បង់​ក្លា​ដែ​ស​ចោទប្រកាន់​មី​យ៉ាន់​ម៉ា​ចំពោះ​អំពើ​ប្រល័យពូជសាសន៍​លើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

618
ចែករម្លែក

ប្រធានាធិបតីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina)កាលពីថ្ងៃព្រហស្បតិ៍ទី២៧កញ្ញាបានចោទប្រកាន់ ប្រទេសមីយ៉ាន់ម៉ាថាមិនបានគោរពការសន្យាអំពីការប្តេជ្ញាចិត្តក្នុងការនាំយកត្រឡប់ទៅវិញក្រុមអ៊ីស្លាមរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួន ពីការបង្ក្រាបដែលលោកស្រី បានពណ៌នាថា ស្រដៀងគ្នាទៅនឹងអំពើប្រល័យពូជសាសន៍។

ការថ្លែងរបស់ លោកស្រី សេក ហាស៊ីណា នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមមេដឹកនាំពិភពលោកនៅ អង្គការសហប្រជាជាតិ បានកើតឡើង នៅពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានយល់ព្រមបង្កើតក្រុមមួយដើម្បីប្រមូលភស្តុតាងនៃបទឧក្រិដ្ឋដែល នៅថ្ងៃណាមួយ អាចត្រូវបានប្រើដើម្បីកាត់ទោសក្រុមជនដែលប្រព្រឹត្តបទឧក្រិដ្ឋ។

ក្រុមអ្នកស៊ើបអង្កេតដែលគាំទ្រដោយអង្គការសហប្រជាជាតិបាននិយាយរួចមកហើយថាអំពើឃោរឃៅដែលបានរាយការណ៍មកនោះ គឺអាចមានការប្រព្រឹត្តអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្គ្រាមផ្សេងៗទៀត។ ប្រទេសមីយ៉ាន់ម៉ា ដែលបានរារាំងក្រុមអ្នកស៊ើបអង្កេតនេះ បានច្រានចោលការរាយការណ៍ទាំងនោះ ដោយនិយាយថា ” វាជាព័ត៌មានដែលមិនជាក់ច្បាស់លាស់ទាំងអស់ ” ។

លោកស្រី សេក ហាស៊ីណា បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា “យើងមានការរន្ធត់ចិត្តចំពោះអ្វីដែលយើងបានឃើញនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីអំពីអំពើឃោរឃៅប្រឆាំងក្រុមជនជាតិរ៉ូហ៊ីងយ៉ា ដែលឥឡូវនេះ បានកំពុងជ្រកកោននៅប្រទេសបង់ក្លាដែសហើយ អំពីអំពើឃោរឃៅនេះគឺដូចគ្នានឹងអំពើប្រល័យពូជសាសន៍និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

លោកស្រី សេក ហាស៊ីណា ក៏បានអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិបន្ថែមទៀតផងដែរដើម្បីជួយដល់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១,១លាននាក់ដែលបានកំពុងជ្រកកោននៅប្រទេសបង់ក្លាដែស៕ដោយ៖សុខា/sn

លោកស្រី សេក ហាស៊ីណា ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ កាលពីថ្ងៃព្រហស្បតិ៍