នៅ​ថ្ងៃទី​៩ មេសា រដ្ឋសភា​បោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា​ចំនួន​០២​រូប

984
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ថ្ងៃទី​៩ ខែមេសា ខាងមុខនេះ រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១០ នីតិកាល​ទី​៥ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ចំនួន​០២​រូប រួមទាំង​របៀបវារៈ​មួយចំនួនទៀត​។ ការកំណត់​ថ្ងៃ​ប្រជុំ​នេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​ប្រជុំ​សម្រេច​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ និង​ធ្វើ​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ មាន​របៀបវារៈ​ចំនួន​៤ រួមមាន​៖ ១-​ព្រះរាជសារ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​។ ២-​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩-១០ នីតិកាល​ទី​៥​។ ៣-​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ចំនួន​២​រូប​។ ៤-​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​រូបនេះ​បាន​ឲ្យ​ដឹងថា បេក្ខជន​ពីររូប​ដែល​ត្រូវ​ដាក់ជូន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ពិនិត្យ​សម្រេច​នៅ​ថ្ងៃទី​០៣ ខែមេសា គឺមាន​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក​សួន មាន​។ បេក្ខជន​ទាំងពី​រូបនេះ គឺ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ហើយ​សមាសភាព​បេក្ខជន​ទាំងពីរ​រូបនេះ នឹង​ដាក់ជូន​រដ្ឋសភា​បោះឆ្នោត​ជ្រើស​ទាំង​ជា​សមាជិក​ព្រឹទ្ធសភា​៕

#