បង់​ក្លា​ដែស​ស្វែងរក​ជំនួយ​ពី​ឥណ្ឌា​ក្នុងការ​បញ្ចុះបញ្ចូល​មី​យ៉ាន់​ម៉ា​ឱ្យ​ទទួលយក​ក្រុម​ជន​រ៉ូ​ហ៊ី​យ៉ា​ត្រឡប់​ទៅ​វិញ​

474
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែស លោក Abulkalam Abdul Momen ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើកដំបូង​របស់​លោក​ទៅកាន់​ប្រទេស​ឥណ្ឌា បាន​ធ្វើ​សំណើ​​នេះ​ក្នុងអំឡុងពេល​ជំនួប​របស់លោក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កុម្ភៈ​។​

​រដ្ឋាភិបាល​បង់​ក្លា​ដែស​បាន​ជំរុញ​ឱ្យ​ឥណ្ឌា ធ្វើ​អន្តរាគមន៍​ក្នុង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ស្នើ​ដោយផ្ទាល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ​(​មី​យ៉ាន់​ម៉ា​)​នេះ ទទួលយក​ក្រុម​​ជនភៀសខ្លួន​របស់ខ្លួន​ត្រឡប់​ទៅ​វិញ​និង​កាត់បន្ថយ​ការដាក់បន្ទុក​មកលើ​រដ្ឋាភិបាល​ក្រុ​ដា​ក្កា​(​បង់​ក្លា​ដែស​) ។ នេះ​បើ​យោង​តាម​សារ​ព័រ​ព័ត៌មាន​ឥណ្ឌា​The Print ។​

​សារព័ត៌មាន​ឥណ្ឌា​នេះ​បាន​រាយការណ៍​ថា មូលហេតុ​ចម្បង​មួយ​ក្នុងចំណោម ហេតុផល​សំខាន់ៗ​នៅ​ពីក្រោយ​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់ Abulkalam Abdul Momen ​ទៅកាន់​ប្រទេស​ឥណ្ឌា​ភ្លាមៗ​បន្ទាប់ពី​បាន​ឡើង​កាន់​អំណាច​មក​នោះ គឺថា ប្រទេស​បង់​ក្លា​ដែស​មិន​អាច​ទ្រទ្រង់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​បាន​ទៀត​ទេ​ហើយ​ចង់ឱ្យ​ប្រទេសជិតខាង​ដូច​​ជា​ឥណ្ឌា​និង​ចិន​បើកទ្វារ​ព្រំដែន​របស់​ពួក​។

​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​ជិត​១​លាន​នាក់ កំពុង​រស់នៅ​តាម​ជំរំ​ជាច្រើន​នៅ​ប្រទេស​បង់​ក្លា​ដែស​បន្ទាប់ពី​ពួកគេ​បានរ​ត់​ភៀសខ្លួន​ចេញ​ពី​រដ្ឋ​រ៉ា​ឃី​ន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​គេចចេញ​​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ពួកយោធា​មី​យ៉ាន់​ម៉ា​នៅក្នុង​សង្គ្រាម​ស៊ីវិល​ដែល​បាន​រាលដាល​កាលពី​ឆ្នាំ​២០១៧​។​

​ដោយ​អរគុណ​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ចំពោះ​ជំនួយ​មនុស្សធម៌​របស់​ឥណ្ឌា​សំរាប់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែស​នេះ​បាន​ស្នើ​សុំ​ការគាំទ្រ​របស់​​ឥណ្ឌា​ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​រដ្ឋ​រ៉ា​ឃី​ន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​សបង់​ក្លា​ដែស​និយាយ​ថា​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បានបញ្ជាក់​ថា​ឥណ្ឌា​គឺ​តែងតែ​នៅ​ជាមួយ​បង់​ក្លា​ដែស​និង​ធានា​​នូវ​កិច្ចសហប្រតិបត្តិកា​ររ​បស់​ឥណ្ឌា​នៅក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នេះ​៕​ដោយ​៖​សុខា​/sn

ប៉ូលិស​ឥណ្ឌា​ឈរ​យាម​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​នៅរ​ដ្ឋ​ចំនួន​២​របស់​ឥណ្ឌា​កាលពី​ខែ​មករា​ឆ្នាំ​២០១៩