នៅ​កម្ពុជា​ស្ទើរតែ​គ្មាន​អ្នក​អត់​ការងារ​ធ្វើ​ខណៈ​លោក​រដ្ឋមន្ត្រី​អះអាងថា​អត្រា​មានការ​ងារ​ធ្វើ​នៅ​កម្ពុជា​កើន​ដល់​៩៩,៣​ភាគរយ​

1222

(​ភ្នំពេញ​) ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​កាលពីពេល​ថ្មីៗ​ថា​បច្ចុប្បន្ននេះ​អត្រា​ការងារ​​ធ្វើ​នៅ​ប្រទេស​កម្ពុ​ជាមាន​រហូតដល់​ទៅ​៩៩,៣​ភាគរយ​ដែលជា​អត្រា​មួយ​ខ្ពស់​ដោយសារ​កំណើនសេដ្ឋកិច្ច​កើន​ដល់​៧​ភាគរយ​ដែល​បាន​​ផ្តល់ឱកាស​ដល់​ការវិនិយោគ បង្កើត​រោងចក្រ សេវាកម្ម​ថ្មីៗ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ការដឹកជញ្ជូន​ផ្សេង​ដល់​កម្លាំង​ពលកម្ម​ថ្មី​ចំនួន​៣០​ម៉ឺន​នាក់ បាន​ចូលក្នុង​ទីផ្សារការងារ​ក្នុង​មួយឆ្នាំៗ​។​

ការងារមានច្រើន តែប្រាក់ឈ្នួលនៅមានកំរិត

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ចំណែក​ប្រជាពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ​០,៧​ភាគរយ​ដោយសារតែ​ពួកគេ​ខ្វះ​ចំណេះ​ជំនាញ​មិនទាន់​ទទួល​​បាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ទីផ្សារការងារ​និង​មាន​ពលរដ្ឋ​ខ្លះ​មិន​ចង់​ធ្វើការ​តែម្តង​ដោយ​ពឹង​ផ្អែកទៅលើ​ក្រុមគ្រួសារ​។​
​ ​
​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ទីផ្សារការងារ​ច្រើនជាងគេ​រួមមាន​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង ផ្នែក​ផលិត​សម្ភារៈ​ធ្វើដំណើរ គ្រឿង​បន្សំ​ផ្នែក​អេ​ឡេច​ត្រូ​និ​ច ការ​ផ្គុំ​អេ​ឡេច​ត្រូ​និ​ច​ដូចជា​ទូរស័ព្ទ ម៉ូ​ទ័​រ និង​គ្រឿង​អេ​ឡេច​ត្រូ​និ​ច​ផ្នែក​រថយន្ត​ផ្នែក​ឧស្សាហកម្ម​​មាន​ជំនាញ​ខ្ពស់ ផ្នែក​សំណង់ កសិកម្ម និង​កសិឧស្សាហកម្ម​។​
​ ​
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ដើម្បី​ជួយ​ដោះស្រាយ​ការងារ មុខរបរ និង​ការគ្រប់គ្រង​ការងារ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​វិជ្ជាជីវៈ​ថ្មីៗ​និង​ប្រមូល​ព័ត៌មាន​ទីផ្សារ​តាម​ស្ថាប័ន​ទាំងអស់​យកមក​ចងក្រង​​ជាទី​ផ្សារ​រួម​នឹង​ច្បាស់លាស់​ជួន​ប្រជាពលរដ្ឋ​ពិសេស​យុវជន​យុវនារី​ដែល​ត្រូវការ​ឱកាស​ការងារ​ថ្មីៗ​របស់ខ្លួន​។​
​ ​
​ការបញ្ជាក់​របស់លោក​អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គឺ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​​លើក​ទី​២​របស់​គណៈកម្មការ​អន្តរក្រសួង សម្រាប់​ដឹកនាំ​ត្រួតពិនិត្យ​និង​វាយតម្លៃ​លើ​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​នៅ​សណ្ឋាគារ​អាំង​ទ័​រ​កុង​ទី​ណុង​តា​ល់ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា​។​

​ទោះជា​លោក​រដ្ឋមន្ត្រី​អះអាង​គួរអោយ​សុទិដ្ឋិនិយម​ដូចនេះ តែ​ជាក់ស្តែង​ពលរដ្ឋ​កម្ពុជា​បង្ខំចិត្ត​ចេញទៅ​ធ្វើការ​នៅក្រៅ​ស្រុក​ច្រើនណាស់ ខ្ទង់លាន​នាក់​(​ថៃ​១,៥​លាន​នាក់​)​នេះ​ក៏​ដោយសារតែ​ការងារ​ក្នុងស្រុក​មាន​ច្រើនតែ​ថ្លៃឈ្នួល​នៅ​ទាប​ធៀប​នឹង​ប្រទេសជិតខាង​ខ្លះ ដែល​មិនអាច​យកប្រាក់​ឈ្នួល​មក​ទូទាត់​ការចំណាយ​អោយបាន​សមរម្យ​៕ដោយ៖វិបុល