នៅលើ​ឆាក​អន្តរជាតិ​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ទីតាំង​ដ៏​រឹងមាំ​

876
ចែករម្លែក

វា​មិនមែនជា​រឿង​ថ្មី​ទេ ហើយក៏​មិន​ចម្លែក​ដែរ នៅពេលដែល លោក សម រង្ស៊ី តែងតែ​ញុះញង់ ឱ្យ​បរទេស​ដាក់ទណ្ឌកម្ម​ម​កលើ ប្រទេស​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ។ សម រង្ស៊ី ធ្លាប់​និយាយ ដោយ​មិន​ញញើត​មាត់​ថា​ខ្លួន​ចង់ឃើញ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម មកលើ​ប្រទេស​កម្ពុជា ។ ក្នុងពេលដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​ផ្នែក កិច្ចការ​ក្រៅប្រទេស​របស់​សហភាព​អឺរ៉ុប និង​អគ្គនាយកដ្ឋាន ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ធ្វើ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ ដែល គ្រោងឡើង​នៅ​ថ្ងៃទី ១៩-២០ ខែមីនា ដើម្បី​ពិនិត្យ​និង​តាមដាន សម្រាប់​នីតិ​វិធីដក EBA ពី​កម្ពុជា​នោះ ស្រាប់តែ សម រង្ស៊ី បាន សរសេរ​លិខិត​ទៅកាន់​លោកស្រី Federica Mogherini តំណាង ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការបរទេស ដោយ​ទាមទារ ឱ្យមាន​ការដោះលែង កឹម សុខា ការផ្តល់​សិទ្ធិ​នយោបាយ ឡើងវិញ​ដល់ អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ ការធ្វើឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ ការរៀបចំ​ឱ្យមាន​ការបោះ ឆ្នោត​ឡើងវិញ​ដែល​សុទ្ធសឹង​ជាការ​ទាមទារ​ដែល​ផ្ទុយ ពី​ច្បាប់​របស់ កម្ពុជា ជាការ​ទាមទារ​មានតម្លៃ​ស្មើនឹង​ការ​សុំឱ្យ​បរទេស​លូកដៃ​ជ្រៀត​ជ្រែកចូល កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទាំង​ងងឹតងងល់​បំផុត ។ នេះ​គឺជា​ចរិត និង​ជា​សារជាតិ​របស់​ពួកក្បត់​ជាតិ ។ នៅលើ​ទឹកដី​នៃ ព្រះរាជាណាចក្រ កម្ពុជា ពួកនេះ​គ្មាន​ទីតាំង​សម្រាប់​ឈរជើង​ទេ ។ នៅក្នុង​បេះដូង​របស់ ប្រជាជន​កម្ពុជា​គ្រប់រូប ពួកនេះ​គ្រាន់តែ​ជា​មេរោគ​ដ៏​ចង្រៃឧត្បាត ប៉ុណ្ណោះ ។​
​ ​
​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតចេញពី​ការបោះឆ្នោត ត្រឹមត្រូវ​តាមច្បាប់ តែង​ប្រកាន់ខ្ជាប់​នូវ​គោល នយោបាយ​ការបរទេស បង្កើន​មិត្ត​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស ទាំងអស់ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​ដោយ​ឈរលើ​មូលដ្ឋាន នៃ​ការរក្សា​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ ទៅមក ។ ផ្ទុយ​ពី​ពួកក្បត់​ជាតិ​មួយ​ក្តាប់​តូច​នេះ ដែល​តែង តែ​ដើរ​និយាយ​មួលបង្កាច់ និង​សម្អុយ កេរ្តិ៍ឈ្មោះ​កម្ពុជា សុំឱ្យ​បរទេស ផ្តាច់ជំនួយ​ពី​កម្ពុជា សុំឱ្យ​បរទេស​ដាក់​ការគាបសង្កត់​កម្ពុជា និង​បំផ្លិចបំផ្លាញ​រូបភាព​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ យ៉ាងខ្លាំង​នៅលើ​សមរភូមិ​ការទូត​ដើម្បី​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព កម្ពុជា​ឱ្យ​ស្មើមុខស្មើមាត់ ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ។
​ ​
​ជាក់ស្តែង ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយ​ពេលដែល រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​បានប្រសូត​ឡើង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បើក​យុទ្ធនាការ​លើ សមរភូមិ​ការទូត ដោយ​មិន​ត្រឹមតែ​ទទួលបាន​ជោគជ័យ​ក្នុងការ​លើកស្ទួយ​កិត្តិយស​កម្ពុជា​លើ​ឆាក អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​វាយ​សំពង យ៉ាងដំណំ​ទៅលើ​ឧបាយកល​ថោកទាប​របស់​ពពួក ជន​ក្បត់ជាតិ ដែល