នៅ​ចំពោះមុខ​វៀតណាម ​អូស្ត្រាលី​ជំរុញ​ការពារ​”​អធិបតេយ្យភាព​” ស្រប​ពេល​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង

237
ចែករម្លែក

​អស់​ពី​ជម្លោះ​ការទូត បច្ចេកវិទ្យា​និង​ពាណិជ្ជកម្ម ឥឡូវ​ដល់​ទឹកដី​ថែម​ទៀត​។ នៅ​ថ្ងៃ​សុក្រ​ទី​២៣​ខែសីហា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​ជំរុញ​ប្រទេស​ទាំងឡាយ​នៅ​អាស៊ី​ឲ្យ​ក្រោកឈរ​​ឡើង​ដើម្បី​ការពារ​” ឯករាជ្យភាព​និង​អធិបតេយ្យភាព​របស់​ពួកគេ​” ខណៈ​ដែល​មាន​ភាព​តានតឹង​ខ្លាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​កំពុងស្ថិត​នៅ​ក្រោម​ការ​រិះគន់​ចំពោះ​អ្វី​ដែល​ពួកគេ​ថា​ឥរិយាបទ​វាតទី​ខ្លាំង​ឡើង​។​

​ការអត្ថាធិប្បាយ​របស់ លោក ស្កត់ ម័រ​រី​សុន (Scott Morrison)​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​នេះ​ធ្វើឡើង​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​បាន​ស្តីបន្ទោស​ចិន​ចំពោះ​ការកើនឡើង​នៃ​ការ​​វាតទី​និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​សមុទ្រ​ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ពិភពលោក​ដ៏​សំខាន់​នេះ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវបាន​ចោទប្រកាន់ថា​បាន​ដាក់ពង្រាយ​នាវាចម្បាំង បង្កើត​​ទីតាំង​យោធា និង​បើក​នាវា​បំបុកទូក​នេសាទ​ជាច្រើ​ន​។​

​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាងថា បណ្តា​ទីតាំង​និង​ដែល​ទឹក​ដែល​គេ​ចោទប្រកាន់​នោះ​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន ដូច្នេះ​ខ្លួន​មាន​សិទ្ធិ​គ្រប់​​យ៉ាង​មិន​ថា វា​ជា​សកម្មភាព​ស៊ីវិល​ឬ​យោធា​ទេ​។​

​លោក ស្កត់ ម័រ​រី​សុន បាន​និយាយ​ដូចនេះ នៅពេល​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​ដែល​ជា​អ្នក​រិះគន់​ខ្លាំងក្លា​ជាងគេ​មួយ​ក្នុងចំណោម​ប្រទេស​អ្នក​រិះគន់​ខ្លាំងៗ​ប្រឆាំង​ចិន​​ជុំវិញ​ការទាមទារ​សិទ្ធិ​កាន់កាប់​ប្រជែង​គ្នា​នៅ​សមុទ្រ​ដែល​សម្បូរ​ធនធាន​នេះ​។​

​នាវា​រុករក​និង​ស្រាវជ្រាវ​មួយ​របស់​ចិន​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ​ចាប់តាំងពី​ដើម​ខែ​កក្កដា​ដោយ​បើក​កាត់​ដែនទឹក​នៅ​ជិត​កោះ​ស្ព្រ៉ា​ត​លី ដែល​វៀតណាម​បាន​កំពុង​​មាន​គម្រោង​រុករក​ប្រេង​និង​ឧស្ម័ន​និង​ចាត់ទុក​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន​។​

​នាវា​នោះ​បាន​ចាក​ចេញ​ក្នុង​រយៈពេល​ខ្លី​នៅ​ក្នុង​ខែ​នេះ ហើយ​បន្ទាប់មក​បាន​វិលត្រឡប់​មក​វិញ​ដែលនាំឱ្យ​មាន​ការអំពាវនាវ​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ​ឱ្យ​នាវា​នេះ​ចាកចេញ​ពី​តំ​​បន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន​។​

​ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ប្រទេស​ចិន និង​និយាយ​ប្រកាន់​ជំហរ​រាង​កណ្តាល​នោះ លោក ស្កត់ ម័រ​រី​សុន បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អូស្ត្រាលី​គាំទ្រ​” គោលការណ៍​នៃ​ច្បាប់​អន្ដរ​​ជាតិ​” ។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​លោក​ថា​”​វា​ត្រូវ​មាន​ការធានា​ថា ប្រជាជាតិ​នីមួយៗ​នៅក្នុង​តំបន់​អាច​មាន​ទំនុកចិត្ត​លើ​​ឯករាជ្យភាព​និង​អធិបតេយ្យភាព​របស់​ខ្លួន​”​។​

​ប៉ុន្តែ កាលពី​ពេលមុន​នេះ លោក ស្កត់ ម័រ​រី​សុន បានបញ្ជាក់​ថា​តំបន់​ប៉ាស៊ីហ្វិក​ជា​តំបន់​មួយ​ប្រជុំ​ដោយ​រដ្ឋ​ឯករាជ្យ ដែល​ប្រឆាំង​នឹង​ការ​ការប្រើ​កម្លាំង​សម្លុត​គំរាម ។​ការលើកឡើង​​បែបនេះ ត្រូវបាន​គេ​មើលឃើញថា​ជា​ការនិយាយ​តម្រង់​ទៅ​ចិន​។​

​ចំណែក​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀន សួន​ហ្វ៊ុក បាន​និយាយថា លោក​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ដំណើរ​វិវត្តន៍​សភាពការណ៍​ថ្មីៗ​នៅ​សមុទ្រ​ចិន​ខា​ត្បូង ដោយ​បាន​ទទូច​​អោយ​ប្រទេស​ជិតខាង​កុំ​ប្រើ​កម្លាំង​។​

​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា ការបញ្ជូន​នាវា​ស្រាវជ្រាវ​របស់​ចិន​ន​ចូល​ក្នុង​ដែនទឹក​ដែល​អះអាង​ដោយ​វៀតណាម ជា​ការបង្កើន​ភាព​តានតឹង​បង្កឡើង​ដោយ​រដ្ឋា​​ភិបាល​ក្រុង​ប៉េកាំង​ក្នុង​កិច្ចខិតខំ​របស់ខ្លួន​ដើម្បី​បំភិតបំភ័យ​អ្នកអះអាង​កម្មសិទ្ធិ​ផ្សេង​នៅក្នុង​សមុទ្រ​នេះ​៕​ដោយៈ​សុខា​/វាសនា

លោក ស្កត់ ម័រ​រី​សុន ស្ថិត​នៅ​ជាមួយ​នឹង​សម​ភាគី​វៀតណាម​របស់​លោក​គឺ​លោក​ង្វៀន សួន​ហ្វ៊ុក នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​

#