នៅ​ខែសីហា កងកម្លាំង​នឹង​ត្រួតពិនិត្យ​អាវុធ​ក្នុង​ឃ្លាំង ក្នុង​ដៃ​, កងទ័ព​ប្តូរ​ពី​ហៅ​ទិស​សមរភូមិ​មកជា​ប្រចាំការ​តំបន់​វិញ​

1207
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍ ប៊ុន សេង ប្រគល់​សេចក្តី​ចាត់តាំង​ដល់​លោក​សុខ គឹម​សឿន ជា​អនុប្រធាន​ប្រចាំ​តំបន់​ទី​១ ខេត្តបន្ទាយមានជ័យ​នៃ​យោធភូមិភាគ​ទី​៥ (​រូប​:​ភ្នំ​ស្វាយ​)

បន្ទាយមានជ័យ​៖ មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ថ្លែងថា នៅ​ខែសីហា​ឬ​ខែ​ក្រោយនេះ កងកម្លាំង​នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​អាវុធ​ក្នុង​ឃ្លាំង អាវុធ​ក្នុង​ដៃ នៃ​កងឯកភាព​កងកម្លាំង​ហើយ ដើម្បី​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​គ្រប់​គ្រង់​។ ហើយ​សភាពការណ៍​ក្នុង​សន្តិភាព​នេះ កងទ័ព​ត្រូវ​ប្តូរ​ពី​ហៅថា “​ទិស​សមរភូមិ​” មកជា “​ប្រចាំការ​តំបន់​” វិញ ពោលគឺ​ប្តូរ​តួនាទី​ហៅថា “​មេបញ្ជាការ​” មកជា​ហៅថា “​ប្រធាន​” វិញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង រង​បញ្ជាការ​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធា​ភូមិភាគ​ទី​៥ ថ្លែង​ដូច្នោះ ក្នុង​ពិធី​ប្រកាស​ប្រគល់​តួនាទី ភារកិច្ច ជូន​នាយទាហាន នៅ​ទីបញ្ជាការ​មុខ យោធភូមិភាគ​ទី​៥​តំបន់​១ ខេត្តបន្ទាយមានជ័យ នា​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅ​ទីបញ្ជាការ​ភូមិភាគ​ទី​៥ ទិស​ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទៅ អ៊ី​ន សុខា​វុ​ឌ្ឍី ប្រធាន​ប្រចាំការ​តំបន់​ទី​១ ខេត្តបន្ទាយមានជ័យ នៃ​យោធា​ភូមិភាគ​ទី​៥ និយាយថា កងកម្លាំង​តំបន់​បាន​ចូលរួម​បំពេញ​តួនាទី ភារកិច្ច​ជំនាញ តាម​ការដាក់​បញ្ជា​ពី​ថ្នាក់លើ​តាម​ឋានានុក្រម​បាន​លទ្ធផល​ល្អ​។​

​ចំពោះ​សភាពការណ៍​ព្រំដែន​ដែល​រក្សាបាន​សុខសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព និង​អភិវឌ្ឍន៍​ក៏ដោយ ក៏​លោក​និយាយថា បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បិទ​ច្រករបៀង​ទាំងអស់ នៅ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ផងដែរ​នោះ គឺ​នៅតែ​ជា​ធរមាន គឺ​បិទ​ដដែល​ព្រោះ​បញ្ជៀ​ស​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី បិ​ន សារ៉ន នាយការិយាល័យ​បុគ្គលិក​ភូមិភាគ​ទី​៥ បាន​អាន​សេចក្តីសម្រេច​តែងតាំង ប្រគល់​ភារកិច្ច​ជូន​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ គឹម​សឿន នាយរង​សេនាធិការ​យោធភូមិភាគ​ទី​៥ ឥឡូវ​ជា​អនុប្រធាន​ប្រចាំការ​តំបន់​ទី​១ ខេត្តបន្ទាយមានជ័យ​។​

​អនុប្រធាន​ប្រចាំការ​តំបន់​១ ខេត្តបន្ទាយមានជ័យ​ឧ​ត្ត​ម​សេនីយ៍ សុខ គឹម​សឿន រូបនេះ បាន​ប្តេជ្ញាចិត្ត​ខិតខំ​បំពេញការងារ​ថ្មី​នេះ អោយបាន​លទ្ធផល មាន​ប្រសិទ្ធិភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និយាយថា ឯកឧត្តម​សង្ឃឹម និង​សូម​ជូនពរ​ដល់​នាយទាហាន​ជា​ប្រធាន អនុប្រធាន​ចាស់ និង​ថែម​ថ្មី​ឲ្យ​បាន​ជោគជ័យ ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​។​

