បក្ស​ប្រជាធិបតេយ្យ​និង​ភូម​ចៃ​ថៃ ប្រុង​ចាប់ដៃ​ជាមួយ​គណបក្ស​យោធានិយម​ដើម្បី​បន្ត​អោយ​ប្រា​យុទ្ធ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​

842
ចែករម្លែក

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា កំពុង​ជិត​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី ខណៈ​គណបក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត​(PPRP)​របស់លោក បាន​ព្រមព្រៀង​ជំហាន​ដំបូង​ជាមួយ​គណបក្ស​​ភូម​ចៃ​ថៃ​និង​បក្ស​ប្រជាធិបតេយ្យ ដោយ​ទំនងជា​ត្រូវ​ប្រគល់​ជូន​តំណែង​សំខាន់ៗ​ក្នុង​គណៈរដ្ឋមន្ត្រី​នាពេលខាងមុខ​ដល់​គណបក្ស​ជា​ដៃគូ​។​

​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​PPRP​ដែល​បាន​សុំ​ផ្តល់​តំណែង​រដ្ឋមន្ត្រី​សុខាភិបាល​ដល់​មេដឹកនាំ​បក្ស​ភូម​ចៃ​ថៃ​លោក អានុ​ទីន ឆាន​វី​រ៉ា​គុល និង​តំណែង​​ប្រធាន​សភា​ដល់​សមាជិក​ជាន់ខ្ពស់​បក្ស​ប្រជាធិបតេយ្យ​លោក បាន់​យ៉ាត បាន​តាត​តាន់ នេះ​បើ​តាម​ប្រភពព័ត៌មាន​។​

​ទោះជា​យ៉ាងណា សមាជិក​បក្ស​ភឿ​ថៃ ខ្លះ​បាន​ស្នើ​ថា​គណបក្ស​គួរ​ធ្វើ​ជា​បក្សប្រឆាំង​និង​កុំ​គាំទ្រ​បេក្ខភាព​បក្ស​ប្រជាធិបតេយ្យ សំរាប់​តំណែង​ប្រធានសភា ដើម្បី​កុំអោយ​ចាញ់​ក្នុង​​ល្បែង​នយោបាយ​។​យោងតាម​ប្រភព​ព័ត៌មាន ទោះជា​សម្ពន្ធភាព​ដឹកនាំ​ដោយ​ភឿ​ថៃ​អាច​ទាក់ទាញ​គណបក្ស​ប្រជាធិបតេយ្យ​និង​ភូម​ចៃ​ថៃ​មក​ខាង​ខ្លួន​ក៏​វា​នៅតែ​មិនបង្កើត​​បាន​សម្លេង​គ្រប់គ្រាន់​ចាំបាច់​សំរាប់​ផ្ចាញ់​ក្រុម​ដែល​ដឹកនាំ​ដោយ​PPRP​។​

​ក្រោម​រដ្ឋធម្មនុញ្ញ​តាក់តែង​ឡើង​ដោយ​ក្រុម​យោធា ព្រឹទ្ធសភា​២៥០​រូប នឹង​ចូលរួម​ជាមួយ​សភា​ដែល​មាន​៥០០​រូប​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​មួយរូប ដែល​ត្រូវតែ​​ទទួលបាន​ការគាំទ្រ​លើ​៥០​ភាគរយ​នៃ​សម្លេង​បោះឆ្នោត​ពី​សភា​ទាំង​ពីរ​។​

​ប្រភព​បក្ស​ដដែល​បាន​និយាយថា បើ​ភៀ​ថៃ​មិន​មាន​ឱកាស​ឈ្នះ​តំណែង​នាយករដ្ឋមន្ត្រី​ទេ គួរ​ធ្វើ​ជា​បក្សប្រឆាំង​និង​គោរព​ការបោះឆ្នោត​របស់​ប្រជាជន​។​

មេដឹកនាំ​បក្ស​ភូម​ចៃ​ថៃ​លោក អានុ​ទីន ឆាន​វី​រ៉ា​គុល

​ក្នុងពេល​ជាមួយគ្នា ប្រភព​ផ្ទៃក្នុង​នៃ​គណបក្ស​ភូម​ចៃ​ថៃ បានអោយដឹងថា សមាជិក​សំខាន់ៗ​របស់​បក្ស​បាន​យល់ព្រម​អោយ​គណបក្ស​ចូលរួម​ជាមួយ​PPRP​នៅក្នុង​ការបង្កើត​រដ្ឋា​​ភិបាល​ចំរុះ​មួយ​និង​លោក​អានិ​ទីន នឹង​ក្លាយជា​រដ្ឋមន្ត្រី​សុខាភិបាល តែ​ការសំរេច​ផ្លូវការ​ត្រូវ​រង់ចាំ​ដល់​កិច្ចប្រជុំ​គណៈនាយក​នៅ​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា ចំណែក​គណបក្ស​ប្រជា​ធិប​​តេ​យ្យ​ក៏មិនទាន់​ធ្វើ​ការសំរេច​ជា​ផ្លូវ​ការដែរ​។​

​ឧត្តមសេនីយ៍ ប្រា​យុទ្ធ កាលពី​ថ្ងៃ​សុក្រ​បាន​សម្តែង​ជំនឿ​ចិត្ត​ថា​លោក​នឹង​វិល​មក​កាន់​តំណែង​នាយករដ្ឋមន្ត្រី និង​មុខតំណែង​សំខាន់ៗ រួម​មាន​ការពារជាតិ មហាផ្ទៃ ហិរញ្ញវត្ថុ​​និង​គមនាគមន៍​ទំនងជា​ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​សំខាន់ៗ​នៅក្នុង​រដ្ឋាភិបាល​បន្ទាប់​៕​ដោយ​៖​វាសនា​

អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​លោក បាន់​យ៉ាត បាន​តាត​តាន់ ត្រូវ​គេ​គ្រោង​ជ្រើសតាំង​ជា​ប្រធានសភា​

#