បក្ស សម រង្ស៊ី គ្រោង​រៀបចំ​សមាជ​ប្ដូរ​ឈ្មោះ​គណបក្ស​ស្រប​នឹង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ថ្មី​ ​

1016
ចែករម្លែក

(​ភ្នំពេញ​) ៖ គណបក្ស​សម រង្ស៊ី គ្រោង​នឹងធ្វើ​សមាជ​វិសាមញ្ញ​មួយ ដើម្បី​ប្ដូរ​ឈ្មោះ​គណបក្ស​សម រង្ស៊ី ទៅជា​គណបក្ស​ផ្សេង​វិញ​។​នេះ​បើ​យោង​តាម​ការលើកឡើង​រប​ស់លោក​ទាវ វ​ណ្ណុល ប្រធានស្ដីទី គណបក្ស​សម រង្ស៊ី​ដែល​បានបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ក្រៅ​ស្រុក​​មួយ​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​ ​
​លោក​ទាវ វ​ណ្ណុល បាន​បញ្ជាក់ថា “…​យើង​បាន​ពិភាក្សា​ជាមួយ​ឯកឧត្ដម​សម រង្ស៊ី ក៏ដូចជា​ឯកឧត្តម គង់ គាំ​ជាមួយនឹង​សមាជិក​អចិ​​ន្ដ្រៃ​យ៍​ថា ក្នុង​រយៈពេល​៣​ខែ​ខាងមុខនេះ បានន័យថា ក្នុង​រយៈពេល​ឆាប់ៗ​នេះ គណបក្ស​សម រង្ស៊ី នឹងធ្វើ​សមាជ​វិសាមញ្ញ​មួយ​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​ឈ្មោះ គណបក្ស​សម រង្ស៊ី ទៅជា​គណបក្ស​ស្អី​មួយ​ដែល​យើង​នឹង​រក​ក្នុងពេល​ខាងមុខនេះ​…​ខ្ញុំ​បាន​ឲ្យ​គំនិត​ទៅខាង​គណៈ​​អចិន្ដ្រៃយ៍​ថា យើង​អាចដាក់​ទៅជា គណបក្ស​ភ្លើងទៀន ខ្លី​ងាយ​យល់ ឬមួយ​ក៏​ដាក់ថា គណបក្ស​ពន្លឺ​ប្រជាធិបតេយ្យ​…”​។​
​ ​
​លោក​ទាវ វ​ណ្ណុល ក៏បាន​បញ្ជាក់​ផងដែរ​ថា មូល​ហេតុដែល​គណបក្ស​សម រង្ស៊ី គ្រោង​ប្ដូរ​ឈ្មោះ ទៅជា​គណបក្ស​ផ្សេង​នោះ ក៏​ព្រោះតែ នៅពេលដែល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ថ្មី​ចេញ​ជា​ផ្លូវការ​នោះ​នឹងមិន​អាច​ឲ្យ​គណបក្សនយោបាយ​ដាក់ឈ្មោះ​រូបវ័ន្ដ​បុគ្គល​ជា​ឈ្មោះ​គណបក្ស នោះឡើយ​។​

​សូមបញ្ជាក់ថា​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ដែល​ទើប​កែប្រែ​ថ្មី​នេះ ដាក់ទោស​ទៅលើ​គណបក្សនយោបាយ ដែល​ឃុបឃិត​ជាមួយ​ទណ្ឌិត ឬ​ប្រើប្រាស់​រូបភាព សំឡេង ទណ្ឌិត​ដើម្បី​បម្រើ​ប្រយោជន៍​របស់ខ្លួន​។​លោក​សម រង្ស៊ី សព្វ​ថ្ងៃជា​ទណ្ឌិត​ដែល​រត់គេចខ្លួន​ពី​ការអនុវត្តន៍​ទោស​ជាប់គុក​និង​ពិន័យ​ប្រា​ក់នៅ​កម្ពុជា​៕ដោយ៖វិបុល-វាសនា

លោក​ទាវ វ​ណ្ណុល ប្រធានស្ដីទី គណបក្ស​សម រង្ស៊ី