បងប្អូន​ស្រី​៦​នាក់​ឈ្នះឆ្នោត EuroMillions ចំនួន ២០០ លាន​ដុល្លារ

431
ចែករម្លែក
  • 10
    Shares

​អ្នកឈ្នះ​រង្វាន់​ឆ្នោត EuroMillions ទឹកប្រាក់​ចំនួន ១៥៣ លាន​ផោន (​ប្រហែល ២០០ លាន​ដុល្លារ​) បានមក​បើក​យកប្រាក់​រង្វាន់​របស់ខ្លួន​ហើយ​។​

​ក្រុមហ៊ុន​ឆ្នោតជាតិ​អៀរ​ឡង់​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​ថា អ្នក​កាន់​សន្លឹកឆ្នោត​បា​ន​មក​ទាក់ទង​ហើយ ខណៈ​ហាង​នៅក្នុង​ក្រុង​ឌុយ​ប្លាំ​ង ដែល​បាន​លក់​សំបុត្រ​ឈ្នះ​នោះ បាន​អបអរ​អ្នកឈ្នះឆ្នោត​នេះដែរ​។​

​អត្តសញ្ញាណ​អ្នកឈ្នះ​ត្រូវបាន​លាក់​ជាការ​សម្ងាត់ ខណៈ​ប្រភពព័ត៌មាន​នានា​បាន​និយាយថា គ្រួសារ​បងប្អូន​ស្រី​៦​នាក់​បាន​ស្ថិត​ក្នុងចំណោម​អ្នកឈ្នះ​រង្វាន់​កំពូល​នេះ​។​

​លោក ឡេស រ៉េ​លី ដែលជា​ម្ចាស់​ហាង​លក់​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​នោះបាន​និយាយថា លោក​ជឿថា​បុរស​ម្នាក់​បាន​ទិញ​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​នេះ ហើយ​អតិថិជន​របស់​ហាង​គាត់​ក៏​ជួយ​អបអរសាទរ​ម្ចាស់ឆ្នោត​នោះដែរ​។​

​ប្រភព​មួយ​បាន​ប្រាប់​កាសែត Irish Mirror ថា អ្នកឈ្នះឆ្នោត​នោះ​គឺជា “​ក្រុមគ្រួសារ​ស្រី​មាន​គ្នា​៦​នាក់​” មកពី​តំបន់​មី​ត នៅ​ភាគ​ខាងជើង​ទីក្រុង​ឌុយ​ប្លាំ​ង​។​

​បងប្អូន​ស្រី​ម្នាក់​ក្នុងចំណោម​បងប្អូន​ស្រី​ទាំង​៦​នាក់​នោះបាន​ទូរស័ព្ទ​ទៅ​ការិយាល័យ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ពុធ ហើយ​មិន​បង្ហាញ​អារម្មណ៍​រំភើប​ចង់​ហោះ​អ្វី​នោះឡើយ គឺ​ធម្មតាៗ​។​

​យោងតាម​របាយការណ៍​នានា​បានឱ្យដឹងថា ស្ត្រី​ទាំង ៦ នាក់​នោះបាន​មកជួប​ជុំគ្នា​រាល់ថ្ងៃ​អាទិត្យ​នៅឯ​ផ្ទះ​ម្តាយ​ដែល​ស្លាប់ទៅ​របស់​ពួកគេ​ដើម្បី​លេងឆ្នោត និង​បានធ្វើ​ដូច្នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា “​យើង​អាច​បញ្ជាក់បាន​ថា យើង​បានឮ​ដំណឹង​ពី​អ្នកឈ្នះឆ្នោត​ហើយ ប៉ុន្តែ​មិនមាន​លទ្ធភាព​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​បានទេ នៅពេលនេះ​”៕ ដោយ៖ កញ្ញាដាលីស