នៅ អាង អតីត​យោធា​ខ្មែរក្រហម​តំបន់​២៥

1372
ចែករម្លែក

នៅ អាង ថត​នៅ​វត្ត​សុ​ក្រំ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​រូប​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅ អាង បាន​រំឭក​ប្រាប់​ខ្ញុំ​អំពី​បទ​ពិ​សោ​ធ៍​ជីវិត​ដែល​គាត់​ធ្លាប់បាន​ជួបប្រទះ និង​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​។ ជា​យុវជន​ស្ថិតក្នុង​វ័យ​១៧​ឆ្នាំ អាង បាន​ស្ម័គ្រចិត្ត​ចូលរួម​ចលនា​តស៊ូ​បដិវត្តន៍​ខ្មែរក្រហម បន្ទាប់ពី​ការប្រកាស​របស់​សម្តេច សីហនុ ឲ្យ​ប្រជាជន​ចូល​ព្រៃ​ម៉ាក​គី ធ្វើ​ការតស៊ូ​ប្រឆាំង​របប លន់ នល់ ដែលមាន​អាមេរិក​គាំទ្រ​។​

​ចូល​តស៊ូ​ដំបូង អាង ត្រឹម​ជា​សមាជិក​ម្នាក់​នៅក្នុង​ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ប៉ុណ្ណោះ​។ មួយរយៈ​ក្រោយមក យោធា​ខ្មែរក្រហម​បានមក​បង្រៀន​គាត់​ពី​ទ្រឹស្តី​បដិវត្តន៍ និង​ក្បួនសឹក​ខ្លះៗ​ដល់​ប្រជាជន​នៅក្នុង​ភូមិ ហេតុនេះ អាង ក៏​សម្រេចចិត្ត​ស្នើសុំ​ចូលធ្វើ​យោធា​ខ្មែរក្រហម​ដែលមាន​មូលដ្ឋាន​នៅ​ឃុំ​ព្រៃ​ក្មេង ក្នុង​ខេត្តកំពង់ស្ពឺ​ដដែល​។

​អំឡុងពេល​ហ្វឹកហាត់​យោធា អាង បាន​ឲ្យ​ដឹងថា គាត់​បាន​រៀន​បច្ចេកទេស​ធ្វើសង្គ្រាម និង​ទទួល​ការបំពាក់​បំប៉ន​មនោគមន៍វិជ្ជា ដែល​បង្រៀន​ដោយ​គ្រូ​ជនជាតិខ្មែរ និង​វៀតណាម​។ អាង បាន​បន្តថា គ្រូ​វៀតណាម​បង្រៀន​តែ​យុទ្ធវិធី​ច្បាំង និង​របៀប​ប្រើប្រាស់​សព្វាវុធ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​១៩៧៣ ប្រធាន​តំបន់​៣៣ បានដាក់​បញ្ជា​ឲ្យ​យោធា​ទាំងអស់ ត្រៀម​ចេញ​ច្បាំង​តទល់​នឹង​ទាហាន លន់ នល់ ដោយ​តម្រូវ​ឲ្យ​យោធា​ខ្មែរក្រហម​ទាំងអស់​ចាប់ផ្តើម​វាយ​ពី​តំបន់​ពេជ្រនិល ចូលទៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល​។​

​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​តំបន់​៣៣ និង​តំបន់​ផ្សេងៗ​បាន​វាយ​ចូលដល់​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​កង​របស់ អាង មិន​ត្រូវបាន​ថ្នាក់លើ​អនុញ្ញាត​ឲ្យ​ចូល​ក្រុង​នោះទេ ដោយ​ចាត់តាំង​ឲ្យ​ទៅ​ឈរជើង​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្នុង​តំបន់​២៥ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ តា​អាន វិញ​។ នៅ​ទីនោះ អាង ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ប្រចាំការ​នៅក្នុង​ភូមិ ហើយ​ពេលខ្លះ គាត់​ក៏ត្រូវ​តម្រូវ​ឲ្យ​ដើរ​អង្កេត​មើល​ប្រជាជន ស៊ើប​ជីវប្រវត្តិ​ប្រជាជន​ថ្មី និង​ដឹកជញ្ជូន​ស្បៀង​ពី​ស្រុក​កោះធំ​មក​ភូមិ​។​

​អាង បាន​រៀបរាប់​អំពី​ស្ថានភាព​ប្រជាជន​ដែល​ជម្លៀស​មក​តំបន់​២៥ ថា ប្រជាជន​ទាំងអស់​បានទទួល​រប​ប​អង្ករ​ក្នុង​មួយ​គ្រួសារ​៣​ប៉ុង និង​អំបិល​១​ស្លាបព្រា​។ នៅ​ឆ្នាំ​១៩៧៦ តំបន់​២៥ បាន​បង្កើតជា​សហករណ៍ ដូច្នេះ​តម្រូវ​ឲ្យ​ប្រជាជន​ទាំងអស់​ហូប​រួម​។ ដំបូង​ប្រជាជន​ទទួល​របប​បាយ ត្រី និង​សាច់ ប៉ុន្តែ​មួយរយៈ​ក្រោយមក ប្រជាជន​បានទទួល​ត្រឹម​របប​បបរ​រាវៗ​ប៉ុណ្ណោះ ដែល​ផ្ទុយ​ពី​កងទ័ព​ដែល​ទទួល​របប​បាយ និង​ចំណីអាហារ​ផ្សេងៗ​រៀងរាល់​ពេល​។​

