នៅឯ​ការ​ទទួលទាន​អាហារ​ពេល​ល្ងាចរវាង​ត្រាំ​និង​គីម ប្រធានបទ​សំខាន់​គឺ​អាវុធ​នុយក្លេអ៊ែរ​

473
ចែករម្លែក
  • 10
    Shares

​លោក​ដូ​ណា​ល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​នឹង​ជួបគ្នា​នៅ​ថ្ងៃ​ពុធ​ទី ២៧ កុម្ភៈ​នៅ​ទីក្រុង​ហាណូយ​សម្រាប់​កាលបរិច្ឆេទ​លើក​ទី​២ នៅក្នុង​ភាពជា​មិត្ត​មិន​ទំនង​នេះ ដែល​ប្រធានាធិបតី​អាមេរិក​សង្ឃឹមថានឹង​ជំរុញ​មេដឹកនាំ​ផ្តាច់ការ​របស់​កូរ៉េខាងជើង​ឱ្យខិត​ទៅរក​កិច្ចព្រមព្រៀង​មួយ​អំពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់​។​

​លោក​ត្រាំ​បាន​មកដល់​វៀតណាម​កា​លពី​ល្ងាច​ថ្ងៃ​អង្គារ​តាម​យន្តហោះ Air Force One បន្ទាប់ពី​ហោះហើរ​ពាក់កណ្តាល​ពិភពលោក​ពី​ទីក្រុង​វ៉ាស៊ីនតោន ខណៈ​លោក​គីម​បាន​មកដល់​មុន បន្ទាប់ពី​ធ្វើដំណើរ​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​ពី​ក្រុង​ព្យុងយ៉ាង​តាមរយៈ​រថភ្លើង​។​

​នៅពេល​បញ្ចប់​ការធ្វើដំណើរ​ដ៏​ឆ្ងាយ​របស់ខ្លួន មេដឹកនាំ​ទាំងពីរ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ហ្វូងមនុស្ស​ដ៏​រំភើប​និង​អ្នកទស្សនា​ដែល​គ្រវីទង់ជាតិ​នៅ​ទូទាំង​រដ្ឋធានី​របស់​វៀ​ត​ណា​ម​។​

​ប៉ុន្តែ​កាលវិភាគ​ភាគច្រើន​របស់​មេដឹកនាំ​ទាំងពីរ​គឺ​ស្ថិតក្នុង​ភាពអាថ៌កំបាំង​ហើយ​កិច្ចប្រជុំ​កំពូល​នេះ​ត្រូវបាន​នាំមុខ​ដោយ​ការចរចា​បឋម​ធម្មតាៗ​តិចតួច​ប៉ុណ្ណោះ ជាមួយ​ការរៀបចំ​មួយចំនួន​នៅ​មិនទាន់​ធ្វើ​រួចរាល់​នៅឡើយ​ផង​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​អង្គារ​។​

​ដោយ​ចាប់ផ្តើម​ជាមួយនឹង​ការសន្ទនា​ខ្លី​បន្ទាប់ពី​អាហារ​ពេល​ល្ងាច​​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​នេះ ហើយ​បន្ទាប់មក​នឹងមាន​កិច្ចពិភាក្សា​ច្រើន​ថែមទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ លោក​ត្រាំ​និង​លោក​គីម​មានបំណង​ប្រើប្រាស់​សមិទ្ធផល​កិច្ចប្រជុំ​លើកដំបូង​របស់​ពួកគេ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ធ្វើជា​មូលដ្ឋានគ្រឹះ​។​

​មុននេះ​លោក​គីម​បានទទួល​ការស្វាគមន៍​ស្រដៀង​គ្នា​នេះ​ពី​អ្នកស្រុក​ដ៏​រំភើប​រីករាយ នៅពេល​លោក​បាន​ទៅដល់​ស្ថានទូត​កូរ៉េខាងជើង​នៅក្រោម​ការការពារ​សន្តិ​សុខ​យ៉ាង​ខ្លាំងក្លា​។​

​អ្នករស់នៅ​ទីក្រុង​ហាណូយ​ម្នាក់​ឈ្មោះ​ឡេ​ឌិ​ញ​ហ៊ុ​ង​ដែល​កាន់​រូបគំនូរ​លោក​ត្រាំ​និង​ចង់​ប្រគល់​រូបនេះ​ឱ្យ​ត្រាំ បាន​និយាយ​កោតសរសើរ​យ៉ាង​ដូច្នេះ​ថា “​លោក​ត្រាំ​គឺជា​បុគ្គល​ម្នាក់​ដែលមាន​ចរិតលក្ខណៈ​រឹងមាំ​។ ពាក្យសន្យា​របស់គាត់​តែងតែ​តាម​ពីក្រោយ​ដោយ​សកម្មភាព​ជាក់ស្តែង​”​។​

​ប្រធានាធិបតី​អាមេរិក ដែល​ទុក​មួយ​ឡែក​សិន​នូវ​ការព្រួយបារម្ភ​ផ្នែក​ច្បាប់​និង​នយោបាយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សង្ឃឹមថា​គាត់​អាច​ប្រើពាក្យ​ល្អៗ​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​នេះ​។​

​កាលពីមុន​ត្រាំ​ធ្លាប់​ចម្អក​ឱ្យ​លោក​គីម​ថា “​បុរស​រ៉ុក្កែត​” ហើយ​លោក​គីម​បាន​ឆ្លើយតប​វិញ​ដោយ​ហៅ​ត្រាំ​ថា​ជា “​មេដឹកនាំ​ល្ងង់​របស់​អាមេរិក​”​។ ឥឡូវនេះ ត្រាំ​និយាយ​អំពី “​ក្តី​ស្រឡាញ់​” រវាង​ពួកគេ​។​

​ហើយ​នៅមុន​ពេល​ឈានដល់​កិច្ចប្រជុំ​កំពូល​នេះ លោក​ត្រាំ​បាន​លើកឡើងថា ប្រសិនបើ​កូរ៉េខាងជើង​បោះបង់​អាវុធ​របស់ខ្លួន​ចោល ប្រទេស​នេះ​អាច​នឹង​ផ្លាស់ប្តូរ​ពី​រដ្ឋ​ឱ​កោ​ទៅជា​ខ្លា​សេដ្ឋកិច្ច​អាស៊ី​ដូច​វៀតណាម ដែលជា​ប្រទេស​កុម្មុយនីស្ត​ដែល​ព្រម​ទទួលយក​មូលធននិយម និង កប់​ចោលការ​ប្រឈមមុខ​ជាមួយ​សហរដ្ឋអាមេរិក​។​

​ប៉ុន្តែ​កូរ៉េខាងជើង​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​មានលទ្ធភាព​វិនិយោគ​តិច​បំផុត​នៅលើ​ពិភពលោក​ដោយ​ក្រុមហ៊ុន​វាយតម្លៃ​ហានិភ័យ​សកល Verisk Maplecroft ។​

​លោក​ត្រាំ​បាន​និយាយ​លើ Twitter ថា “​ជាមួយ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ កូរ៉េខាងជើង​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​។ បើ​គ្មាន​ការរំសាយ​អាវុធ​នេះ​ទេ ប្រទេស​នេះ​បានត្រឹមតែ​នៅក្នុង​ស្ថានភាព​ដដែល​”៕ ដោយ៖ កញ្ញាដាលីស

គីម ជុង​អ៊ុន និង​ដូ​ណា​ល់ ត្រាំ​មកដល់​ហាណូយ​កាលពី​ថ្ងៃទី​២៦​កុម្ភៈ