ន័​រ​វែ​សនឹង​កប់ខ្មោច​នាវាមុជទឹក​សម័យ​ណា​ស៊ី​អាល្លឺម៉ង់​នៅក្នុង​ខ្សាច់​បាតសមុទ្រ ដើម្បី​កុំឱ្យ​វា​លេច​ធ្លាយ​ជាតិគីមី​ពុល​តទៅទៀត​

954
ចែករម្លែក

​នាវាមុជទឹក​របស់​ពួក​ណា​ស៊ី​អាល្លឺម៉ង់ ដែល​គេ​ពណ៌នា​ថា “​រោងចក្រ​នុយក្លេអ៊ែរ Chernobyl នៅក្រោម​ទឹក​” នឹងត្រូវ​ពន្លិច​ចូលទៅក្នុង​ដីខ្សាច់​ដើម្បី​បញ្ឈប់​សារ​ធាតុគីមី​គ្រោះថ្នាក់​កុំឱ្យ​លេច​ធ្លាយ​ចូល​សមុទ្រ និង តំបន់​បាតសមុទ្រ​នៅ​ជុំវិញ​។​

​ខ្មោច​នាវា U-864 របស់​អាល្លឺម៉ង់​គឺ​ផ្ទុក​កំប៉ុង​បា​រ៉​តពុល​ចំនួន ១.៨០០ កំប៉ុង​នៅក្នុង​សមុទ្រ​នៅ​ទីក្រុង​បឺ​ហ្គែ​ន ប្រទេស​ន័​រ​វែ​ស​។​

​នាវាមុជទឹក U-864 ត្រូវបាន​បាញ់​ពន្លិច​ដោយ​នាវាមុជទឹក​អង់គ្លេស​នៅ​ដើមឆ្នាំ ១៩៤៥ នៅពេល​វា​តម្រង់​ទិសដៅ​ទៅ​ប្រទេស​ជប៉ុន ដោយ​ដឹក​គ្រឿងបន្លាស់​យន្តហោះ​ជាច្រើន​។​

​នាវា​នេះ​បាន​ចាក​ចេញពី​ទីក្រុង​កៀល នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃទី ៥ ខែធ្នូ​ឆ្នាំ ១៩៤៤ ប៉ុន្តែ​នាវា​នេះ​ត្រូវបាន​បាញ់​ខូចខាត​យ៉ាងដំណំ​។​

​ការ​លេច​ធ្លាយ​សារ​ធាតុគីមី​គ្រោះថ្នាក់​ចេញពី​ខ្មោច​នាវា​នេះ​បាន​បង្ក​ការបំពុល​ដល់​សត្វ​សមុទ្រ​នៅ​ជុំវិញ​បំណែក​នាវា​ទម្ងន់ ២៤០០ តោន​នេះ រួមទាំង​ក្តាម​សម្រាប់​បរិភោគ​ផងដែរ​។

​ហេតុ​ដូច្នេះហើយ រដ្ឋាភិបាល​ន័​រ​វែ​សនឹង​ជីកដី​ខ្សាច់​បាតសមុទ្រ​ទំហំ ១១ អារ ជម្រៅ ១២ ម៉ែត្រ ដើម្បី​កប់​នាវា​នេះ ដើម្បី​កុំឱ្យ​លេច​ធ្លាយ​ជាតិគីមី​គ្រោះថ្នាក់​តទៅទៀត​។​

​ប្រតិបត្តិការ​កប់ខ្មោច​នាវា ដែល​គេ​រំពឹងថា​នឹង​ចំណាយ​ជិត ៣៣ លាន​ដុល្លារ​នេះ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ ហើយនឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

ខ្មោច​នាវា U-864 រំពឹង​កប់​នៅក្នុង​ខ្សាច់​បាតសមុទ្រ​រួចរាល់​នៅ​ឆ្នាំ ២០២០
#