បក្ស​ភឿ​ថៃ​ជ្រើសរើស​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ថាក់ស៊ីន​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​

413
ចែករម្លែក
  • 387
    Shares

​គណបក្ស​ភឿ​ថៃ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ដោយ​យោធា​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១មករា​បានជ្រើសរើស​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ជា​បេក្ខជន​សំខាន់​របស់ខ្លួន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៤ ខែមីនា​។​

​លោកស្រី ស៊ុ​ដា​រ៉ាត់ កេ​យុ​រ៉ា​ផាន់ (Sudarat Keyuraphan) របស់​គណបក្ស​ភឿ​ថៃ​អាច​នឹង​ប្រឈមមុខ​ជាមួយ​មេដឹកនាំ​យោធា​បច្ចុប្បន្ន​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​នៅក្នុង​ការបោះឆ្នោត ទោះបីជា​លោក​ប្រា​យុទ្ធ​មិនទាន់បាន​និយាយថា​លោក​នឹង​ទទួលយក​ការតែងតាំង​របស់​គណ​បក្ស​គាំទ្រ​យោធា​មួយ ដែល​ចង់ឱ្យ​គាត់​ឈរ​នៅ​ខាង​បក្ស​របស់គេ​ក៏ដោយ​។​

​លោក​ប្រា​យុទ្ធ​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​សុក្រ​ទី​១កុម្ភៈ​ដើម្បី​បញ្ជាក់​ពី​ភាពជោគជ័យ​របស់រប​ប​យោធា​ក្នុងពេល​កាន់អំណាច​ជិត ៥ ឆ្នាំ​។​

​អ្នកនយោបាយ​ជើងចាស់ ស៊ុ​ដា​រ៉ាត់ អាយុ ៥៧ ឆ្នាំ​គឺជា​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​របស់លោក​ថាក់​ស៊ីន ដែល​បាន​ជួយ​បង្កើត​គណបក្ស​ថៃ​រ៉ា​ក់​ថៃ ដែល​គេ​រំលាយចោល​។​

​លោកស្រី​ស៊ុ​ដា​រ៉ាត់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ថា “​ខ្ញុំ​បាន​ទទួលយក​តួនាទី​ជា​អ្នកដឹកនាំ​។ ឥឡូវនេះ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្លាយជា​នាយករដ្ឋមន្ត្រី​”​។​

​លោកស្រី​បាន​បន្ថែមថា “​ខ្ញុំ​ជឿជាក់ថា គណបក្ស​ភឿ​ថៃ​នឹង​ឈ្នះ​ការបោះឆ្នោត​នេះ​”​។​

​គណបក្ស​ដែល​ស្មោះត្រង់​នឹង​លោក​ថាក់ស៊ីន​បានឈ្នះ​គ្រប់ការ​បោះឆ្នោត​នៅក្នុង​ប្រទេស​ថៃ​ចាប់តាំងពី​ឆ្នាំ ២០០១​។​

​លោក​ថាក់ស៊ីន​ត្រូវបាន​ផ្ដួលរំលំ​ដោយ​យោធា​កាលពី​ឆ្នាំ ២០០៦ ហើយ​ប្អូនស្រី​របស់លោក គឺ​លោកស្រី​យី​ង​ឡាក់​ក៏ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ដែរ​ក្នុង​ឆ្នាំ​២០១៤​។ បច្ចុប្បន្ន​អ្នក​ទាំងពីរ​បាន​រត់គេច​ខ្លួន បន្ទាប់ពី​ត្រូវបាន​កាត់ទោស​ពីបទ​ពុករលួយ​និង​ការធ្វេសប្រហែស​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ស៊ុ​ដា​រ៉ាត់ កេ​យុ​រ៉ា​ផាន់ នឹង​ប្រជែង​ក្នុងការ​បោះឆ្នោត​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី
#