នំ​បញ្ចុក ថ្ងៃ​៩​មិថុនា ជា​នំ​បញ្ចុក​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​!

247
ចែករម្លែក

នៅ​ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា នៅ​ទូទាំងប្រទេសនឹងមាន​ពិធី​ជួបជុំ​ទទួលទាន​នំ​បញ្ចុកសាមគ្គីភាព​និង​ឯកភាព​ជាតិខ្មែរ​។​នោះ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ថា​គណបក្សនយោបាយណា​ទេ គឺ​នឹង​ជួបជុំ​រៀបចំ​ពិធី​ទទួលទាន​នំ​បញ្ចុកនៅតាម​មូលដ្ឋាន​ឃុំ​សង្កាត់នៅតាមសាលារៀន វត្ត​អារាម វិហារ​អ៊ីស្លាម វិហារ​គ្រិស្ត​សាសនា ក្រុមហ៊ុន សាលារៀន នៅតាម​រោងចក្រ​កាត់ដេរ និង​នៅតាម​ផ្ទះជួល​របស់​កម្មករ​កា​ត់​ដេរ ជាដើម​។​

​នៅ​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នឹង​អញ្ជើញ​ចូលរួម​សំណេះសំ​ណា​ល និង ហូប​នំ​បញ្ចុក ជាមួយ​កម្មករ​កម្មការិនី​ជាង ៣០០០​នាក់ និង​បងប្អូនសមាគម​អ្នកធាក់ស៊ីក្លូ​រាប់រយ​នាក់​ទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៩ ខែមិថុនា​នេះ​។ ពិធី​ជួ​ជុំ នឹង​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​ជម្ពូរ​វ័​ន្ត​ក្នុង​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី​៦ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវនាវ ដល់​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស សូម​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា​នៅ​ថ្ងៃទី​៩ មិថុនា ជាពិសេស នៅតាម​វត្ត​អារាម​សូម​រៀបចំ ចង្ហាន់​នំ​បញ្ចុក ប្រគេន​ចង្ហាន់​ព្រះសង្ឃ​។ ចំណែក​ខាង​បងប្អូន​ខ្មែរ​អ៊ីស្លាម និង​ខាង​វិហារ គ្រិ​ស្ត​សាសនា​វិញ ក៏​សូម​អញ្ជើញ​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ការហូប​នំ​បញ្ចុក នៅ​ថ្ងៃទី​៩ មិថុនា ខាងមុខនេះ គឺ​បង្ហាញ​ពី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ហើយ​សូមកុំ​លាប​ពណ៌​ដាក់គ្នា ជាពិសេស នំ​បញ្ចុក គឺជា​អាហារ​អត្តសញ្ញាណ​ជាតិ​របស់​យើង​។ សម្ដេច​តេ​ជោ​ក៏បាន​បញ្ជាក់​ផងដែរ​ថា កុំ​រង់ចាំ​ដល់​ថ្ងៃទី​៩​មិថុនា​ បើឃ្លាន​ថ្ងៃនេះ គឺ​សូម​ហូប​ថ្ងៃនេះ​តែម្តងទៅ ហើយ​ថ្ងៃ​៩ មិថុនា យើង​ហូប​ជុំគ្នា​ម្ដងទៀត​។

​ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ទុកជាមុន​ដល់​ម្ចាស់​ផ្ទះជួល​កម្មករ និង​រោងចក្រ​សហគ្រាស​នានា ដែល​នឹង​រៀបចំ​នំ​បញ្ចុក​សម្រាប់ បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ហូប​ជុំគ្នា​មួយពេល​ឲ្យ​បាន​សប្បាយ នៅ​ថ្ងៃទី ៩ មិថុនា ខាងមុខនេះ​ដែលបង្ហាញ​ពី​សេចក្តីស្រឡាញ់ និង​សាមគ្គីភាព រវាង​ម្ចាស់​ផ្ទះជួល និង​កម្មករ កម្មការិនី និង​ជាមួយ​ម្ចាស់​រោងចក្រ​សហគ្រាស​ផងដែរ​។
​ ​
​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ​បញ្ជាក់ថា ការកំណត់​យក​ថ្ងៃទី​៩ ខែមិថុនា ជា​ទិវា​ហូប​នំបញ្ចុក​ជុំគ្នា​នេះ គឺ​មិនមែនជា​ជំហាន​ឆ្ពោះទៅរក​ការចរចា​នយោបាយ​អ្វី​ឡើយ​រវាងគណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​គឺជា​រឿង​ទទួលទាននំ​បញ្ចុក​រួមគ្នា ដើម្បី​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​ឯកភាព​ខ្មែរ​តែប៉ុណ្ណោះ​ដោយ​មិនរើសអើង​បក្សនយោបាយ​ណាមួយ​ឡើយ គឺ​យើង​អាច​ហូប​រួមគ្នា​។

​ផ្ទុយទៅវិញ នំ​បញ្ចុក ជា​អត្តសញ្ញាណ​ជាតិខ្មែរ​យើង ហើយ​ចលនា​ហូប​នំ​បញ្ចុក​នេះ ក៏​ជាការ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ស្រូវ​អង្ករ និង​បន្លែ ជាដើម​។​

