នៅមុន​ការបោះឆ្នោត​មួយថ្ងៃ លោ​កណេ​តាន់​យ៉ា​ហ៊ូ​សន្យា​ដាក់បញ្ចូល​ជា​ទឹកដី​របស់ខ្លួន​នូវ “​រាល់​ការតាំង​ទីលំនៅ​ទាំងអស់​” ក្នុង​តំបន់​វេស​ប៊ែ​ង​

198
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូបាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​ថា​នឹងដាក់​បញ្ចូល​ជា​ទឹកដី​របស់ខ្លួន​នូវ “​រាល់​ការតាំង​ទីលំនៅ​ទាំងអស់​” នៅក្នុង​តំបន់​វេស​ប៊ែ​ង​រួមទាំង​ជ្រលង​ភ្នំ​មួយ​ស្ថិតនៅ​ជ្រៅ​ក្នុង​បេះដូង​នៃ​ទីក្រុង​ប៉ា​ឡេ​ស្ទី​ន​ដ៏​ធំ​បំផុត​នេះ នៅក្នុង​ចំណាត់ការ​ចុងក្រោយ ដែល​ហាក់​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការគាំទ្រ​ជាតិនិយម នៅ​មួយ​ថ្ងៃមុន​ការបោះឆ្នោត​លើក​ទី​ពីរ​។​

​ដោយ​កំពុង​ជាប់​ក្នុងការ​ប្រកួតប្រជែង​ខ្លាំងក្លា​និង​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់ លោ​កណេ​តាន់​យ៉ា​ហ៊ូ​កំពុង​តស៊ូ​ដើម្បី​ការរស់រាន​នូវ​ជីវិត​នយោបាយ​រប​ស់គា​ត់​។ ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នៃ​យុទ្ធនាការ​របស់គាត់ គាត់​បាន​ផ្តល់ជូន​ការសន្យា​យ៉ាង​មុតមាំ​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​ឱ្យបាន​ច្រើន​ដើម្បី​បោះ​ជូន​គណបក្ស Likud របស់គាត់ និង​បោះ​ឱ្យ​គាត់​ជាប់​ជា​នាយករដ្ឋមន្ត្រី​ម្តងទៀត​ក្នុងការ​បោះឆ្នោត​ដែល​ធ្វើ​ឡើងជា​លើក​ទី​ពីរ មិន​ធ្លាប់មាន​ពីមុនមក​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​កងទ័ព​អ៊ីស្រាអែល លោ​កណេ​តាន់​យ៉ា​ហ៊ូ​និយាយថា “​ខ្ញុំ​មានបំណង​ពង្រីក​អធិបតេយ្យភាព​លើ​ការតាំង​ទីលំនៅ​និង​ប្លុក (​ទីលំនៅ​) ទាំងអស់​” រួមទាំង​ទីតាំង​ដែលមាន​សារៈសំខាន់​ខាង​សន្តិសុខ​ឬ​មាន​សារៈសំខាន់​ចំពោះ​បេតិកភណ្ឌ​របស់​អ៊ីស្រាអែល​”​។

​នៅពេល​សួរថា​តើ​នោះ​នឹង​រាប់បញ្ចូល​ទាំង​ជនជាតិ​ជ្វី​ហ្វ​រាប់រយ​នាក់​ដែល​រស់នៅ​ក្រោម​ការ​យាមកាម​យោធា​យ៉ាង​ខ្លាំងក្លា​ក្នុងចំណោម​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់ម៉ឺន​នាក់​នៅក្នុង​ទីក្រុង​ហេ​ប្រុ​ន ដែល​ងាយ​នឹង​រង្គោះរង្គើ​ឬ​យ៉ាងណា លោ​កណេ​តាន់​យ៉ា​ហ៊ូ​ឆ្លើយតប​ថា “​ត្រូវ​ហើយ នឹង​រាប់បញ្ចូល​ដូចគ្នា​”​។​

​ប្រជាជន​អ៊ីស្រាអែល​នឹង​ទៅកាន់​កន្លែង​ការបោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា​នេះ​ក្នុងការ​បោះឆ្នោត​លើក​ទី ២ នៅ​ឆ្នាំនេះ​បន្ទាប់ពី​លោក​ណេ​តាន់​យ៉ា​ហ៊ូបាន​បរាជ័យ​ក្នុងការ​បង្កើត​ក្រុម​គណបក្ស​ចម្រុះ​មួយ បន្ទាប់ពី​ការបោះឆ្នោត​ខែមេសា ដោយ​ញ៉ាំ​ឱ្យមាន​ការរំលាយ​សភា​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូ​បានធ្វើ​ការសន្យា​ប្រកបដោយ​មហិច្ឆតា​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​ទទួលបាន​ការគាំទ្រ​បន្ថែម រួមទាំង​ការសន្យា​កាត់​យក​ជ្រលង​ភ្នំ​ហ្ស៊​កដា​នី ដែលជា​តំបន់​មួយ​សូម្បី​ប្រជាជន​អ៊ីស្រាអែល​ធម្មតា​ក៏​ដឹងថា​ជា​តំបន់​យុទ្ធសាស្ត្រ ប៉ុន្តែ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​តំបន់​នេះ​ជា​កន្លែង​ផលិត​ស្បៀងអាហារ​ចាំបាច់​សម្រាប់​រដ្ឋ​នាពេល​អនាគត​ណាមួយ​៕ ដោយ៖ កញ្ញាដាលីស

លោ​កណេ​តាន់​យ៉ា​ហ៊ូ​សន្យា​ដាក់បញ្ចូល​ជា​ទឹកដី​របស់ខ្លួន​នូវ “​រាល់​ការតាំង​ទីលំនៅ​ទាំងអស់​” នៅក្នុង​តំបន់​វេស​ប៊ែ​ង ប្រសិនបើ​ជាប់ឆ្នោត