ន្ត្រី​សុខាភិបាល ចុះ​ណែនាំ​ពលរដ្ឋ នៅ​ស្រុក​ភ្នំក្រវាញ ពី​ការទទួល​ប្រាក់ឧបត្ថម្ភ សម្រាប់​ស្ត្រី​ក្រីក្រ​ចាប់ពី​ពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​មាន​អាយុ​ក្រោម​ពីរ​ឆ្នាំ​

209
ចែករម្លែក

ដោយ:ពស​/​ពោធិ៍សាត់ ៖ កាលពី​ថ្ងៃទី​៤ ​ខែមិថុនា​ ឆ្នាំ​២០១៩​ លោក ​ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ ដោយមាន​ការចូលរួម​អមដំណើរ​ពី លោក ​ម៉ៅ​ ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះសួរសុខទុក្ខ និង​ប្រាប់​ដល់​ប្រជាពលរដ្ឋ ដែល​មក​ពិនិត្យ​ព្យាបាល​ជំងឺ និង​សម្រាលកូន នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពី​របៀប​នៃ​ការទទួល​សាច់ប្រាក់​ឧបត្ថម្ភ សម្រាប់​ស្ត្រី​មកពី​គ្រួសារ​ក្រីក្រ ចាប់ពី​ពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​មាន​អាយុ​ក្រោម​ពីរ​ឆ្នាំ​។​

លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ដ្រី​ក្រីក្រ​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដោយ​ស្ដ្រី​ក្រីក្រ មក​ពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល ចំនួន​៤​ដង ម្តង​ទទួលបាន​៤​ម៉ឺន​រៀល​, ពេល​សម្រាល ទទួលបាន ២០​ម៉ឺន​រៀល​, ពិនិត្យ និង​ថែទាំ​ក្រោយ​សម្រាល និង​កូន​ចំនួន ១០​ដង ពោល​មាន​រយៈពេល ១,០០០​ថ្ងៃ​។​

​ចំពោះ​ករណី​ដោយឡែក​នៃ​ការផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ គឺ​ករណី​រលូត​កូន ទទួលបាន ៤​ម៉ឺន​រៀល (​ម្តងគត់​) មានគភ៌​អាយុ​ក្រោម​១២​សប្តាហ៍ និង​៤​ម៉ឺន​រៀល​ចំនួន​២​ដង គភ៌​អាយុ​ពី ១២-២៤​សប្តាហ៍​ករណី​កូន​ស្លាប់​ពេល​សម្រាល ឬ​ក្រោយពេល​សម្រាល​ទទួលបាន​ប្រាក់ឧបត្ថម្ភ ២០​ម៉ឺន​រៀល ពេល​សម្រាល និង​៤​ម៉ឺន​រៀល​ចំនួន​៣​ដង ។​ករណី​ម្តាយ​ស្លាប់​ពេល​សម្រាល ឬ​ក្រោយពេល​សម្រាលកូន ទទួលបាន​ប្រាក់ឧបត្ថម្ភ ២០​ម៉ឺន​រៀល ពេល​សម្រាល និង​៤​ម៉ឺន​រៀល ចំនួន​១០​ដង​។​

​លោករដ្ឋមន្ដ្រី បាន​ថ្លែង​បញ្ជាក់ថា «​ការដែល​អនុ​ត្ដ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ នឹង​ប្រគល់ដល់ដៃ​ស្ដ្រី​ក្រីក្រ​យ៉ាងពិត​ប្រាកដ​មែន តាម​ប្រព័ន្ធ​ធនាគារ​វី​ង​។ នេះ​គឺជា​ការលើកកម្ពស់ សុខុមាលភាព​មាតា និង​ទារក ព្រមទាំង​ចូលរួមចំណែក​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់ របស់​មាតា និង​ទារក និង​អាហារូបត្ថម្ភ​ដល់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ ចាប់តាំងពី​កូន​ក្នុង​ផ្ទៃ​រហូតដល់​អាយុ​២​ឆ្នាំ​។ ជាពិសេស​បាន​ជំរុញ​ឱ្យ​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ និង​កូន មក​ទទួល​សេវា​ថែទាំ​សុខភាព​ទៀងទាត់​»​។​

​រដ្ឋមន្ត្រី ថ្លែងបន្តថា កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ប្រមាណ​៧៦​ម៉ឺន​រៀល ដល់​ស្ត្រី​មកពី​គ្រួសារ​ក្រីក្រ គឺ​ចាប់ពី​ពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​មាន​អាយុ​ក្រោម​២​ឆ្នាំ គឺ​បានចាប់ផ្តើម​អនុវត្ត​ហើយ ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​។ ក្នុងដំណាក់កាល​ដំបូង​នេះ មាន​ស្ត្រី​កំពុងមាន​ផ្ទៃពោះ និង​ស្ត្រី​សម្រាលកូន​ហើយ មកពី​គ្រួសារ​ក្រីក្រ​នៅ​ទូទាំងប្រទេស​សរុប​ប្រមាណ ៥​ម៉ឺន​នាក់ និង​ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​៕B/