នៅ​ថ្ងៃទី​៩ សីហា​នេះ Air Asia​បើក​ការហោះហើរ​គូ​ឡា​ឡាំ​ពួរ​-​ក្រុងព្រះសីហនុ​

775
Air Asia នឹង​បើក​ការហោះហើរ​គូ​ឡា​ឡាំ​ពួរ​-​ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី​៩ សីហា ឆ្នាំ​២០១៧​នេះ​។​លោក ស្ពេ​ន​ស៊័​រ លី នាយក​ប្រតិបត្តិ​ផ្នែក​អាជីវកម្ម​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ក្នុងពេល​ទទួល​ស្វាគមន៍​អ្នក​សារពត៌មាន​កម្ពុជា​ទីស្នាក់កា​រ​ធំ​របស់ខ្លួន​នៅ​ម៉ាឡេស៊ី​ថ្មីៗ​នេះ​(​រូប​៖​សុផល​)

(​ភ្នំពេញ​)៖ ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​តែ​លក់​សំបុត្រ​ក្នុងតម្លៃ​ទាប​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី Air Asia​នឹង​ចាប់ផ្ដើម​បើក​ការហោះ​​ហើរ​ត្រង់​របស់ខ្លួន​ពី​គូ​ឡា​ឡាំ​ពួរ មក​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៩ ខែ សីហា​ឆ្នាំ​២០១៧​នេះ​។​

​ជើងហោះហើរ​ថ្មី ដែល​ពង្រីក​បន្ថែម​ពីលើ​ជើងហោះហើរ​ត្រង់​មាន​ស្រាប់ គូ​ឡា​ឡាំ​ពួរ​-​ភ្នំពេញ និង​គូ​ឡា​ឡាំ​ពួរ​-​សៀមរាប​នេះ​នឹង​ហោះ​៤​ជើង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​នាំ​ភ្ញៀវ​ពី​ម៉ាឡេស៊ី​មកកាន់​ក្រុងព្រះសីហនុ និង​ភ្ញៀវ​ពី​ក្រុងព្រះសីហនុ ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​។​

​តាមរយៈ​ការហោះហើរ​ត្រង់​ថ្មី​នេះ កម្ពុ​ជាមាន​ក្តី​រំពឹងថា​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ពាណិជ្ជក​ម្ម​រួមទាំង​ភ្ញៀវទេសចរ​បន្ថែមទៀត​​ដល់​ខេត្ត​ឆ្នេរសមុទ្រ​កម្ពុជា​។

​ក្រៅពី​ការបន្ថែម​ផ្លូវ​ហោះហើរ​ថ្មី នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia​ក៏​នឹង​ពង្រីក​ជើងហោះហើរ​ដែល​​មាន​ស្រាប់ គឺ​ពី​គូ​ឡា​ឡាំ​ពួរ​មកកាន់​រាជធានី​ភ្នំពេញ​ពី​២​ជើង​ក្នុង​១​ថ្ងៃ​ទៅ​៣​ជើង​ក្នុង​១​ថ្ងៃ​។​

​បច្ចុប្បន្ន ការហោះហើរ​ទៅវិញទៅមក​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ទៅកាន់​ខេត្ត​ព្រះសីហនុ មាន​ចំនួន​៦០​ជើង​ក្នុង​១​សប្តាហ៍​។​ខេត្ត​នេះ​មានការ​ហោះហើរ​ត្រង់​ជា​លក្ខណៈ​អន្តរជាតិ ទៅកាន់​ប្រទេស​ចំនួន​២ ក្នុងនោះ​មាន​ប្រទេស​ចិន និង​វៀតណាម​ជាដើម ហើយ​នៅ​ថ្ងៃទី​០៩ ខែសីហា​នេះ នឹងមាន​ការហោះហើរ​ត្រង់​ទៅ​ប្រទេស​ម៉ាឡេស៊ី​ថែមទៀត ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia របស់​ម៉ាឡេស៊ី​។​

​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​កម្ពុជា​បន្ទាប់​ពី​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​។ របាយការណ៍ បានឱ្យដឹងថា រយៈពេល​៥​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៧​នេះ​ខេត្ត​ព្រះសីហនុ មានការ​ហោះហើរ​ចំនួន​១.០៤១​ជើង កើនឡើង​ជាង ៣៤៤​ភាគរយ ដោយមាន​ភ្ញៀវទេសចរ​បាន​ទៅដល់​ខេត្ត​នេះ​តាម​ជើងយន្តហោះ​ចំនួន​៦៦.៧៤៦​នាក់​កើនឡើង​១៨១​ភាគរយ ក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ ៦៦.២២១​នាក់ កើនឡើង​២០៩​ភាគរយ​និង​ភ្ញៀវ​ជាតិ​៥២៥​នាក់ កើនឡើង​២៨៣​ភាគរយ​។ ក្រៅពីនោះ​ក៏មាន​ភ្ញៀវទេសចរ​​ទៅដល់​តាម​ផ្លូវទឹក និង​ផ្លូវគោក​ផងដែរ​៕ដោយ៖សុផល/sn