បក្ស​អនាគត​ទៅមុខ គូស​ផែនទី​នយោបាយ​ឡើងវិញ​និង​បង្ហាញឱ្យឃើញ​អំពី​អនាគត​

441
ចែករម្លែក

​ជំរុញ​ភាព​ក្លៀវក្លា​ដោយ​មហាសេដ្ឋី​ទូរគមនាគមន៍​ម្នាក់ ជួល​បុគ្គលិក​ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា និង​ផ្តល់​អំណាច​ដោយ​ការបោះឆ្នោត​ពី​មនុស្ស​វ័យក្មេង​កើត​នៅ​ទសវត្សរ៍​ឆ្នាំ​២០០០ គណបក្ស​អនាគត​ទៅមុខ (FFP) បាន​លេច​ឡើងជា​កម្លាំង​ថ្មី​មួយ​នៅក្នុង​នយោបាយ​ថៃ​។​

​បក្ស​នេះ​បានដាក់​ចេញ​បេសកកម្ម​របស់ខ្លួន​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​មិន​ស្មើភាព​គ្នា​និង​ដកចេញ​នូវ​ឥទ្ធិពល​របស់​កងទ័ព​ក្នុង​នយោបាយ​។​

​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​បក្ស FFP នៅ​ទីក្រុង​បាងកក ការសម្តែង​ភាព​រីករាយ​គឺធ្វើឡើង​ដោយ​លាក់​ក្នុង​ចិត្ត ដោយសារតែ​លទ្ធផល​ដំបូង​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មីនា​បាន​បង្ហាញថា បក្ស​នេះ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅរក​ការកាន់កាប់​អាសនៈ​សភា​ចំនួន ៣០ ជាមួយ​ប្រព័ន្ធ​បញ្ជី​គណបក្ស​សមាមាត្រ​ទំនងជា​នឹង​ផ្តល់​អាសនៈ​រាប់សិប​ទៀត​ដល់​សន្លឹកឆ្នោត​ចំនួន​ជាង ៥ លាន​របស់​ពួកគេ​។​

​ប្រសិនបើ​លទ្ធផល​ចេញមក​ដូច្នេះ​មែន ហើយ​បញ្ហា​គំរាមកំហែង​ផ្នែក​ច្បាប់​បាន​រលាយ​សាបសូន្យ​សម្រាប់​បក្ស​អនាគត​ទៅមុខ នោះ​បក្ស​នេះ​នឹង​ក្លាយជា​គណបក្ស​ធំ​លំដាប់​ទី ៣ របស់​ថៃ បន្ទាប់ពី​បក្ស​នេះ​បង្កើតឡើង​មិនទាន់បាន​មួយឆ្នាំ​ផង​នោះ​។​

​របៀបវារៈ​របស់​បក្ស​នេះ​គឺ​ថ្មី​សន្លាង ពោលគឺ​ត្រូវ​កែ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ដើម្បី​ដក​ឥទ្ធិពល​យោធា​ចេញពី​នយោបាយ កាត់បន្ថយ​ថវិកា​ការពារជាតិ លុបបំបាត់​លែងឱ្យ​មាន​ការបំពេញ​កាតព្វកិច្ច​យោធា​នៅពេល​គ្រប់​អាយុ និង​ដោះស្រាយ​វិសមភាព​ក្នុងសង្គម​ថៃ​។​

​ហើយ​មេដឹកនាំ​វ័យ ៤០ ឆ្នាំ​របស់​បក្ស លោក ថា​ណា​ថន រឿង​រុងរឿង​គីត ដែលជា​សមាជិក​ដ៏​មាន​ស្តុកស្តម្ភ​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត Thai Summit បាន​និយាយថា គាត់​នឹង​នៅក្នុង​នយោបាយ​រយៈពេល​យូរ​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​គណបក្ស​នេះ​មិនមែន​បង្កើតឡើង​ដើម្បី​តែ​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​នេះនោះ​ទេ​។ ល្បែង​ចុងក្រោយ​របស់​យើង​គឺ​ជួយ​ប្រទេស​ថៃ​ឱ្យ​វិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ របៀបវារៈ​របស់​យើង​គឺជា​របៀបវារៈ​សាធារណៈ … យើង​នៅទីនេះ​ពីព្រោះ​យើង​ចង់​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ពិតប្រាកដ​”​។​