​នៅ​ឆ្នាំ​១៩៧៧ អាង ត្រូវបាន​ថ្នាក់លើ​ផ្លាស់​ឲ្យ​ទៅធ្វើ​ការ​នៅ​ភូមិ​ត្រពាំង​ស្វា ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដោយ​គាត់​ស្នាក់នៅ​ម្តុំ​គុក​សង់​។ នៅ​ទីនោះ អាង បាន​រៀនសូត្រ​ពី​ទ្រឹស្តី​កុម្មុយនីស្ត និង​ក្បួនសឹក ក្រោម​ការបង្ហាត់បង្រៀន​របស់​មេបញ្ជាការ​តំបន់​២៥​។ ម្តង​ម្តា​ល គាត់​ត្រូវបាន​មេបញ្ជាការ​ចាត់​គាត់​ឲ្យ​នាំ​សំបុត្រ​ទៅ​ឲ្យ​ប្រធាន​គុក​សង់​។ ពេល​ចូលទៅក្នុង​មន្ទីរឃុំឃាំង គាត់​បានឃើញ​អ្នកទោស​ជាច្រើន​ដេករ​ណូ​ក​រណែល​លើដី និង​ខ្លះទៀត​កំពុង​ទទួលរង​ទារុណកម្ម​ពី​សំណាក់​ឆ្មាំ​គុក​។ អ្នកទោស​ភាគច្រើន​ត្រូវ​ឆ្មាំ​គុក​ដាក់​ច្រវាក់​ជើង​ជា​ជួរ និង​ខ្លះទៀត​ត្រូវ​ចង​ផ្អោប​នឹង​ដើមឈើ​។ គាត់​បាន​រៀបរាប់ថា ថ្ងៃមួយ គាត់​បាន​យក​សំបុត្រ​មួយ​ទៅ​ឲ្យ​ប្រធាន​គុក តែ​ប្រធាន​គុក​នោះ​មិនចេះ​និយាយ​ខ្មែរ​ទេ គឺ​ចេះតែ​និយាយ​ភាសា​វៀតណាម​។ គាត់​ក៏បាន​លប​សាកសួរ​យោធា​យាម​នៅ​គុក​ដែរ ពី​ប្រវត្តិ​មេ​គុក តែ​គ្មាន​អ្នក​ស្គាល់​មេ​គុក​រូបនោះ​មកពី​តំបន់​ណា​ទេ គឺ​ដឹង​ត្រឹម​ថា គាត់​ឈ្មោះ ម៉ុង តែប៉ុណ្ណោះ​។ អាង បាន​បញ្ជាក់ថា អ្នកទោស​ភាគច្រើន​សុខចិត្ត​ឆ្លើយ​បំផ្លើសការពិត ដើម្បី​រួចខ្លួន​ពី​ការធ្វើ​ទារុណកម្ម​ពី​អ្នក​សួរចម្លើយ​។ ពេល​ឆ្មាំ​គុក​សាកសួរ​រួចហើយ អ្នកទោស​អ្នកខ្លះ​ត្រូវបាន​ដឹកចេញទៅ​ក្រៅ​គុក ឬ​យកទៅ​សម្លាប់ រួច​កប់​នៅក្នុង​រណ្តៅ​ដែល​ស្ថិត​នៅក្បែរៗ​គុក​តែម្តង​។ ភាគច្រើន​អ្នក​ដែល​ជាប់ឃុំ​ក្នុង​គុក​សង់ គឺជា​ប្រជាជន​ថ្មី​ដែល​ជម្លៀស​មកពី​ក្រុងភ្នំពេញ ហើយ​ក៏មាន​ជនជាតិ​ចិន និង​វៀតណាម​ដែរ​។​