​យ៉ាងណាក៏ដោយ កំណើន​នៃ​ចំនួន​នំ​បញ្ចុក នៅ​ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា​នឹងមាន​រាប់ពាន់តោន ដោយសារ​តែមាន​អ្នក​ទទួលទាន​មិនតិចជាង ៦ ទៅ ៧​លាន​នាក់​នោះទេ​នៅ​ទូទាំង​ប្រទេស​។ ដូច្នេះ នំ​បញ្ចុក ដែល​ផលិត​ដោយ​ប៉ែន​នំ​បញ្ចុក​ល្មមៗ​នឹង​អាចធ្វើ​មិនទាន់ទេ​។ អ្នក​ផលិត​នំ​បញ្ចុកដោយ​ដៃ តាម​ភូមិ​ឃុំ ក៏​នឹងត្រូវ​បង្កើន​ចំនួន​ផលិត​ដោយសារតែកំណើន​នៃ​ការ​កុម្ម៉ង់​ទិញ​ទទួលទាន​នំ​បញ្ចុក​។ ក្រៅពីនោះ នៅតាម​មូលដ្ឋាន​ក៏​គួរតែចូលរួម​ផលិត​នំ​បញ្ចុក តាម​អ្វីដែល​អាចធ្វើ​បាន​។ រីឯ​តម្លៃ​លក់​នំ​បញ្ចុក ក៏​គួរតែ​អ្នកលក់កុំ​ដំឡើងថ្លៃ នៅពេល​ដែលមាន​អ្នក​​កុម្ម៉​ង់​ទិញ​ច្រើន​ដូច្នេះ​។​

​ក្រៅពី​បារម្ភ​ពី​ការបង្កើន​ចំនួន​ផលិត​នំ​បញ្ចុក​តាម​សិប្បកម្ម នៅ​ភូមិ​ឃុំ នៅ​ទូទាំងប្រទេស ព្រមទាំង​ការមិន​ដំឡើងថ្លៃ​នំ​បញ្ចុក នៅពេល​មាន​តម្រូវការ​ច្រើន​ដូច្នេះ បញ្ហា​មួយទៀត ដែល​អ្នករៀបចំ​កម្មវិធី​ជួបជុំ​ទទួលទាន​នំ​បញ្ចុក​រួមគ្នា នៅតាម​មូលដ្ឋាន​ទីស្នាក់ការ គណបក្ស តាម​កន្លែងធ្វើការ ផ្ទះផ្សារ​សាលារៀន ក្រុមហ៊ុន រោងចក្រ និង​តាម​វត្ត ជាដើម ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរម្លឹក ដោយ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​កន្លងមក មាន​ករណី​ពុល​នំ​បញ្ចុក​។ ដូច្នេះ​ពេលនេះ​ត្រូវ​ជៀសវាង​កុំ​ឲ្យ​មាន​ករណី ពុល​នំ​បញ្ចុក ជៀសវាង​ការបន្ទោស និង​ទម្លាក់កំហុស​លើ​អ្នករៀបចំ​ពិសេស​សម្តេច តេ​ជោ​។​
​ ​
​ក្នុងនោះ អ្នករៀបចំ​ធ្វើ​នំ​បញ្ចុក ទាំង​បន្លែ ដែលជា​ល្បោយ​នំ​បញ្ចុក ត្រូវធ្វើ​ដោយ​អនាម័យ និង​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​យក​បន្លែ ល្បោយ​នំ​បញ្ចុក​ដែល​ទើប​បាញ់ ថ្នាំពុល ដើម្បី​បង្ការ​កុំ​ឲ្យ​កើតមាន​ករណី​ពុល​នំ​បញ្ចុក​។ រីឯ​ក្រុមគ្រូពេទ្យ​នៅតាម​មូលដ្ឋាន ឃុំ​សង្កាត់ ស្រុក​ក្រុង​ខណ្ឌ តាម​ខេត្ត​រាជធានី រួមទាំង​ក្រសួងសុខាភិបាល​ក៏​គួរតែរៀបចំ កម្លាំង​គ្រូពេទ្យ និង​ឡាន​សង្គ្រោះ ចល័ត ពង្រាយ​តាម​កន្លែង​ជួបជុំ​ទទួលទាន​នំ​បញ្ចុក ដើម្បី​ជួយសង្គ្រោះ បើសិន​ជាមាន​ករណី​ពុល ឬក៏​អ្នកចូលរួម​ណា​ម្នាក់ មិន​ស្រួលខ្លួន​។​

​សូមកុំ​ប្រកាន់ និង​សូមកុំ​គិតពី​និ​ន្ន​ការ​គណបក្សនយោបាយ​ពិសេស​នៅតាម​មូលដ្ឋាន ភូមិ​ឃុំ​សង្កាត់ នៅ​ជនបទ គឺ​នៅ​ថ្ងៃអាទិត្យ ទី​៩​មិថុនា បងប្អូន​ខ្មែរ​យើងទាំងអស់គ្នា សូម​ចូលរួម​ចលនា​ទទួលទាន​នំ​បញ្ចុក ដើម្បី​សាមគ្គីភាព និង​ឯកភាព​ជាតិខ្មែរ​យើង​។ អាជ្ញាធរ​សមត្ថកិច្ច តាម​ភូមិ​ឃុំ​សង្កាត់ ក៏​ចូលរួម​ទទួលទាន​នំ​បញ្ចុក និង​បង្កលក្ខណៈ ងាយស្រួល ថែរក្សា​សុខ​សុវត្ថិភាព​ដល់​អ្នក​ជួបជុំ ទទួលទាន​នំ​បញ្ចុក ដោយ​មិន​ប្រកាន់ គណបក្ស​ណា ជា​គណបក្ស​ណា ដូច​អ្វីដែល​សម្តេច​តេ​ជោ ហ៊ុន សែន​បានប្រកាស​រួច មកហើយ​។ ពោលគឺ​មិនមាន​លាប​ពណ៌​គ្នា ថា​អ្នកនេះ ជា​ក្រុម​បក្សប្រឆាំង ឬ​អ្នកនោះ​ជា ក្រុម​បក្ស​កាន់អំណាច​នោះទេ​៕ ដោយ​: ម៉េង​ឆៃ​/Ha