បក្ស​ប្រជាធិបតេយ្យ ប្តឹង រុស្ស៊ី យុទ្ធនាការ​ត្រាំ និង វេ​ប​សាយ Wikileaks រឿង​ឃុបឃិត​គ្នា​រំខាន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​

633

​គណបក្ស​ប្រជាធិបតេយ្យ​នៅ​អាមេរិក​កំពុង​ប្តឹង​ប្រទេស​រុស្ស៊ី យុទ្ធនាការ​ត្រាំ និង​វេ​ប​សាយ​ទម្លាយ​រឿង​រសើប Wikileaks សម្រាប់​ការ​សមគំនិត​គ្នា​ដើម្បី​រំខាន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦​។​

​ឯកសារ​ដែល​បានដាក់​នៅ​តុលាការ​បាន​ចោទប្រកាន់ថា យុទ្ធនាការ​ត្រាំ “​បាន​ទទួលយក​ជំនួយ​របស់​រុស្ស៊ី​ដោយ​ក្តី​រីករាយ​” ដើម្បី​ឈ្នះ​ការបោះឆ្នោត​។​

​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ច្រានចោល​ការឃុបឃិត​នេះ​ជាច្រើនលើក​ច្រើនសា​មកហើយ ហើយ​រុស្ស៊ី​ក៏បាន​បដិសេធ​ការចោទប្រកាន់​នេះ​ផងដែរ​។​

​យុទ្ធនាការ​ត្រាំ​បាន​និយាយថា ពាក្យបណ្តឹង​នេះ​គ្មាន​គុណ​តម្លៃ ហើយនឹង​ត្រូវ​ទាត់ចោល​ជាមិនខាន​។​

​សេចក្តីថ្លែងការណ៍​មួយ​ពី​លោក ដូ​ណា​ល់ ត្រាំ ជេ​អា សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​បាន​និយាយថា “​ការប្តឹង​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​ដើម្បី​បញ្ជាក់​ពី​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​អំពី​ការឃុបឃិត​ជាមួយ​រុស្ស៊ី​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជិត​ក្ស័យធន ដែល​នៅតែ​ព្យាយាម​ប្រឆាំងនឹង​ឆន្ទៈ​ប្រជាជន​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦”​។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​កាលពីពេល​មុននេះ​បាន​សន្និដ្ឋានថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ព្យាយាម​ជ្រៀតជ្រែក​ការបោះឆ្នោត​ដើម្បី​គាំទ្រ​ខាង​លោក​ត្រាំ​។​

​ការស៊ើបអង្កេត​ជាច្រើន​លើ​បញ្ហា​នេះ​កំពុងដំណើរការ​រួចហើយ​៕ ដោយ៖ កញ្ញាដាលីស

បក្ស​ប្រជាធិបតេយ្យ​ដាក់ពាក្យ​ប្តឹង​វេ​ប​សាយ Wikileaks រុស្ស៊ី និង យុទ្ធនាការ​ត្រាំ