​នៅ​ឆ្នាំ​១៩៧៨ មេបញ្ជាការ​ភូមិភាគ​របស់ អាង បាន​បញ្ជូន​យោធា​ជាច្រើន​ទៅ​ច្បាំង​ជាមួយ​វៀតណាម​នៅ​ស្រុក​កោះធំ និង​តាកែវ ប៉ុន្តែ​គាត់​មិន​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​សរ​ភូមិ​នោះទេ ដោយ​ថ្នាក់លើ​ទុក​ឲ្យ​គាត់​នៅ​យាម​ក្នុងភូមិ​។ អ្នក​ដែល​ទៅ​សមរភូមិ ភាគច្រើន​បាន​ស្លាប់ ពិការ​ដៃជើង និង​បាត់​ខ្លួន​ជាច្រើន​នាក់​។ នៅ​ចុងឆ្នាំ​១៩៧៨ មាន​ចលនា​បះបោរ​ពី​សំណាក់​ប្រជាជន​ប្រមាណ​៣០០​នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុម​ខ្មែរ​ស ដែល​នាំគ្នា​តវ៉ា​រឿង​ហូបចុក​មិន​គ្រប់គ្រាន់ និង​ទាមទារ​លក្ខខណ្ឌ​មួយចំនួន​។ ពីរ​បី​ថ្ងៃ​ក្រោយមក អង្គការ​បាន​នាំខ្លួន​អ្នកប្រឆាំង​ទាំងនោះ​ទៅ​ដាក់គុក​សង់ និង​បាត់​ខ្លួន​រហូត​ដោយ​មិនឃើញ​អ្នក​ទាំងនោះ​វិល​មក​ភូមិ​ស្រុក​វិញ​ទេ​។​

​នៅ​ខែធ្នូ ឆ្នាំ​១៩៧៨ អាង បានឮ​ប្រជាជន​និយាយ​ពី​កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ ហេង សំរិន តែ​នៅ​ភូមិភាគ​គាត់​មិនមាន​អ្នកណា​ភ័យព្រួយ​នោះទេ ដោយ​គិតថា​នឹង​មិនអាច​ផ្តួលរំលំ​របប​ខ្មែរក្រហម​បាន​ដោយ​ងាយៗ​នោះទេ​។ រហូតដល់​ខែមករា ឆ្នាំ​១៩៧៩ កងទ័ព​រណសិរ្ស បាន​វាយ​ចូល​តំបន់​២៥ តាម​ខេត្តតាកែវ ហើយ​ពេលនោះ​យោធា​ខ្មែរក្រហម បាន​បាក់ទ័ព​រត់ចោលជួរ ដោយ​ខ្លះ​ជិះ​ម៉ូតូ ខ្លះ​ជិះឡាន និង​ខ្លះ​ជិះ​រថក្រោះ​គេចចេញ​ពី​តំបន់​នោះ​។ អាង មិនបាន​រត់ចោល​ភូមិ​ស្រុក​ទេ គឺ​គាត់​បន្ត​រស់នៅ​ភូមិ​ត្រពាំង​ស្វា​ដដែល ប៉ុន្តែ​គាត់​រស់​ដោយ​លាក់​អត្តសញ្ញាណ​ជា​យោធា​ខ្មែរក្រហម​រហូតមក​។​

​អាង បាន​បោះបង់ចោល​ជីវិត​ជា​យោធា​ខ្មែរក្រហម​ចាប់តាំងពី​ប្រទេស​កម្ពុជា​ត្រូវបាន​រំដោះ​ដោយ​កងទ័ព​រណសិរ្ស​ស​ង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។ គាត់​បាន​ប្រកបរ​បរជាកសិករ​ធ្វើស្រែ នៅ​ភូមិ​ត្រពាំង​ស្វា និង​បាន​រៀបការ​ជាមួយ​នារី ដែល​ធ្លាប់​រស់នៅ​អង្គភាព​ជាមួយគ្នា​កាលពី​សម័យ​ខ្មែរក្រហម​។ សព្វថ្ងៃ អាង បានមក​រស់នៅ​វត្ត​កោះ​សុ​ក្រំ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ដើម្បី​បម្រើ​ព្រះសង្ឃ​។ អាង ចង់​ធ្វើ​ឲ្យ​ចិត្ត​របស់គាត់​ស្ងប់ និង​បំភ្លេច​រឿងរ៉ាវ​ពី​អ​តី​កាល ដែល​ពោរពេញ​ដោយ​របួស​ទាំង​រាងកាយ និង​ផ្លូវចិត្ត​។ អាង បន្តថា គាត់​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ចូលក្នុង​សង្គ្រាម​ម្តងទៀត​ទេ ព្រោះ​អ្នកខាតបង់​គឺជា​ខ្មែរ ហើយ​គាត់​ក៏​មិន​ចង់​ឲ្យ​ក្មេង​ជំនាន់​ដើរ​តាម​គន្លង​ចាស់​ដែល​នាំ​ឲ្យ​ប្រទេសជាតិ​ខ្ទេចខ្ទាំ​ម្តងទៀត​ដែរ​។

​អាង សំណួ​ម​ពរ​ឲ្យ​ឪពុកម្តាយ​គួរតែ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ដល់​កូនៗ​ជំនាន់​ឲ្យ​គាត់​បាន​យល់​ពីអ្វី​ដែល​ខ្មែរ​បាន​ឆ្លងកាត់ និង​កុំ​ឲ្យ​ក្មេងៗ​ទាំងនោះ​គុំ​គួ​ន​គ្នា​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សង្គមជាតិ​៕ ​ដោយ​៖ សួស សកល បុគ្គលិក​ស្ម័គ្រចិត្ត​ផ្នែក​កុន នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​