​អំពី​សន្តិសុខ អាជីវកម្ម​និង​ជីវភាព​តាម​បណ្តោយ​ព្រំដែន ឯកឧត្តម​និយាយថា : ច្រករបៀង​ត្រូ​ប​កងកម្លាំង​និង​អាជ្ញាធរ​តាម​ព្រំដែន​បិទ​ដដែល​មែន ក៏ប៉ុន្តែ​យើង​ត្រូវ​រកគ​ន្លឺះ វិធី​ណា​ដើម្បី​ធ្វើអោយ​ស្របច្បាប់ ធានា​សុវត្ថិភាព ជីវភាព​របស់​ពលក​រ​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​តំបន់​ព្រំដែន នៃ​ទឹកដី​ថៃ​ក្នុង​រូបភាព​ទៅ​ព្រឹក​វិល​ល្ងាច ដែល​ធ្វើការ​តាម​រដូវ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការ​ង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធា​ភូមិភាគ​ទី​៥ បាន​អបអរសាទរ​នាយទាហាន ដែល​ទទួល​រួមចំណែក​ពង្រឹង​កិច្ចការពារ​បូរណភាព​ទឹកដី ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ មិត្តភាព អភិវឌ្ឍន៍​ជាមួយ​កងកម្លាំង មន្ត្រីរាជការ​ស៊ីវិល និង​ពលរដ្ឋ នៃ​ប្រទេសជិតខាង និង​ត្រូវ​ចូលរួម​ពង្រឹង​សន្តិភាព សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ កសាង​ភូមិ​ឃុំ មាន​សុ​វត្តិភាព​នៅ​ផ្ទៃក្នុង​ភូមិសាស្ត្រ​។​

​លោក​មេបញ្ជាការ​ក៏​ថ្លែងអំណរគុណ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង មន្ត្រី​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ ដែល​សម្រេចបាន​ស្នាដៃ និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។ លោក​ក៏​ថ្លែង​អំណ​គុណ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត​, លោក​ឧ​ត្ត​ម​សេនីយ៍ ផាន់ សាម​ន្ថា​, លោក សួន បវរ និង​មន្ត្រី​សប្បុរសជន​ជាច្រើន​ទៀត ដែល​បាន​ជួយ​កសាង​អគារ និង​សមិទ្ធផល​នានា ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ ប្រចាំ​តំបន់​១ ខេត្តបន្ទាយមានជ័យ​ផងដែរ​។​

​លោក​ថ្លែង​ដែរ​ថា មាន​បទល្មើស​៣​ដែល​រសើប​ខ្លាំង ដែល​កងកម្លាំង​ត្រូវ​ពង្រឹង​ការទទួលខុសត្រូវ​រួមមាន​: បទល្មើស​រត់ពន្ធ​អាវុធ​នៅ​ថៃ ហើយ​ជនល្មើស​ឆ្លើយ​ដាក់ថា នាំ​ចេញពី​ប្រទេស​កម្ពុជា ដូចជា​ករណី​នៅ​ខេត្ត​ត្រាត​ឈម​នឹង​ភូមិភាគ​ទី​៣ កាលពី​ចុងខែ​មិថុនា និង​ករណី​កាលពី​ទៀបភ្លឺ​ថ្ងៃទី​១៨​កក្កដា ២១០៧ ដែល​តម្រួត​ថៃ​ចាប់ខ្លួន​ជនល្មើស​ជនជាតិ​ថៃ​៥​នាក់ និង​រឹបអូស​រថយន្ត​ម៉ាក​តូយ៉ូតា​រត់​ទូ​២​គ្រឿង​, តូយ៉ូតា​វី​យ៉ូ​ស​១​គ្រឿង និង​វត្ថុតាង​អាវុធ​ធុន​ធ្ងន់ កាំភ្លើង​ផ្លោង​ធុន ៨២ មី​ល្លី​ម៉ែត្រ ចំនួន​២​ដើម​, កាំភ្លើង​ផ្លោង​ធុន​៨១ មី​ល្លី​ម៉ែត្រ​ចំនួន​១​ដើម​, គ្រាប់ផ្លោង​ធុន​៨២ មី​ល្លី​ម៉ែត្រ​ចំនួន ៣ គ្រាប់​, គ្រាប់​រ៉ុ​ក​កែ​ត​ដុត​ឈ្នួន​ចំនួន ៣​ឈុត និង​ទូរស័ព្ទដៃ ចំនួន ៦​គ្រឿង​។​

