បងប្អូន​ត្រកូល​កា​ដា​សៀន​ទទួលបាន​ប្រាក់ ១០ លាន​ដុល្លារ​ក្នុងការ​ឈ្នះក្តី​លើ​ក្រុមហ៊ុន Hillair Capital Management

391
ចែករម្លែក

​បងប្អូន​ស្រី​កា​ដា​សៀន​បានឈ្នះ​បន្តឹង​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន Hillair Capital Management កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​។​

​បងប្អូន​ស្រី​ត្រកូល​កា​ដា​សៀន​បីនាក់ ដែលមាន​ឈ្មោះ ខួ​ត​នី អាយុ ៣៩ ឆ្នាំ គីម អាយុ ៣៨ ឆ្នាំ​និង ក្លូ អាយុ ៣៤ ឆ្នាំ​បាន​ប្តឹង​ក្រុមហ៊ុន​នេះ​ឈ្នះ​ដោយ​ទទួលបាន​ប្រាក់ ១០ លាន​ដុល្លារ​។​

​យោងតាម​វេ​ប​សាយ TMZ បានឱ្យដឹងថា ការតស៊ូ​ផ្លូវច្បាប់​នេះ​គឺ​ទាក់ទង​នឹង​ក្រុមហ៊ុន​គ្រឿងសម្អាង Kardashian Beauty ជាមួយ Haven ។​

​នៅក្នុង​ឯកសារ​របស់​តុលា​ការដែល​ទទួលបាន​ដោយ​វេ​ប​សាយ TMZ គឺ​បាន​និយាយថា “​គណៈ​ចៅក្រម​បីនាក់​បាន​ច្រានចោល​ទាំងស្រុង​នូវ​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន Hillair ហើយ​បាន​បង្គាប់​ឱ្យ​ក្រុមហ៊ុន​នេះ​បង់ប្រាក់​ទៅ​គីម​និង​គូកន​របស់​នាង ៧,៤ លាន​ដុល្លារ​។ ក្រុមហ៊ុន​នេះ​ក៏ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៣,២ លាន​ដុល្លារ​គិត​ជាការ​ប្រាក់​ផងដែរ​”​។​

​មេធាវី​របស់​បងប្អូន​ត្រកូល​កា​ដា​សៀន​បាន​ប្រាប់​វេ​ប​សាយ​នេះ​ថា មានការ​ព្រួយបារម្ភ​ថា​ក្រុមហ៊ុន Hillair នឹងមិន​បង់លុយ​ទេ​។ ពួកគេ​ចង់​ទទួលបាន​ប្រាក់ ១០ លាន​ដុល្លារ​ភ្លាម ប៉ុន្តែ​មាន​អារម្មណ៍​ថា ការតស៊ូ​ផ្លូវច្បាប់​នឹង​បន្ត​កើតឡើង​ទៀត​។​

​បងប្អូន​ស្រី​ទាំងបី​ដំបូង​ត្រូវបាន​គេ​ប្តឹង​ក្នុង​ឆ្នាំ ២០១៦​ពីបទ​រំលោភ​លើ​កិច្ចសន្យា បន្ទាប់ពី​ខកខាន​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​គ្រឿងសម្អាង​រួមគ្នា​របស់​ពួកនាង​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយថា បងប្អូន​ត្រកូល​កា​ដា​សៀន​មិនបាន​បំពេញ​នូវ​ការបញ្ចប់​កិច្ចព្រមព្រៀង​ផ្តល់​អាជ្ញាប័ណ្ណ​របស់ខ្លួន​។​

​គេ​និយាយថា ក្រុមហ៊ុន Hillair បាន​វិនិយោគ ១០ លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន Kardashian ហើយ​ពួកគេ​មិនបាន​ធ្វើតាម​កិច្ចព្រមព្រៀង​ទេ​។

​បងប្អូន​កា​ដា​សៀន​វាយបក​វិញ ដោយ​អះអាងថា ក្រុមហ៊ុន Hillair ទេ​ដែលជា​អ្នករំលោភ​កិច្ចសន្យា​។

​ក្នុង​បន្តឹង​ខែឧសភា​ឆ្នាំ​២០១៦ ក្រុម​មេធាវី​របស់​កា​ដា​សៀន​អះអាងថា “​ក្រុមហ៊ុន Hillair ទំនងជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការខូចខាត​រាប់រយ​លាន​ដុល្លារ​ដល់​បងប្អូន​ត្រ​កូន​កា​ដា​សៀន​”​។​

​នៅ​គ្រានោះ តារា​ទាំងបី​បានទាមទារ ២០០ លាន​ដុល្លារ​ពី​ក្រុមហ៊ុន Hillair Capital Management LLC និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Cayman Island របស់ខ្លួន ដែល​ពួកនាង​អះអាងថា “​បាន​ប្រើប្រាស់​ការសន្យា​ក្លែងក្លាយ​ដើម្បី​ដណ្តើម​ការគ្រប់គ្រង​និង​កាន់កាប់​” ក្រុមហ៊ុន​ដែល​ធ្វើ​ទីផ្សារ​ផលិតផល​សម្រស់​ម៉ាក Kardashian Beauty របស់​ពួកនាង​៕ ដោយ៖ កញ្ញាដាលីស

បងប្អូន​ត្រកូល​កា​ដា​សៀន​ឈ្នះ​បន្តឹង ១០ លាន​ដុល្លារ​ពី​ក្រុមហ៊ុន Hillair Capital Management LLC