នៅ​វៀតណាម សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ស្នើ​ឲ្យ​បញ្ចូល​កម្ពុជា ,​ឡាវ​, ភូមា ទៅក្នុង​អេ​ប៉ិច​

5796

(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​ឲ្យ​មេដឹកនាំ​នៃ​ប្រទេស​បណ្តា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក​ឬ​ហៅ​កាត់​ថា​អេ​ប៉ិច​( APEC) ដាក់បញ្ចូល​ប្រទេស​ចំនួន​បី​ដែលជា​សមាជិក​អាស៊ាន​ទៅជា​សមាជិក​របស់ APEC​ដើម្បី​ឲ្យ​អាស៊ាន​អាច​ចូលរួម​ដោយ​​ពេញលេញ​នៅក្នុង ការសម្រេចបាន​នូវ​គោលដៅ​រួម និង​ភាពរុងរឿង​ក្នុង​តំបន់​។​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​អ្នកយក​ព័​ត៌​​មាន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​ពី​ក្រុង​ដា​ណាំង ប្រទេស​វៀតណាម​។​
​ ​ ​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​បែបនេះ​នៅក្នុង​សេចក្តី​ថ្លែង​ទៅកាន់​កិច្ចសន្ទនា​ក្រៅ​ផ្លូវ​​ការ​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន​-​អេ​ប៉ិច​ឆ្នាំ ២០១៧​ដែល​បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​១០ ខែ វិច្ឆិកា​នៅ​រមណីយដ្ឋាន​លំហែ​​កាយ​មាត់សមុទ្រ​ហ្វូ​រ៉ា​ម៉ា​( Furama )​ទីក្រុង​ដា​ណាំង​។
​ ​ ​
​ប្រភព​បញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​ដូច​មេដឹកនាំ​នៃ​ប្រទេស APEC​និង​បណ្តា​មេដឹកនាំ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​​ប្រទេស​អាស៊ាន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​កិច្ចប្រជុំ​នោះ ។
​ ​
​ក្នុង​សុន្ទរកថា​គន្លឹះ​សម្រាប់​កិច្ចសន្ទនា​ក្រៅផ្លូវការ​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក​ក្រោម​មូលបទ​“​ការរួម​គ្នា​ក្នុង​ភាពជា​ដៃគូ​ដើម្បី​ថាមភាព​ថ្មី សម្រាប់​សមាហរណកម្ម និង​ការតភ្ជាប់​គ្រប់​ជ្រុងជ្រោយ នៃ​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក​” សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា​៖​ពិតណាស់​អាស៊ាន​បាន​ក្លាយជា​ដៃគូ​យ៉ាងសំខាន់​និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​អេ​ប៉ិច ដែល​ប្រការនេះ ត្រូវបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តាមរយៈ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម​រវាង​តំបន់​ទាំងពីរ​លើ​វិស័យ​ជាច្រើន​។​ ​ ​ សម្តេច​តេ​ជោ​បន្តថា​តំបន់​ទាំងពីរ​របស់​យើង​មាន​គោលដៅ​រួម​ដូចគ្នា​ពោលគឺ​ការជំរុញ​កំណើន​និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នវានុវត្តន៍ និង​បរិ​យាប​ន្ន ព្រមទាំង​ការធ្វើ​សម​ហ​រណកម្ម​ចូលទៅក្នុង​សេដ្ឋកិច្ចពិភពលោក ។​ក្នុង​ស្មារតី​នេះ​តំបន់​យើង​ទាំងពីរ​ពិត​​ជា​នៅមាន​ឱកាស​ច្រើន​ក្នុងការ​សហការគ្នា​ដើម្បី​ស្វែងរក​ប្រភព​កំណើន​ថ្មីៗ ពង្រឹង​នវានុវត្តន៍ គាំទ្រ​បណ្តាញ​ផលិតកម្ម​តំបន់​ក៏ដូចជា​​ការកាត់បន្ថយ​ឧបសគ្គ​ដែល​រាំងស្ទះ​ដល់​សមាហរណកម្ម​តាមរយៈ​ការបង្កើន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បើកចំហរ​តំបន់​របស់​អេ​ប៉ិច​ហើយ​នេះ​ក៏​អាចជា​ការបោះ​ជំហាន​ដ៏​ល្អ​មួយ​សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម​​សេរី​ក្នុង​ពិភពលោក​។​ ​ ​ ​ ​ ​ ​
​ ​
​សម្តេច​តេ​ជោ​ក៏បាន​លើកឡើង​ដែរ​ថា​ការចូលរួម​របស់​អាស៊ាន​ជាមួយនឹង អេ​ប៉ិច​មាន​កម្រិត​មិនទាន់​ពេញលេញ​នៅឡើយ​ដោយសារ​​ប្រទេស​នៃ​អាស៊ាន​បី​ទៀត រួមមាន កម្ពុជា ឡាវ និង មី​យ៉ាន់​ម៉ា​នៅ​មិនមែនជា​សមាជិក​របស់​អេ​ប៉ិច​នៅឡើយ​។​ក្នុងន័យនេះ​សម្តេច​​បានស្នើ​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អេ​ប៉ិច ទាំងអស់​ពិចារណា​ដាក់បញ្ចូល​ប្រទេស​ទាំងបី​នេះ​ជា​សមាជិក អេ​ប៉ិច ដើម្បី​ឲ្យ​អាស៊ាន មានឱកាស​ចូលរួមចំណែក​យ៉ាងសកម្ម​និង​ពេញលេញ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​រួម និង​ភាពរុងរឿង​ក្នុង​តំបន់​។ លើសពីនោះ​ទៅទៀត​ដើម្បី​បន្ត​រក្សា​នូវ​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​សន្ទនា​ទាំង​ក្នុង​និង​ក្រៅ​តំបន់ស​ម្តេចក៏​បានស្នើ​ឲ្យ​អញ្ជើញ​ប្រធាន​អាស៊ាន​និង​អគ្គលេខាធិការ​អាស៊ាន​ដើម្បី​ចូលរួម​ជា​ទៀងទាត់​ប្រចាំឆ្នាំ​ក្នុង​កិច្ចប្រជុំ​កំពូល​អេ​ប៉ិច ។
​ ​ ​
​អេ​ប៉ិច ជា​វេទិកា​សេដ្ឋកិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក ដំបូង​គេ ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចិ​រ​ភាព និង​វិបុលភាព​នៅក្នុង​តំបន់​អេ​ប៉ិច​។ កតា​លី​ករ​ជំរុញ​របស់ អេ​ប៉ិច គឺ​ដើម្បី​កសាង​សហគមន៍ អាស៊ី​-​ប៉ា​ស៊ី​ហ្វី​កមួយ ប្រកបដោយ​សុខដុម​និង​ភាពស្វាហាប់ តាមរយៈ​ការបើក​ឲ្យ​មាន​ពាណិជ្ជកម្ម និង​ការវិនិយោគ​ដោយ​សេរី និង​បើកចំហ ជម្រុញ​និង​ព​ន្លឿ​ន​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ពង្រឹង​សន្តិសុខ សម្រាប់​មនុស្សលោក និង​សម្រួល​នូវ​បរិយាកាស​ធុរកិច្ច​ប្រកបដោយ​ចិ​រ​ភាព និង​គួរ​ជាទី​មោទន​។

