រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះបង្ហាញពីផ្ទៃខាងក្នុងដ៏ប្រណីតរបស់យន្តហោះ Boeing 787-10 Dreamliner ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines)។
ក្រុមហ៊ុនអាកាសចរណ៍នេះគឺជាក្រុមហ៊ុនដំបូងគេដែលទទួលយកយន្តហោះម៉ូដែលថ្មីបំផុតរបស់ក្រុមហ៊ុន Boeing ដែលប្រើប្រេងឥន្ធនៈតិចជាងមុន ២៥ ភាគរយក្នុងមួយជើង បើប្រៀបធៀបទៅនឹងយន្តហោះដែលមានទំហំស្រដៀងគ្នា។
រូបថតផ្ទៃខាងក្នុងយន្តហោះនេះបានបង្ហាញជាន់សម្រាប់លំដាប់អ្នកជំនួញ មានកៅអីអាចទម្រេតបានចំនួន ៣៦ ដែលបំពាក់សុទ្ធតែវត្ថុធាតុប្រណីតហៅថា Alcantara ដែលជាទូទៅគេប្រើដើម្បីតុបតែងនាវាកម្សាន្តប្រណីតៗ និងរថយន្តស្ព័រទំនើបៗ។
កៅអីលំដាប់ថ្នាក់ពិសេសនេះក៏មានអេក្រង់ ១៨ អ៊ីញប្រភេទ Touchscreen ផងដែរ ដូច្នេះភ្ញៀវអាចទទួលបានបទពិសោធទស្សនាភាពយន្តបានពេញភ្នែកល្អណាស់។
ជាន់សម្រាប់លំដាប់អ្នកជំនួញនៅលើយន្តហោះ Dreamliner នេះ មានបង្អួចធំបំផុតមិនធ្លាប់មាននោះឡើយលើយន្តហោះដទៃ។ នៅជាន់សម្រាប់លំដាប់ធម្មតា ក៏មានបង្អួចធំដូចគ្នា។
អ្នកដំណើរអាចធ្វើឱ្យបង្អួចស្រអាប់បានដោយគ្រាន់តែចុចប៊ូតុងលើអេក្រង់តែប៉ុណ្ណោះ។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីត្រូវបានជ្រើសរើសជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោកនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ TripAdvisor ក្នុងឆ្នាំនេះ ហើយយន្តហោះ 787-10 ថ្មីនេះសន្យាថានឹងបង្កើនការប្រឹងប្រែងឱ្យរឹតតែពិសេសលើសមុនទៅទៀត៕ ដោយ៖ កញ្ញាដាលីស