បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង ជា​អ្នក​ផ្តល់​ព័ត៌មាន​ឱ្យ​CIA

567
ចែករម្លែក

​កាសែត Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​ខែ​មិថុនា​ថា លោក គីម ជុង ណា​ម (Kim Jong Nam) ដែល​ជា​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​​ខាងជើង លោក គីម ជុង​អ៊ុន ដែល​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ ២០១៧​នោះ បាន​ធ្វើ​ជា​អ្នក​ផ្តល់​ព័ត៌មាន​ឱ្យ​ភ្នាក់ងារ​ចារកម្ម​កណ្តាល​របស់​ស​ហ​រដ្ឋ​អាម៉េរិក​(CIA) ។​

​កាសែត​នេះ បាន​ដកស្រង់​សម្តី​របស់​មនុស្ស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ ហើយ​បាន​និយាយ​ថា ​ព័ត៌មាន​លម្អិត​ជា​ច្រើន​អំពី​ទំនាក់ទំនង​របស់​លោក គីម​ ជុង​ណា​ម ជាមួយ​ក្រុម​CIA នៅតែ​មិន​ច្បាស់​។

​ក្រុម​CIA បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ចំពោះ​ការបញ្ចេញ​ព័ត៌មាន​អំពី​ទំនាក់ទំនង​ខាងលើ​។​

​កាសែត Wall Street Journal បាន​ដកស្រង់​សម្តី​មនុស្ស​ម្នាក់​នោះ ដែល​បាន​និយាយថា ” មាន​ការទាក់ទង​គ្នា​រវាង​ក្រុម​CIA និង លោក គីម ជុង​ណា​ម​”​។​

​កាសែត​នេះ បាន​និយាយថា​” អតីតមន្ត្រី​អាម៉េរិក​ច្រើន​នាក់​បាន​និយាយថា លោក គីម ជុង​ណា​ម ដែល​បាន​រស់នៅនៅ​ក្រៅ​ប្រទេស​កូរ៉េខាងជើង​ជាច្រើន​ឆ្នាំ​និង​មិន​មាន​​មូលដ្ឋាន​អំណាច​នៅ​ទីក្រុង​ព្យុងយ៉ាង​នោះ គឺ​ទំនងជា​អាច​ផ្តល់​ព័ត៌មាន​សម្ងាត់រ​បស់​ប្រទេស​កូរ៉េខាងជើង​”​។​

​កាសែត​ដដែល​នេះ បាន​និយាយថា​អតីត​មន្ត្រី​ទាំងនោះ ក៏​បាន​និយាយ​ផងដែរ​ថា លោក គីម ជុង​ណា​ម បាន​ធ្វើការ​ទាក់ទង​នឹង​សេវា​សន្តិសុខ​នៃ​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​ប្រទេស​ចិន​។​

​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​និង​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ក្រុម​អាជ្ញាធរ​កូរ៉េ​ខាងជើង​បាន​បញ្ជា​ឱ្យ​ធ្វើឃាត​លោក គីម ជុង​ណា​ម ដែល​បាន​រិះគន់​ការគ្រប់គ្រង​តៗ​គ្នា​របស់​​គ្រួសារ​របស់​លោក​។ ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​ស្ត្រី​២​នាក់​គឺ​ម្នាក់​ជា​ជនជាតិ​វៀតណាម​និង​ម្នាក់​ទៀត​ជា​ឥណ្ឌូណេស៊ី​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ដាក់​ថ្នាំ​បំពុល​សម្លាប់ លោក គីម ជុង​ណា​ម​ជា​មួយ​នឹង​សារធាតុ​គីមី​លើ​ផ្ទៃមុខ​​របស់លោក នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ​កាលខែ​កុម្ភៈ​ឆ្នាំ ២០១៧ ។ ប្រទេស​ម៉ាឡេស៊ី​បាន​ដោះលែង​ជនសង្ស័យ​ម្នាក់​កាលពី​ខែ​មីនា​និង​ម្នាក់​ទៀត​កាលពី​ខែ​ឧសភា​៕​ដោយៈ​សុខា​/sn/Ha

លោក គីម ជុង​ណា​ម ត្រូវបាន​សម្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ ២០១៧