នំ​ខេ​កវែង​បំផុត​ក្នុង​ពិភពលោក​ប្រវែង​រាប់គីឡូម៉ែត្រ​

173
ចែករម្លែក

​អ្នក​ដុត​នំ និង​មេ​ចុងភៅ​រាប់ពាន់នាក់​នៅ​ប្រទេស​ឥណ្ឌា ភាគខាងត្បូង បាន​ជួបជុំគ្នា​កាលពី ថ្ងៃ​ពុធ ទី​១៥ ខែមករា ដើម្បី​ផលិត​នំ​ខេ​ក​ដែល​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ដែលមាន ប្រវែង​រហូតដល់​ទៅ​ប្រមាណ ៦ គីឡូម៉ែត្រ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ពួកគេ​បាន​ផលិត​នំ ដែល​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្មនេះ​នៅក្នុង​ទីក្រុង​ទ្រី​សួ (Thrissur) រដ្ឋ​កេ​រ៉ា​ឡា (Kerala)​។​

​តាម​ការ​បញ្ជាក់ថា គ្រាន់តែ​សាច់​នំ​ផលិត​ពី​ម្សៅ​វ៉ា​នី​ដែលមាន​ទទឹង និង​កម្រាស់ ១០ សង់ទីម៉ែត្រ​មាន​ទម្ងន់​រហូតដល់​ទៅ ២៧.០០០ គីឡូក្រាម ដោយ​មិនទាន់​បូក​បញ្ចូល សូកូឡា​ផង​។

​អ្នក​ដុត​នំ និង​មេ​ចុងភៅ​ប្រមាណ ១.៥០០ នាក់​បាន​ចំណាយពេល​ជិត ៤​ម៉ោង​ដើម្បី​ផ្គុំ​នំ​នេះ ឱ្យចេញ​ជា​រូបរាង ដោយ​ប្រើប្រាស់​ស្ករស និង​ម្សៅ​អស់ ១២.០០០ គីឡូក្រាម​។

​មនុស្ស​យ៉ាងច្រើន​កុះករ​បាន​ចោម​មើល​ព្រឹត្តិការណ៍ ដែល​រៀបចំឡើង​ដោយ​សមាគម អ្នក​ដុត​នំ​រដ្ឋ​កេ​រ៉ា​ឡា (Bakers Association Kerala)​។ លោក ណូ​សាដ (Naushad) អគ្គលេខា ធិ​ការ​សមាគម​នេះ​និយាយថា កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) បាន​វាយតម្លៃ​នំ​ខេ​ក​នេះ​ដោយផ្ទាល់ ហើយ​ឃើញថា​ពិត​ជាមាន​ប្រវែង ៦.៥០០ ម៉ែត្រ​មែន​៕ ប្រែ​សម្រួលៈ ខុម​