​ជនល្មើស​បាន​សារភាព ដោយ​ឆ្លើយ​ដាក់ថា ករណី​អាវុធ​ទាំងនោះ បាន​នាំ​ចេញពី​ប្រទេស​កម្ពុជា​តាម​ព្រំដែន ក្នុង​ខេត្តបន្ទាយមានជ័យ ឬ​ខេត្ត​ផ្សេងទៀត រួច​នាំ​កាត់​ថៃ​ទៅ​ប្រទេស​ភូមា និង​ហ្វីលីពីន​។​

​ប៉ុន្តែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បដិសេធ ដោយ​និ​យា​យា​ថា អាវុធ យុទ្ធ​ភ័ណ​ណាមួយ​បាត់​ពី​ដៃ​ង​កម្លាំង ឬក៏​បាត់​ពី​ក្នុង​ឃ្លាំង​អាវុធ នៃ​បន្ទាយ​យោធា (​កម្ពុជា​)​នោះឡើយ​។ ដូច្នេះ គ្មាន​អាវុធ​រត់ពន្ធ​ចេញពី​ព្រំដែន​កម្ពុជា​ផងដែរ​។​

​ទោះយ៉ាងណា គេ​នៅ​ពុំទាន់​ឃើញ​ខាង​នគរបាលជាតិ​ថ្លែងការណ៍​នៅឡើយ​។​

​ប៉ុន្តែ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាល​អញ្ជើញ​ប្រកាស​ចូល​តំណែង​អភិបាល​ខេត្តកោះកុង នា​ដើមខែ​នេះ បាន​បញ្ជា​ឲ្យ​នគរបាល​ស៊ើបអង្កេត ស្រាវជ្រាវ​ដល់​ឫសគល់​រឿងអាស្រូវ ដែល​ខាង​ថៃ​ចោទប្រកាន់ថា មានការ​រត់ពន្ធ​អាវុធ​ពី​កម្ពុជា​នេះ ហើយ​ក្នុងនោះ មាន​នាយរង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ ច្រកព្រំដែន​ចាំ​យាម​ខេត្តកោះកុង​ម្នាក់ ត្រូវ​ថៃ​ចាប់ខ្លួន​ជាមួយ​នាយទាហាន​ទ័ពអាកាស​ថៃ​ម្នាក់​ផងដែរ​នោះ​។​

​ជុំវិញ​ករណី ជនល្មើស​ថៃ​សារភាពថា ការរត់ពន្ធ​អាវុធ​ធុន​ធ្ងន់​ដែល​តម្រួត​ថៃ​ចាប់បាន​នៅ​ស្រុក​វ​ឌ្ឍ​នា​នគរ ខេត្ត​ស្រះកែវ កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៨​កក្កដា លោក​ឧ​ត្ត​ម​សេនីយ៍ ប៊ុន សេង និយាយថា ភាគី​ផ្តល់ព័ត៌មាន ផ្តល់​លេខ​ទូរស័ព្ទ និង​រូបថត​ជនជាតិ​កម្ពុជា ដែល​ពាក់ព័ន្ធ​ការចោទប្រកាន់​នោះ មក​យើង​ហើយៗ កងកម្លាំង​ក៏​កំពុងធ្វើការ​ដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ក៏​ក្រើនរំលឹក​កម្លាំង​ដែរ​ថា បទល្មើស​ដែល​រសើប​ខ្លាំង​២​ទៀត ដែល​បាននិងកំពុង​នៅតែមាន​សកម្មភាព គឺ​រត់ពន្ធ​ឡាន​សេរី​ទំនើប​ចង្កូត​ស្តាំ និង​ឈើ​គ្រញូង​ពី​ព្រំដែន​ថៃ​មក​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ភូមិភាគ​៥ ត្រូវតែ​ស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាប​អោយបាន និង​បញ្ចប់ជីវិត​អំពើ​នេះ​៕ ដោយ៖ ភ្នំស្វាយ