ប៉ុនប៉ង​អូសទាញ​សហគមន៍​អន្តរជាតិ​មិនឱ្យ​ទទួលស្គាល់​រដ្ឋាភិបាល​ស្របច្បាប់ នេះ​ទៀតផង ។ ដូច​យើង​បានឃើញ​ស្រាប់​ហើយ​ថា ក្រោយ ពេល​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​ផ្តល់​ការទុកចិត្ត​បន្ត តំណែង​ជា​នាយករដ្ឋមន្ត្រី ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​នានា​នៅលើ ពិភពលោក បាន​សម្តែង​ការអបអរ និង​កោតសរសើរ​ភាពឈ្លាសវៃ ក្នុងការ​ដឹកនាំ​របស់​សម្តេច ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​មានការ រីកចម្រើន ប្រកបដោយ​និរន្តរភាព និង​បាន​អះអាង​អំពី​ការ បន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​បន្តទៀត ។ ថ្ងៃទី​១០-១២ ខែកញ្ញា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី តាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ថ្ងៃទី ១២-១៣ ខែកញ្ញា បាន​អញ្ជើញ​ទៅកាន់​ទីក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ចូលរួម​វេទិកា សេដ្ឋកិច្ច ពិភពលោក​លើក​ទី​២៧ ស្តីពី​អាស៊ាន ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ “​អាស៊ាន ៤​ៈ​០​សៈហគ្រិនភាព និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤” ។ ថ្ងៃទី​៦-១០​ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី ១០ នៅ​ទីក្រុង​តូ​ក្យូ ដែល​នៅ​ទីនោះ​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ ច្បាស់​ណាស់​ថា កុំ​យក​អធិប តេ​យ្យ​ជាតិ​ទៅ​ដូរ​ជាមួយ​ជំនួយ កុំ​យក សន្តិភាព​របស់​ប្រទេស​ទៅ​ដូរ​ជាមួយ​ជំនួយ​។ “​យើង​ត្រូវ​ការពារជាតិ ការពារ​ឯករាជ្យ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវការពារ​ប្រជាជន កុំឱ្យ​ស្លាប់​សាជាថ្មី​” ។ ថ្ងៃទី​១១ ខែតុលា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា នៃ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ អាស៊ាន​, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ក្រោម ប្រធានបទ​“​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ តាមរយៈ​សកម្មភាព​ស​ហ​ប្រតិបត្តិការ តំបន់ និង​សកល​”​ដែល​ជំនួប​កំពូល​នេះ​ត្រូវបាន​ធ្វើឡើង នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ។ ថ្ងៃទី​១៨-១៩ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ចូលរួម “​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២”​ដែល​ប្រព្រឹត្តទៅ​នៅ​ទី ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ក្រោម​មូលបទ “​អឺរ៉ុប និង​អាស៊ីៈ ដៃគូ​សកល​សម្រាប់​បញ្ហា ប្រឈម​សកល​” ដែល​នៅ​ទីនោះ សម្តេច​តេ​ជោ​បាន​ថ្លែង​យ៉ាងច្បាស់​ថាៈ សម្តេច​មិន​ចង់ឃើញ ប្រទេស​ប្រជាធិបតេយ្យ ដែល​ប្រព្រឹត្ត​នូវ កំហុស​ជា​លើក​ទី​៣ ពោលគឺ​កំហុស​លើក​ទី​១ ប្រទេស ប្រជាធិបតេយ្យ នៅ​អឺរ៉ុប បាន​គាំទ្រ​នូវ​រដ្ឋប្រហារ​យោធា​ក្នុងប្រទេស​កម្ពុជា កាលពី​ទសវត្សរ៍​៧០ កំហុស​ទី​២ គាំទ្រ​ដល់​របប​ខ្មែរ ក្រហម​ជាង ១​ទសវត្សរ៍ ពិសេស​គាំទ្រ​ខ្មែរក្រហម​នៅ​អង្គការ​សហ ប្រជាជាតិ និង​កំហុស​ទី​៣ បើទោះបីជា​ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា​លើ​សេចក្តី ថ្លែងការណ៍ ឬ​ក្លាយទៅជា​ការពិត​នោះ វា​នឹង​ក្លាយទៅជា​កំហុស​ទី​៣​របស់​ប្រទេស​ប្រជាធិបតេយ្យ​នៅ​សហភាព អឺរ៉ុប​សម្រាប់​កម្ពុជា​”​។ អ្វីដែល​គួរឱ្យកត់សម្គាល់ គឺ​នៅក្នុង​ពិធី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល អាស៊ី​អឺរ៉ុប លើក​ទី​១២ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​អឺរ៉ុប​ទាំងអស់​បាន​ឯកភាពគ្នា​ក្នុងការ​ផ្តល់ ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាងមុខ​។ ថ្ងៃទី​២០-២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ តួ​ក​គី ។ ថ្ងៃទី​២២-២៤ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស នៅក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស (The 2018 World Investment Forum (WIF) ដែល​រៀបចំ​ដោយ UNCTAD ដែលមាន​ប្រមុខ​ដឹកនាំ និង​វិនិយោគិន ព្រមទាំង​តំណាង​ក្រុមហ៊ុន​ធំៗ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក ចូលរួម ជាង​៦.០០០​នាក់​។ ថ្ងៃទី​១៣-១៥ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​មួយចំនួនទៀត​នៅ​ប្រទេស​សិង្ហ​បុរី ដែល ធ្វើឡើង​ក្រោម​មូលបទ “​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​”​ព្រមទាំង​កិច្ចប្រជុំ​ផ្សេងៗ មួយចំនួនទៀត ។ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ បំពេញ ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ ប្រទេស​នេ​ប៉ាល់ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​ដល់​ថ្ងៃទី​២​ធ្នូ ឆ្នាំ​២០១៨ ។ ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ពីថ្ងៃ​ទី​៥-៦ ខែធ្នូ ដើម្បី​ពិភាក្សា និង​ដោះស្រាយ អំពី​បញ្ហា​ព្រំដែន និង​ទស្សនកិច្ច របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពីថ្ងៃ​ទី​៧-៨ ខែធ្នូ នៅ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម ។ ពីថ្ងៃ​ទី​២១-២៣ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ ។ ព្រម​ជាមួយគ្នានេះ ក៏មាន​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ជាន់ខ្ពស់ នៃ​បណ្តា​ប្រទេស​ជា​មិត្ត​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដូចជា ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម ង្វៀន ភូ​ជុង អគ្គលេខា​នៃ​គណៈកម្មាធិការ មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​និង​ជា​ប្រធាន​រដ្ឋ​នៃ សាធារណរដ្ឋ សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី​២៥-២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ដំណើរ ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម មូ​ន ជេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៤-១៦ ខែមីនា ដែល​នៅទីនេះ ក្រោយពី​បាន​ទៅ​ទស្សនា​អង្គរវត្ត​រួចមក ឯកឧត្តម មូ​ន ជេ​អ៊ី​ន បាន បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​ផុសចេញ​ពី​ក្រអៅបេះដូង​របស់លោក ពិតៗ​ថា “​ការ​ឈរ​នៅ​ចំពោះមុខ​ប្រាសាទអង្គរវត្ត អាចជា​ការគោរព​ដល់​ប្រជាជន​កម្ពុជា​កាន់តែ ជ្រាលជ្រៅ​បន្ថែមទៀត​…​។ អង្គរវត្ត គឺជា​អតីតកាល​របស់​ប្រទេស​កម្ពុជា​ហើយ​នៅពេល ជាមួយគ្នានេះ ប្រាសាទ​នេះ​ក៏​ជា​អនាគត​របស់​កម្ពុជា​ដែរ​…​។ ខ្ញុំ​ជឿជាក់ថា អព្ភូតហេតុ ដ៏​អស្ចារ្យ​នៃ​ទន្លេមេគង្គ​នឹង​ក្លាយជា​ការពិត​…” ។
​ ​
​សូម្បីតែ​ជនបរទេស ដែល​បាន​មកដល់​កម្ពុជា សុទ្ធតែ​បាន សម្តែង​ការរំភើប ស្ញប់ស្ញែង និង​មោទនភាព​ជាមួយ​ប្រជាជន​កម្ពុជា ដោយបាន​ឃើញ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា បានឃើញ ស្នាមញញឹម​ដ៏​ស្រស់ប្រិមប្រិយ​របស់​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​នៃ សុខសន្តិភាព ។ ចុះ​វា​ចម្លែក​អី​តែ​ពួក​ក្បត់ជាតិ សម រង្ស៊ី មើលឃើញ កម្ពុជា​តែ​ក្នុង​ផ្លូវ​ងងឹត​ហើយ​ចិញ្ចឹមចិត្ត​ចងគំនុំ តែ​ជាមួយ​ប្រជាជន កម្ពុជា និង​រក​គ្រប់​ឧបាយកល​បំផ្លាញ​កម្ពុជា​ទៅវិញ​? ៕​ ដោយ: លីទួង