បង់​ក្លា​ដែ​ស​ហាម​លក់​សាំង​ឱ្យ​អ្នកជិះ​ម៉ូតូ​ណា ដែល​មិន​ពាក់មួក​សុវត្ថិភាព​

686
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា ក្រុម​អ្នកជិះ​ម៉ូតូ​ដោយ​គ្មាន​មួកសុវត្ថិភាព​នឹង​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ទិញ​សាំង​នៅ​ស្ថានីយប្រេងឥន្ធនៈ​នៅក្នុង​ទីក្រុង​ដា​ក្ការបស់បង់​ក្លា​ដែ​ស​ឡើយ​។​

​ចំណាត់ការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​សម្រាល​ភាព​តានតឹង​បន្ទាប់ពី​ទីក្រុង​មាន​ប្រជាជន​ជិត ២០ លាន​នាក់​នេះ​រង​ការ​រង្គោះរង្គើ​ពី​ការតវ៉ា​ដ៏​ខឹងសម្បារ​អំពី​សុវត្ថិភាព​ផ្លូវថ្នល់​ដ៏​អន់​កាលពី​ខែ​មុន​។​

​ស្នងការ​ប៉ូលិស​ក្រុង​ដា​ក្កា លោក អាសា​ឌូ​សហ្សា​ម៉ាន់ មី​យ៉ា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ៤ កញ្ញា​ថា “​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​ត្រូវបាន​ជូនដំណឹង​កុំឱ្យ​លក់​ប្រេង​ឱ្យទៅ​អ្នកជិះ​ម៉ូតូ​ដោយ​គ្មាន​មួកសុវត្ថិភាព​រួចហើយ​”​។​

​លោក​បាន​បន្ថែមទៀតថា ចំនួន​មនុស្ស​អតិបរមា ២ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ជិះ​លើ​ម៉ូតូ​មួយ ហើយ​អ្នកដំណើរ​ពី​ខាងក្រោយ​ក៏ត្រូវ​ពាក់មួក​សុវត្ថិភាព​ដែរ​។​

​គេ​ឃើញ​សិស្ស​និស្សិត​រាប់សែន​នាក់​ធ្វើបាតុកម្ម​នៅ​ទូទាំង​ទីក្រុង​ដា​ក្កា​និង​ទីក្រុង​ជាច្រើន​ទៀត​កាលពី​ខែសីហា​ដោយ​បិទផ្លូវ​នានា​ដើម្បី​ទាមទារ​ឱ្យមាន​សុវត្ថិភាព​ផ្លូវថ្នល់​កាន់តែ​ប្រសើរឡើង​នៅលើ​បណ្តាញ​ដឹកជញ្ជូន​ដ៏​វឹកវរ​និង​ពុករលួយ​នៅ​បង់​ក្លា​ដែ​ស បន្ទាប់ពី​រថយន្តក្រុង​បើកបរ​ហួស​ល្បឿន​កំណត់​មួយគ្រឿង​បាន​បើក​បុក​អ្នក​ថ្មើរជើង​ជំទង់​២​នាក់​ស្លាប់​។​

​បន្ទាប់ពី​ការតវ៉ា​នេះ គណៈរដ្ឋមន្ត្រី​របស់​នា​យក​រដ្ឋមន្ត្រី លោកស្រី សេក ហា​ស៊ីណា បានអនុម័ត​ច្បាប់​ដឹកជញ្ជូន​ថ្មី ដែល​ចែង​អំពី​ការផ្តន្ទាទោស​ធ្ងន់ធ្ងរ​ចំពោះ​ជនល្មើស​។​

​យោងតាម​អង្គការ​ឯកជន​មួយ​ដែល​តាមដាន​គ្រោះថ្នាក់​ចរាចរណ៍​បានឱ្យដឹងថា ផ្លូវជាតិ​បង់​ក្លា​ដែ​ស​គឺជា​ផ្លូវថ្នល់​មាន​គ្រោះថ្នាក់​ជាងគេ​បំផុត​មួយ​នៅក្នុង​តំបន់ ដោយមាន​មនុស្ស​ស្លាប់​ប្រហែល ១២.០០០ នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

សិស្ស​និស្សិត​រាប់សែន​នាក់​បានធ្វើ​បាតុកម្ម​នៅ​ទូទាំង​ទីក្រុង​ដា​ក្កា​និង​ទីក្រុង​ជាច្រើន​ទៀត​កាលពី​ខែសីហា​ដោយ​បិទផ្លូវ​នានា​ដើម្បី​ទាមទារ​ឱ្យមាន​សុវត្ថិភាព​ផ្លូវថ្នល់​កាន់តែ​ប្រសើរឡើង