើក​ឡើង​គោក​​ផ្ទុក​ដោយ​ទាហាន​ម៉ា​រី​ន និង​នាវា​ដឹក​សម្ភារ​យោធា​។​

​មន្ត្រី​ជាន់ខ្ពស់​អាម៉េរិក​បាន​អះអាងថា ការបង្កើន​វត្តមាន​ទ័ព​នេះ​ជា​ការឆ្លើយតប​នឹង​ចរិត​របស់​អ៊ីរ៉ង់​។​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក លោក​ផា​ទ្រិក សា​ណា​ហាន បាន​ហៅ​ការ​​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​នេះ​ថា​ជា​«​ការ​ដាក់​ទីតាំង​ឈរជើង​ថ្មី​ក្នុង​ការឆ្លើយតប​នឹង​សញ្ញា​នៃ​ការ​គំរាម​ដែល​អាច​ជឿ​ទុកចិត្តបាន​មួយ​»​ពី​កងកម្លាំង​អ៊ីរ៉ង់​។​ចំណែក​ទីប្រឹក្សា​សន្តិសុខ​​ជាតិ​អាម៉េរិក​លោក​ច​ន បុល​ថុន បាន​និយាយថា​ចំណាត់ការ​នេះ​ជា​ប្រតិកម្ម​តប​មួយ​ចំពោះ​«​សញ្ញា​បង្ក​បញ្ហា​មួយចំនួន​និង​ការព្រមាន​កាន់តែខ្លាំង​ឡើង​»​និង​ក្នុង​បំណង​បញ្ជូន​​សារ​ច្បាស់លាស់​និង​មិន​អាច​យល់​ខុស​បាន​មួយ​ទៅកាន់​អ៊ីរ៉ង់​ថា ការវាយប្រហារ​ណា​មួយ​លើ​ផលប្រយោជន៍​អាម៉េរិក ឬ​លើ​សម្ពន្ធមិត្ត​របស់​អាម៉េរិក​នឹង​ជួប​កម្លាំង​គ្មាន​ត្រា​ប្រណី​»​។​

​តែ​ទោះជា​យ៉ាងណា ដោយសារ​អាម៉េរិក​ដាក់​មូលដ្ឋានទ័ព​ជុំវិញ​អ៊ីរ៉ង់​ពី​គ្រប់​ទិស វា​នាំ​ឲ្យ​គេ​សួរថា​តើ​គោលដៅ​ពិត​របស់​អាម៉េរិក​ក្នុង​ការប្រឈមមុខគ្នា​នាពេល​បច្ចុប្បន្ន​នេះ​​ជា​អ្វី​។​អាម៉េរិក​មាន​ទាហាន​រាប់ពាន់​នាក់​ឈរជើង​នៅ​ជុំវិញ​អ៊ីរ៉ង់​រួចជាស្រេច​។​

​ខាងក្រោម​នេះ​ជា​តួលេខ​ត្រួសៗ​នៃ​កងកម្លាំង​អាម៉េរិក​នៅ​ជិតៗ​ព្រំដែន​អ៊ីរ៉ង់​៖

-​កង​នា​វាទី​៥​អាម៉េរិក​៖ មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើង​។​វា​មាន​ទាហាន​អាម៉េរិក​យ៉ាងតិច​៧.០០០​នាក់​ឈរជើង​នៅ​បា​រ៉ែ​ន​។​នៅ​គូ​វ៉ែត បញ្ជាការ​​កណ្តាល​អាម៉េរិក ដាក់​ទាហាន​ប្រមាណ​១៣.០០០​នាក់​នៅ​ទីនោះ​។​

-​មូលដ្ឋាន​ទ័ពអាកាស Al Dhafra​នៅ​អា​ប៊ូ ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ាត មាន​ទាហាន​អាម៉េរិក​៥.០០០​នាក់​។​

-​មូលដ្ឋាន​ទ័ពអាកាស​Al Udeid នៅ​កាតា​មាន​ទាហាន​អាម៉េរិក ១០.០០០​នាក់​។​

​ក្រៅ​ពី​មូលដ្ឋាន​ខាងលើ អាម៉េរិក​មាន​ទាហាន​នៃ​កងកម្លាំង​ពិសេស ប្រតិបត្តិការ​នៅយេ​ម៉ែន ខណៈ​រាប់ពាន់​នាក់​ទៀត​នៅ​អ៊ីរ៉ាក់ អា​ហ្វ​ហ្គានី​ស្ថាន និង​ប៉ា​គី​ស្ថាន​។​បន្ថែម​លើ​នេះ​​អាម៉េរិក​ក៏​មាន​កងកម្លាំង​សហការ​សន្តិសុខ​ជា​ក្រុម​តូចៗ​មាន​គ្នា​២០០​នាក់​ឬ​ក្រោម​នេះ​ដែល​គេ​ស្គាល់​ថា​lily pads​ព្រមទាំង​កងកម្លាំង​ដែល​អាច​ចូល​ទៅ​កាន់​មូលដ្ឋានទ័ព​អា​​កាស​និង​កំពង់ផែ​នៅ​បណ្តា​ប្រទេស​រួមមាន អូ​ម៉ង់ អា​រ៉ាប៊ីសាអូឌីត តូក​គី​និង​អេ​ហ្ស៊ី​ប​៕​ដោយ​៖​វាសនា​/Ha

អាម៉េរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​ឈរជើង​នៅ​កាតា​កាលពីពេល​ថ្មីៗ​

#