នៅ​ថៃ សម្តេច​ប៉ាប អំពាវនាវ​អោយ​គោរព​ស្រីពេស្យា​និង​ជនរងគ្រោះ​ពី​ការជួញដូរ​

564
ចែករម្លែក

​សម្តេច​ប៉ាប ហ្វ្រង់​ស៊ីស (Pope Francis)​បាន​អំពាវនាវ​អោយមាន​ការគោរព​ចំពោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ​និង​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស នៅពេល​ព្រះអង្គ​ដឹកនាំ​អ្នក​គោរព​ប្រតិ​​បត្តិ​សាសនា​គ្រិស្ត​រាប់​ម៉ឺន​នាក់​ធ្វើការ​បន់ស្រន់​ក្នុងអំឡុងពេល​យាង​ទស្សនកិច្ច​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​វិច្ឆិកា​។​

​ប្រមុខ​សាសនា​គ្រិស្ត​ព្រះជន្ម​៨២​វស្សា​អង្គ​នេះ បាន​មាន​សង្ឃដីកា​នៅឯ​ការជួបជុំ​គ្រិស្តបរិស័ទ​ប្រមាណ​៦០.០០០​នាក់​នៅ​កីឡាដ្ឋាន​មួយ​ក្នុង​រដ្ឋធានី​បាងកក​កាលពី​យប់​ថ្ងៃ​២១​វិច្ឆិកា​​បន្ទាប់ពី​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ និង​ព្រះសង្ឃរាជ​ពុទ្ធ​សាសនា​។​

​ល្បី​ខាង​មិន​ងាក​ចេញពី​ប្រធានបទ​លំបាកៗ សម្តេច​ហ្វ្រង់​ស៊ីស ក៏​បាន​និយាយ​ដល់ អ្នក​ញៀន​ថ្នាំ ជន​ត្រូវគេ​កេងប្រវ័ញ្ច​និង​អ្នកសុំទាន​ដែល​មិន​ត្រូវ​បាន​អើពើ​។​ព្រះ​អង្គ​មាន​សង្ឃ​​ដីកា​ថា​« ពួកគេ​ទាំងអស់​ជា​ផ្នែក​នៃ​គ្រួសារ​យើង​។​ពួកគេ​ជា​ម្តាយ ជា​បងប្អូន​ប្រុស​ស្រី​របស់​យើង​។​សហគមន៍​របស់​យើង​មិន​ត្រូវ​មើលរំលង​មុខមាត់ ស្នាម​របួស​និង​ភាព​ញញឹម​​និង​ការរស់នៅ​របស់​គេ​ទេ​»​។​

​ការលើកឡើង​នេះ​កើត​ឡើង​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​យាង​ទស្សន​ថ្ងៃទី​១​នៃ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ព្រះអង្គ​នៅ​ប្រទេស​ថៃ​ដែល​មាន​អ្នក​កាន់​សាសនាព្រះពុទ្ធ​ភាគច្រើន​លើសលប់​។​នៅ​ថ្ងៃ​សៅរ៍ ព្រះអង្គ​យាង​ទៅ​ទីតាំង​រង​ការទម្លាក់​គ្រាប់បែក​បរមាណូ នៅ​ក្រុង​ណាហ្កា​សាគី និង ហ៊ី​រ៉ូស៊ី​ម៉ា​ប្រទេស​ជប៉ុន​ដែល​នៅ​ទីនោះ​ព្រះអង្គ​នឹង​សុំ​អោយ​ហាមឃាត់​​ការប្រើ​សព្វាវុធ​នុយគ្លេអ៊ែ​រ​។​

​សូមបញ្ជាក់​ថា ពេស្យាចារ្យ​ខុស​ច្បាប់​នៅ​ថៃ តែ​ថៃ​អាច​ចាត់ទុកថា​ជា​ប្រទេស​មាន​ស្ត្រី​ប្រភេទ​នេះ​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍ គឺ​យ៉ាងហោច​ណាស់​មាន ៣​សែន​នាក់ និង​ប្រមាណ​៤​ភាគរយ​ក្នុងចំណោម​ពួកគេ ត្រូវ​គេ​ជឿ​ថា ជា​ជនរងគ្រោះ​ពី​ការជួញដូរ​។​

​សម្តេច​ហ្វ្រង់​ស៊ីស ក្នុង​សុន្ទរកថា​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​២១​វិច្ឆិកា បាន​អំពាវនាវ​អោយ​មាន​ការ​គាំពារ​កុមារ​និង​ស្ត្រី​ខ្លាំង​ឡើង​ទល់​នឹង​ពួក​ជួញដូរ​មនុស្ស​​សម្រាប់​អាជីវកម្ម​ផ្លូវភេទ​។​

​ស្ត្រី​ជា​ច្រើន​ត្រូវបាន​ទាក់ទាញ​អោយ​ចូល​ក្នុង​មុខរបរ​នេះ​ពីព្រោះ​វា​អាច​រក​ចំណូល​លើស​ប្រាក់​កំរៃ​ឈ្នួល​អប្បរមាដ​ល់​ទៅ​១០​ដង ហើយ​អ្នក​រិះគន់​និយាយ​ថា​អាជ្ញាធរ​ថៃ​ពុករលួយ​​មួយចំនួន​បិទ​ភ្នែក​ធ្វើជា​មិនឃើញ​មុខរបរ​ដ៏​រីកសាយ​នេះ​៕​ដោយ​៖​វាសនា​

សម្តេច​ប៉ាប ជួប​នាយករដ្ឋមន្ត្រី​ថៃ​និង​សម្តេច​សង្ឃរាជ​ថៃ ក្នុង​ដំណើរ​យាង​មក​ប្រទេស​ថៃ​លើក​ដំបូង​កាលពី​ថ្ងៃ​២១​វិច្ឆិកា​