នៅ EPL សល់​តែ Liverpool មួយ​ទេ​មិនទាន់​ចាញ់ តើ​បិសាច​ក្រហម Man Utd អាច​លុត​ហង្ស​ក្រហម​បានទេ​?

747
ចែករម្លែក

​លោក​ចូ​សេ ម៉ូ​រី​ញ៉ូ ប្រឈម​តេស្ត​ដ៏​លំបាក​បំផុត ខណៈ​គាត់​កំពុង​ត្រៀម​ក្រុម Manchester United សម្រាប់​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុម​កំពូល​តារាង​ក្របខ័ណ្ឌ​ព្រីម​ញឺ​លី​ក Liverpool ស្រប​ពេលដែល Manchester City អន្ទះសារ​ចង់បង្ហាញ​បរាជ័យ​កាលពី​សប្តាហ៍​មុន​ក្រោម​ថ្វីដៃ Chelsea គ្រាន់តែ​ជា​ឧបសគ្គ​តូច​មួយ​ប៉ុណ្ណោះ​។

​បិសាច​ក្រហម​មាន​ប្រវត្តិ​ល្អជា​មួយ​ហង្ស​ក្រហម​នៅក្នុង​លី​ក​កំពូល​អង់គ្លេស ដោយ​ប្រកួត ៨ លើកចុងក្រោយ​មិនដែល​ចាញ់​ទេ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ Man Utd ធ្វើដំណើរ​ទៅ​ទឹកដី Anfield លើក​នេះ​គឺមាន​អារម្មណ៍​ភ័យខ្លាច​ខុសពី​ធម្មតា ព្រោះ​ហង្ស​លេង​ល្អ​មិនទាន់​ស្គាល់​ចាញ់​ទេ​។

​អ្នកចាត់ការ​ទូទៅ​លោក​អ៊ូ​ណៃ អេ​ម​រី នឹង​នាំ​ក្រុម​កាំភ្លើង​ធំ Arsenal របស់គាត់ ដែល​មិនទាន់​ចាញ់ ២១ ប្រកួត​ចុងក្រោយ​នេះ ទៅ​ប្រឈម​ជាមួយ​ក្រុម​កំពុង​ត្រដាបត្រដួស Southampton ខណៈ Chelsea ក៏​ធ្វើដំណើរ​ទៅ​ឆ្នេរ​ខាងត្បូង​អង់គ្លេស​ដែរ ដើម្បី​ប្រកួត​ជាមួយ Brighton​។​

Manchester City នឹង​ទទួល​ស្វាគមន៍​ក្រុម​លេខ​៧ Everton ខណៈ Tottenham ដែល​ទើប​ឆ្លង​វគ្គ​ចែក​ពូ​ល Champions League ក្តៅៗ នឹង​ប្រឈម​ជាមួយ Burnley នៅ​កីឡដ្ឋាន Wembley​។

AFP Sports បានជ្រើសរើស​គូ​សំខាន់​មួយ​មក​និយាយ​នៅមុន​ការប្រកួត​ព្រីម​ញឺ​លី​ក​ចុង​សប្តាហ៍​នេះ គឺ Liverpoo និង Man Utd​។

  • តើ​លោក​ម៉ូ​រី​ញ៉ូ​អាច​បញ្ចប់​ភាពមិន​ដែល​ចាញ់​របស់ Liverpool បានទេ​?

​លោក​ម៉ូ​រី​ញ៉ូ​រង​ការរិះគន់​យ៉ាងខ្លាំង​កាលពី​រដូវ​កាល​មុន ដែល​ខកខាន​មិនបាន​វាយលុក​លើ​ខ្សែការពារ​ទន់ខ្សោយ​រប​ស់ Liverpool ដោយ​បញ្ចប់ទៅ​ត្រឹម ០-០ ដែល​បង្អាក់​ភាព​ឈ្នះ​របស់​ក្រុម​គាត់​នៅ​ដើមរដូវ​កាល​មុន​។

​ជាធម្មតា លទ្ធផល​ស្មើ​នៅ​ទឹកដី Anfield គឺជា​លទ្ធផល​ល្អ ប៉ុន្តែ​បរាជ័យ​នៅ​ថ្ងៃអាទិត្យ​ខាងមុខ​អាចធ្វើឱ្យ Man U នៅ​ឆ្ងាយ​ពី​ក្រុម​កំពូល​ទាំង ៤ ដល់​ទៅ ១១ ពិន្ទុ ប្រសិនបើ​ក្រុម​កំពូល​ទាំងនោះ​ឈ្នះ​ទាំងអស់គ្នា​។

United ស៊ុត​បាន​៤​គ្រាប់​កាលពី​សប្តាហ៍​មុន​ទល់នឹង Fulham ប៉ុន្តែ​ទម្រង់​ប្រយុទ្ធ​របស់​ពួកគេ​មិន​មុត​ស្រួច​ទេ​រដូវ​កាល​នេះ ហើយ​ពួកគេ​នឹងត្រូវ​ប្រឈម​នឹង​ប្រព័ន្ធ​ការពារ​រឹង​ដូច​ដែកថែប​របស់​ហង្ស​ក្រហម ដែល​របូត​១​គ្រាប់​គត់​នៅក្នុង​ផ្ទះ​រដូវ​កាល​នេះ​។

​ដោយឡែក ខ្សែប្រយុទ្ធ​រ៉ូ​បឺ​តូ ហ្វើ​មី​ណូ ខ្សែប្រយុទ្ធ​ម៉ូ​ហា​ម៉េ​ត សាឡា និង សា​ឌី​អូ ម៉ា​ណេ នឹង​ស្វែងរក​គ្រាប់​បាល់​ដំបូង ឬ បាល់ Assist លើកដំបូង​ក្នុងការ​ប្រកួត​ព្រីម​ញឺ​លី​ក​សម្រាប់ Liverpool ទល់នឹង United ក្នុង​រយៈពេល​ជាង​១៤​ម៉ោង​នៃ​បាល់ទាត់​លី​ក ប៉ុន្តែ​អ្នកខ្លះ​អាច​ជឿជាក់ថា​សាឡា​នឹង​អាចធ្វើ​បាន ដោយហេតុថា​ទម្រង់​លេង​របស់គេ​កំពុង​ល្អ​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ​៕ ដោយ៖ កញ្ញាដាលីស

តើ​លោក​ម៉ូ​រី​ញ៉ូ​អាចដឹកនាំ Man Utd ឈ្នះ​លើ​ក្រុម Liverpool របស់លោក​ក្លប់​បានទេ​?