នៅ​ថ្ងៃស្អែក​នេះ យូ​អ៊ិន​ឌី​ភី និង​ហ្គ្រី​ន លី​ត​ឌឺ ចុះហត្ថលេខា​រួមគ្នា​លើ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី

1043
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃស្អែក​ទី​២៣ ខែសីហា ឆ្នាំ​២០១៨​អង្គការសហប្រជាជាតិ យូ​អ៊ិន​ឌី​ភី (UNDP) ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន ហ្គ្រី​ន លី​ត​ដ័​រ (Green Leader) ដែលជា​ក្រុមហ៊ុន​កែច្នៃ​ដំឡូង​មី នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី​ប្រកបដោយ​បរិ​យាប​ន្ន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្តីការក្រសួង​។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា លោក គិត ភា​រ៉ា ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​បន្តថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បង្ហាញ​អំពី​ឆន្ទៈ​រួម​រវាង​ស្ថាប័ន​ទាំងពីរ ក្រោម​ការជួយ​គាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ ប្រកបដោយ​និរន្ត​ភាព នៃ​វិស័យ​ដំឡូង​មី ស្របទៅតាម​អាទិភាព​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ដំឡូង​មី​។​

​តាម​ការបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ពិធី​ចុះហត្ថលេខា​នេះ នឹងមាន​ការ​អ​ញ្ញើញ​ចូលរួម​សាក្សី​ពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក Xiong Bo អគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា លោក Haoliag Xu នាយក យូ​អ៊ិន​ឌី​ភី ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​លោកស្រី Pauline Tamesis នាយិកា យូ​អ៊ិន​ឌី​ភី ប្រចាំ​កម្ពុជា​។

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ក្រសួង​ក៏មាន​បំណង​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការចាប់ផ្តើម​ជា​ផ្លូវការ នៃ​ការ​រួបរួមគ្នា​បង្កើត និង​អនុវត្ត​គម្រោង​ជំរុញ​ការអភិវឌ្ឍន៍​ទីផ្សារ​ដំឡូង​មី ប្រកបដោយ​បរិ​យាប​ន្ន ក្នុង​គោលបំណង​បង្កើន​ការនាំចេញ​ម្សៅដំឡូង​មី​ទៅកាន់​ទីផ្សារ​សកល ខណៈដែល​គុណ​តម្លៃបន្ថែម​របស់​វា​ត្រូវបាន​បង្កើតឡើង ក្នុងប្រទេស​កម្ពុជា​។ គម្រោង​ក៏មាន​គោលដៅ​ធានា​និរន្តរភាព​ទីផ្សារ​ដ៏​មាន​ស្ថិរភាព​មួយ សម្រាប់​កសិករ​កម្ពុជា​ផងដែរ​៕ ល​