បងប្អូនត្រកូលហាឌីតបានបង្ហាញឈុតគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនៅដែលពួកនាងបានចូលរួមជាមួយកំពូលតារាបង្ហាញម៉ូតស្រស់ស្អាតជាច្រើននាក់ទៀតដើម្បីដើរម៉ូតសម្រាប់កម្មវិធី Victoria’s Secret Fashion Fashion កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨វិច្ឆិកា។
ហើយនាងបេឡា ហាឌីត និង នាងជីជី ហាឌីត បានបន្តដណ្តើមការចាប់អារម្មណ៍ទៀត នៅពេលពួកនាងចូលរួមពិធីជប់លៀងផ្តាច់មុខបន្ទាប់ពីការដើរម៉ូត ដោយដឹកដៃគ្នាដើរកាត់កម្រាលព្រំផ្កាឈូកនៅឯសាល Pier 94 នៅទីក្រុងញ៉ូវយ៉ក ជាកន្លែងតែមួយ ដែលរៀបចំកម្មវិធីបង្ហាញម៉ូត។
នាងបេឡាអាយុ ២២ ឆ្នាំបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ព្រោះនាងស្លៀកពាក់ឈុតពណ៌ទឹកប្រាក់គ្មានអាវទ្រនាប់ទេ ដោយអួតចង្អូរកអាវវាលទ្រូងលាតសន្ធឹងដល់ផ្ចិត។
ដោយពាក់ស្បែកជើងកែងចោតពណ៌ទឹកប្រាក់ នាងបេឡាបានកាន់មកជាមួយនូវកាបូបដៃតូចមួយស៊ីនឹងឈុតរបស់នាង ខណៈជ្រើសរើសពាក់គ្រឿងអលង្ការពេជ្រភ្លឺចែងចាំ គួបផ្សំជាមួយក្រវិលធំថែមទៀត រឹតតែលើកសម្រស់របស់នាងឱ្យកាន់តែស្អាត។
ទន្ទឹមនេះដែរ នាងជីជី អាយុ ២៣ ឆ្នាំបានបង្ហាញថាហេតុអ្វីបានជានាងគឺជាតារាបង្ហាញម៉ូតកំពូលមួយរូបលើពិភពលោក ខណៈដែលនាងបានមកដល់ពិធីជប់លៀងក្នុងឈុតសភ្លឺចែងចាំង។
ឈុតខុសប្លែកពីធម្មតាមួយនេះគឺមានដៃអាវវែង និង សាច់ក្រណាត់គ្របជិតជើងទាំងស្រុងតែម្តង ដែលអមជាមួយនឹងស្បែកជើងកែងចោតពណ៌ទឹកប្រាក់រលើបរលោង។
មិត្តស្រីរបស់តារាចម្រៀង ហ្សាយ៊ីន ម៉ាលីក រូបនេះបានលម្អកាយរបស់នាងជាមួយគ្រឿងអលង្ការមួយចំនួន និង ក្រវិលពេជ្រតូចដ៏ស្រស់ស្អាត៕ ដោយ៖ កញ្ញាដាលីស