បង់​ក្លា​ដែសចាប់​បាន​ថ្នាំញៀន​ច្រើន​បំផុត​មិន​ធ្លាប់មាន​

433
ចែករម្លែក

​បង់​ក្លា​ដែសចាប់​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​៥៣​លាន​គ្រាប់​នៅ​ឆ្នាំ​២០១៨ កើនឡើង​៣៣​ភាគរយ​កាល​ពី​មួយ​ឆ្នាំ​មុន ចំ​ពេល​មាន​ការបង្ក្រាប​ទូទាំង​ប្រទេស​លើ​ជំនួញ​ជួញដូរ​ថ្នាំ​​ញៀន​។​នេះ​បើ​តាម​មន្ត្រី​បង់​ក្លា​ដែស​បាន​អោយដឹង​កាល​ពី​ថ្ងៃអាទិត្យ​។​

​ជនសង្ស័យ​ជិត​៣០០​នាក់​ក៏​ត្រូវបាន​សម្លាប់​កាលពី​ឆ្នាំមុន​ដោយ​កងកម្លាំង​សន្តិសុខ​និង​ប្រមាណ​២៥.០០០​នាក់​ត្រូវបាន​ចាប់ខ្លួន​។​ក្នុង​ចំនួន​នេះ ជាង​៤០​នាក់​ត្រូវបាន​សម្លាប់​​នៅ​ទីប្រជុំជន​តេ​កណា​ហ្វ ជាប់​រដ្ឋ​រ៉ា​ឃី​ន​របស់​មី​យ៉ាន់​ម៉ា​និង​នៅ​ជិត​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។​

​នាយកដ្ឋាន​គ្រប់គ្រង​ថ្នាំញៀន បាន​និយាយថា ថ្នាំញៀន​នេះ ត្រូវបាន​ចាប់​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ប្រជាជន​១៦៥​លាន​នាក់​នេះ​និង​ជា​បរិមាណ​ចាប់បាន​ច្រើន​បំផុត​ក្នុង​​រយៈពេល​មួយ​ឆ្នាំ​។​

​បង់​ក្លា​ដែស​បាន​តស៊ូ​ត្រួតត្រា​កំណើន​នៃ​ជំនួញ​ថ្នាំញៀន​យ៉ាបា​ដែល​ត្រូវ​បាន​លួច​នាំ​ចូល​ពី​មី​យ៉ាន់​ម៉ា​។​គ្រាប់​ថ្នាំ​នេះ​ជា​ប្រភព​រក​ប្រាក់​ងាយៗ​សំរាប់​ជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ហូរ​ចូល​បង់ក្លា​ដែស​បន្ទាប់​ពី​ក្រុមយោធា​បង្ក្រា​ប​កាលពី​ឆ្នាំ​២០១៧៕​ដោយ​៖​វាសនា​