​បច្ចុប្បន្ន​អេ​ប៉ិច​មាន​សមាជិក​ទាំងអស់​២១​ប្រទេស រួមមាន​ប្រទេស​អូស្ត្រាលី​, ព្រុយ​ណេ​ដា​រ៉ូ​សាឡា​ម​, កាណាដា ,​ឈី​លី ,​ចិន​, ចិន​តៃប៉ិ​, ចិន​ហុងកុង ,​ឥណ្ឌូនេស៊ី ,​ជប៉ុន ,​សាធារណរដ្ឋ​កូរ៉េ ,​ម៉ាឡេស៊ី ,​ម៉ិចស៊ិក​កូ ,​ណូ​វែ​ល​សេ​ឡង់ ,​ប៉ា​ពូ​ញូ​វ​ហ្គី​ណេ ,​ប៉េ​រ៉ូ ,​ហ្វីលីពីន​, រុស្សី ,​សឹង្ហ​បុរី​, ថៃ ,​សហរដ្ឋអាមេរិក និង​វៀតណាម​។ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​ប្រទេស​វៀតណាម​បាន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អេ​ប៉ិច បន្ទាប់ពី​លើក​ទី​១​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០០៦​។​
​ ​
​អេ​ប៉ិច គឺ​ប្លុក​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ដែល​រួមមាន​៣៩​ភាគរយ នៃ​ប្រជាជន​ពិភពលោក (​ប្រហាក់ប្រហែល​២,៨​ប៊ី​លាន​នាក់​) ៦០​ភាគរយ​នៃ​ផលិតផល ក្នុងស្រុក​សរុប​(GDP) របស់​ពិភពលោក និង​៤៨​ភាគរយ នៃ​ពាណិជ្ជកម្ម​របស់​ពិភពលោក ៕​ដោយៈ​តារា​រិ​ទ្ធ​/sn