បក្សប្រឆាំង​ស្វាគមន៍​ចំពោះ​ការស៊ើបអង្កេត​លើ​ប្រភព​ហិរញ្ញវត្ថុ​របស់ខ្លួន​ ​

327

(​ភ្នំពេញ​) ៖ ខណៈដែល​ក្រសួងមហាផ្ទៃ​ប្រកាស​បើក​ការស៊ើបអង្កេត លើ​ប្រភព​ថវិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​,​មន្ដ្រី​គណបក្ស​នេះ​បាន​បង្ហាញ​ជំហរ​ស្វាគមន៍ និង​មិន​តក់ស្លុត​ចំពោះ​ការព្រមាន​ចាត់វិធានការ​តាមច្បាប់​ស្ដីពី​គណបក្សនយោបាយ​នោះឡើយ​។​


​ ​
​លោក យឹម សុវណ្ណ មន្ដ្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​តាមរយៈ​វិទ្យុ​ក្រៅ​ស្រុក​មួយ​ថា ហាក់​មិន​ខ្វល់ខ្វាយ​ចំពោះ​គ្រោះអាក្រក់ ដែល​នឹង​កើតឡើង​ចំពោះ​គណបក្ស​នេះ​ទេ​។ លោក​បន្តថា​គណបក្សប្រឆាំង​បាន​បំពេញការងារ​ដោយ​ផ្អែក​ទៅតាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ​​របស់ខ្លួន​រួចទៅហើយ​។ ជាងនេះទៀត របាយការណ៍​ដែល​គណបក្ស​បាន​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ សុទ្ធតែ​បានបង្ហាញ​ពី​ភាព​ស្អាតស្អំ​និង​តម្លា​​ភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន​រួចទៅហើយ​ដែរ​។
​ ​
​លោក​បន្តថា ៖ “​ឥឡូវ​វា​ច្របូកច្របល់ ខ្ញុំ​វា​មិន​យល់​ដែរ មិនដឹង​ជា​ព័ត៌មាន​ពិត ព័ត៌មាន​ណា​មិន​ពិត​។​គ្រាន់តែ​ពី​គេហទំព័រ​ពី​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ជ្រួលច្របល់​អ៊ីចឹងទៅ​។ រឿងនេះ​កើតឡើង​តែ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ចំពោះ​គណបក្ស​ដទៃទៀត​ដែល​បំប៉ោង​ព័ត៌មាន មិនដែល​ឃើញ​ស៊ើបអង្កេត​ទេ​”​។​
​ ​
​គួរ​បញ្ជាក់ថា ក្រោយពី​មានការ​បញ្ចេញ​ព័ត៌មាន​ជា​បន្ដបន្ទាប់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​បរទេស​ដើម្បី​រៀបចំ​ផែន​​ការផ្ដួលរំលំ​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​បើក​ការស៊ើបអង្កេត​ចំពោះ​ប្រភព​ថវិកា​របស់​គណបក្ស​​សង្គ្រោះ​ជាតិ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា គណបក្ស​នេះ បានទទួល​ថវិកា​ពី​ក្រៅប្រទេស ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា​ដែល​ល្មើស​​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ នេះ​បើតាម​ការ​ការចុះផ្សាយរ​បស់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ ដែល​បាន​ដកស្រង់​សម្ដី អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​
​ ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​ថា រហូតមកដល់​ពេលនេះ​ក្រសួង​មិនទាន់​ចាត់​ទុក​ព័ត៌មាន​បែកធ្លាយ​នោះ​យ៉ាងណាទេ គ្រាន់តែ​ស្រាវជ្រាវ​មើល​ប៉ុណ្ណោះ ថា​តើ​ពិត​កម្រិតណា យើង​មិនទាន់​ចាត់ទុកថា ៖“…​ព័ត៌មាន​នេះ​ពិតប្រាកដ ឬ​មិន​ពិតប្រាកដ​ទេ យើង​គ្រាន់តែ​ស្រាវជ្រាវ​រកមើល​ថា រឿងនេះ​ពិត ឬ​មិន​ពិត​កម្រិតណា​…​អញ្ចឹង​ក្នុងនាម​ជា​អគ្គនាយកដ្ឋាន ដែលជា​សេនាធិការ​របស់​ក្រសួងមហាផ្ទៃ​នេះ យើង​បានស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​មានការ​ស៊ើបអង្កេត​រឿង​ហ្នឹង​…”​។​