​លោក​ថា​ណា​ថន​បាន​រុញ​ត្រឡប់​ទៅវិញ​នូវ​កែវ​ទឹក​មួយ​ដែល​ហុច​ឱ្យ​ដោយ​ជំនួយការ​វ័យក្មេង​ម្នាក់ ដោយ​រូបគាត់​ផ្ទាល់​បាន​ពាក់​អាវយឺត​បក្ស​អនាគត​ទៅមុខ​និង​ស្បែកជើង​ប៊ូល​គ្មាន​ស្រោមជើង ដូច​បុគ្គលិក​ដទៃទៀត​ដែរ​។​

​ទោះបីជា​មានទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សម្បើម​ក៏ដោយ ដែល​គាត់​បាន​រក្សាទុក​ក្នុង​ស្ថាប័ន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ឯកជន​មុន​ការបោះឆ្នោត ក៏ប៉ុន្តែ​ការជំរុញឱ្យ​លោ​កថា​នាថ​ធ្វើ​នយោបាយ​គឺ​កើតចេញពី​ការចង់​លុបបំបាត់​ឥទ្ធិពល​របស់​យោធា​និង​ជួយ​ពលរដ្ឋ​សាមញ្ញ​។​

​សំឡេង​យុទ្ធនាការ​របស់គាត់​គឺ​ផ្ទុយស្រឡះ​យ៉ាងខ្លាំង​ពី​គូប្រជែង​ជាច្រើន​ទៀត ដោយ​គាត់​ផ្ទាល់​បាន​ចូលរួម​ក្នុងការ​សន្ទនា​ជាមួយ​អ្នកគាំទ្រ​របស់គាត់​តាមរយៈ Twitter និង​ការជួប​ជុំគ្នា​ជាច្រើន​កន្លែង​។​

​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​បក្ស គេ​សង្កេតឃើញ​អវត្តមាន​ដ៏​គួរឱ្យកត់សម្គាល់​នៃ​ការ​ឱនលំទោន​គោរព​មេ​ពី​សំណាក់​បុគ្គលិក​តូចតាច និង គ្មាន​អ្នកយាម​ទ្វារ​ណា​ម្នាក់​ឈរ​គោរព​ដូចដែល​ពួក​មានអំណាច​ថៃ​ដទៃទៀត​តម្រូវឱ្យមាន​នោះទេ​។​

​ជំនួស​មកវិញ​ពួក​ជំនួយការ​បាននាំគ្នា​អង្គុយ​នៅ​ជុំវិញ​កុំព្យូទ័រ ដោយ​កត់ត្រា​នូវ​ចំនួន​សរុប​នៃ​មណ្ឌលបោះឆ្នោត ដោយ​បើកភ្នែក​ធំៗ​សម្លឹងមើល​សន្ទុះ​ងើបឡើង​មិនគួរ​ឱ្យ​ជឿ​របស់​បក្ស​។​

​បុគ្គលិក​មួយចំនួន​គឺជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ធនធាន​មិនទាន់​ប្រើ​រាប់លាន​នាក់​ក្នុងចំណោម​មនុស្ស​ដែល​កើត​នៅ​ទសវត្សរ៍​ឆ្នាំ​២០០០​។​

​ភាគច្រើន​នៃ​អ្នកបោះឆ្នោត​ឱ្យ​បក្ស​នេះ​គឺជា​អ្នកបោះឆ្នោត​លើកដំបូង​ដែល​បារម្ភ​អំពី​ការធ្វើ​រដ្ឋប្រហារ​ញឹកញាប់​នៅ​ថៃ​និង​រដ្ឋាភិបាល​អាយុ​ខ្លី​និង​ដំណាក់កាល​នយោបាយ​ដែល​បង្កើតឡើង​ដោយ​ពួក​ឧ​ត្ត​ម​សេនីយ៍​វ័យចាស់ៗ​និង​អ្នកនយោបាយ​ជើងចាស់​ដែល​មិន​ព្រម​លាឈប់​។​

​លោក​ថា​ណា​ថន​បាន​បន្ថែមថា “​ការបែងចែក​ថ្មី​ឥឡូវនេះ​គឺ​រវាង​ប្រជាជន​ដែល​គាំទ្រ​របប​យោធា​និង​ប្រជាជន​ដែល​ប្រឆាំងនឹង​របប​យោធា​”៕ ដោយ៖ កញ្ញាដាលីស

លោក ថា​ណា​ថន រឿង​រុងរឿង​គីត មេបក្ស​អនាគត​ទៅមុខ