បង់​ក្លា​ដែ​ស​ចាប់ខ្លួន​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​នៅ​ជិត​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​

310

​ប៉ូលិស​បង់​ក្លា​ដែ​ស​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ធ្នូ​បាន​ចាប់ខ្លួន​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​មក​តំបន់​ព្រំដែន​អ៊ូ​ខា នៅ​ជិត​ជំរំ​ជនភៀសខ្លួន ជាទី​ដែលមាន​ភៀសខ្លួន​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​រស់នៅ ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ការបង្ក្រាប​ដោយ​យោធា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​កង​ប៉ូលិស​ពិសេស ដែល​បាន​ប្រយុទ្ធប្រឆាំង​ក្រុម​អ៊ីស្លាម​និយម​នៅ​ប្រទេស​នេះ បាន​និយាយថា ពួកគេ​បាន​ចាប់ឃុំខ្លួន​បុរស​ម្នាក់​ឈ្មោះ សា​ហ្វូ​ល អាវ៉ា​ល់ (Sharful Awal) អាយុ​៣០​ឆ្នាំ ពីបទ​មាន​ទំនាក់​ទំនងជា​មួយក្រុម​ជន​សកម្មប្រយុទ្ធ​អន្តរជាតិ​។​

​លោក រូ​ហ៊ុល អាមីន ប្រធាន​អង្គភាព​ប៉ូលិស​សេស​នេះ​បាន​និយាយថា សា​ហ្វូ​ល អាវ៉ា​ល់ ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ កាលពី​ខែមករា បន្ទាប់ពី​គាត់ ត្រូវបាន​ចោទប្រកាន់ថា​បានធ្វើ​សកម្មភាព​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​នៅ​តំបន់​ឈី​តា​ហ្គុ​ង និង​មាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរវកម្ម ។​

​លោក រូ​ហ៊ុល អាមីន បាន​និយាយថា បន្ទាប់ពី​មានការ​ដោះលែង សា​ហ្វូ​ល អា​វ៉ាល់​បានធ្វើ​ទំនាក់​ទំ​ង​ជាមួយ​ក្រុម​ជន​សកម្មប្រយុទ្ធ​អន្តរជាតិ តាមរយៈ​បណ្តាញ​សង្គម​ដើម្បី​បង្កើត​ក្រុម​ជន​សកម្មប្រយុទ្ធ​ឃី​ឡា​ហ្វា​ត់ (Khilafat) តាមរយៈ​ក្រុម​ជី​ហាដ​។​

​ប៉ូលិស​និយាយថា សា​ហ្វូ​ល អាវ៉ា​ល់ ជា​សមាជិក​នៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​បង់​ក្លា​ដែ​ស​JMB ដែលជា​ក្រុម​ជន​សកម្មប្រយុទ្ធ​ថ្មី​នៅ​បង់​ក្លា​ដែ​ស​។ ក្រុម​ជន​សកម្មប្រយុទ្ធ​JMB ត្រូវបាន​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើ​ក្រុម​ជនបរទេស​និង​ក្រុម​កាន់សាសនា​ជនជាតិភាគតិច ដោយ​រួមទាំង​ការវាយប្រហារ​នៅ​ហាង​កាហ្វេ​មួយ​នៅ​ទីក្រុង​ដា​ក្កា កាលពី​ឆ្នាំមុន ដោយបាន​សម្លាប់​ជនបរទេស​១៨​នាក់​។​
​ប៉ុន្តែ លោក​រូ​ហ៊ុល អាមីន បាន​និយាយថា ក្រុម​អាជ្ញាធរ​មិនបាន​រកឃើញ​ការជាប់​ទាក់ទង​ណាមួយ​ទេ​រហូតមក​ដល់ពេលនេះ រវាង​សា​ហ្វូ​ល អាវ៉ា​ល់ និង ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។​

​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៦៥៥.០០០​នាក់ បាន​ចាកចេញ ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​ចុងខែ​សីហា​ដើម្បី​រត់គេច​ពី​អ្វីដែល​មន្ត្រី​អង្គការសហប្រជាជាតិ​ហៅថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច ដោយ​អំពើ​ប្រល័យពូជសាសន៍​៕ ដោយ៖ សុខា

​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​៦៥៥.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចេញ ប្រទេស​មី​យ៉ាន់​ម៉ា ចូល​ប្រទេស​បង់​ក្លា​ដែ​ស ចាប់តាំងពី​ចុងខែ​សីហា