​ ​
​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ការទទួល​លុយ​ពី​បរទេស ដើម្បី​ធ្វើ​នយោបាយ​នៅ​កម្ពុជា​នេះ​គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​​ទាំងមូល ដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ​បាន​ហាមឃាត់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កើតឡើង​ដូច​អតីតកាល​។
​ ​
​លោក​បញ្ជាក់ថា “​នៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​ហាម​ដាច់ខាត មិន​ឲ្យ​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​ពី​បរទេស​យកមក​ធ្វើ​សកម្មភាព​ទេ ពីព្រោះ​នេះ គឺជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​គណបក្ស​នីមួយៗ ឬ​ជាតិ​យើង​។​យើង​មាន​សោក​នាដ​កម្ម សង្គ្រាម​បង្ហូរឈាម ដោយសារតែ​ការជ្រៀតជ្រែក​របស់​បរ​ទេស ប៉ុន្តែ​បើ​គ្រាន់តែ​រៃអង្គាស​ពី​ប្រជាពលរដ្ឋ​ខ្មែរ នូវ​អង្ករ​១​កំប៉ុង​លុយ​១​រៀល ឬ​ប៉ុន្មាន​ក៏ដោយ មិន​បញ្ហា​អី​ដែរ​”​។​
​ ​
​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ទំព័រ​Facebook មួយ​ឈ្មោះ​«​កូន​ខ្មែរ​»​បាន​ទម្លាយ​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជា​អាថ៌កំបាំង​ពាក់ព័ន្ធ​​នឹង​ការឃុបឃិត​គ្នា​ជា​បន្តបន្ទាប់​រវាង​អង្គការ​របស់ អាមេរិក​ជាមួយនឹង​គណបក្សប្រឆាំង​នៅ​កម្ពុជា​។ Facebook នោះបាន​សរសេរថា កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៣ អង្គការ CANVAS របស់​សហរដ្ឋអាមេរិក បាន​ទៅ​បង្រៀន​ថ្នាក់ដឹកនាំ និង​សកម្មជន CNRP ដល់ទី​ស្នាក់ការ​បក្សប្រឆាំង អំពី​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ធ្វើបាតុកម្ម និង​កុប្បកម្ម ព្រមទាំង​ផ្តល់​ថវិកា ៣៩០.០០០​ដុល្លារ ដើម្បី​ជួយ CNRP ក្នុងការ​រៀបចំ​ផែនការ និង​ចាត់តាំង​អនុវត្ត​យុទ្ធសាស្ត្រ ចងក្រង​បណ្តាញ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​ផងដែរ​។​
​ ​
​យោងតាម​មាត្រា​២៩ ជំពូក​៦ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា គណបក្សនយោបាយ ត្រូវ​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះជា​តាម​រូបភាព​ណាក៏ដោយ​ពី​ស្ថាប័នរដ្ឋ សមាគម អង្គការក្រៅរដ្ឋាភិបាល សហគ្រាស​សាធារណៈ គ្រឹះស្ថានសាធារណៈ​វិទ្យាស្ថាន​សាធារណៈ ឬ​ក្រុមហ៊ុន​របស់​បរទេស​។ គណបក្ស​ណា​ដែល​ល្មើ​សនឹង​បញ្ញត្តិ​នៃ​ច្បាប់​នេះ នឹងត្រូវ​ពិន័យ​៣​លាន​ដល់ ៥​លាន​រៀល​ឬ​អាចឈាន​​ដល់​ការផ្អាក​សកម្មភាព​នយោបាយ ជា​បណ្តោះអាសន្ន​ផងដែរ​៕​ដោយ​៖​វិបុល​/sn