បង្កាន់ដៃ​នាគ​ដែល​លម្អ​ដោយ​អសុរ​និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ត្រូវបាន​ជួសជុល​

225
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ​និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​បានរៀបចំ​ពិធី​ប្រុង​ពលី​បើក​ការដ្ឋាន​ជួសជុល​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​គឹម​សុ​ធិ​ន​អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ កាលពី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ។​

លោក​គឹម​សុ​ធិ​ន​អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​បានឱ្យដឹងថា​ក្រោយពី​ទទួលបាន​អនុសាសន៍​សម្រេច​ពី​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​នាពេល​កន្លងមក​នេះ នៅ​ថ្ងៃទី​២៤ ខែមិថុនា​នេះ បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ​និង​ទេវតា នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង បាន​បើក​ការដ្ឋាន​ដើម្បី​ជួសជុល​។​

​លោក​បាន​បន្តថា​កន្លែង​សំខាន់​ដែល​ត្រូវ​ជួសជុល​មាន​រូប​ទេវតា​៥​អង្គ​និង​រូប​យក្ស​កាន់​ក្បាល​នាគ​នៅ​ផ្នែក​ខាងមុខ​ដែល​ផ្អៀង គ្រឹះ​ស្រុត​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី ទើប​តម្រូវឱ្យ​មានការ​ជួសជុល ព្រោះ​មាន​ហានិភ័យ​ខ្ពស់​។

ដើម្បី​ជៀសវាង​ការដួលរលំ អ្នកជំនាញ​ត្រូវ​រើ​ពង្រឹង​គ្រឹះ​និង​រៀប​រូប​ឱ្យ​រឹងមាំ មាន​ជំហ​ត្រង់​ឡើងវិញ​ម្យ៉ាងទៀត​ក្បាល​នាគ​នេះ​ធ្លាប់​ដួល​រួច​ម្តង​ហើយ​ព្រោះ​វា​ខុសពី​ជំនាន់​បារាំង​។​គម្រោង​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ​ចំណាយ​ថវិការ​របស់​មូលនិធិ​អភិរក្ស​អង្គរ​ជួសជុល​ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​។

​លោក ឃា​ម មុនី ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យដឹងថា​បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ​និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​មាន​ប្រវែង​១១២​ម៉ែត្រ​រង​ការខូចខាត​ដោយសារ​កត្តា​មនុស្ស​ភាពជា​ប់​មាំ​របស់​សម្ភារៈ​ហួស​កាលកំណត់ អាយុកាល​នៃ​ថ្ម អាកាសធាតុ និង​រុក្ខជាតិ​ជាដើម​។

​លោក​បាន​បន្តថា​បើតាម​រយៈ​រូបភាព​ថត​មុន​ឆ្នាំ​១៩៣៩​ចម្លាក់​ទាំងនេះ​គឺ​ដួល​ទាំងអស់​គ្មាន​រូបរាង​ជា​ជួរ​អ្វី​ឡើយ​ហើយ​ត្រូវបាន​បារាំង​ជួសជុល​រួចរាល់​នៅ​ឆ្នាំ​១៩៤៤​។​លោក​ប្រធាន​គម្រោង​រូបនេះ ក៏បាន​ឱ្យដឹងពី​មូលហេតុ​សំខាន់​ដែល​ត្រូវ​ជួសជុល​អសុរ​ព្រោះ​ចម្លាក់​នេះ​ទ្រេត​ហើយ​ក្បាល​នាគ​បាន​ធ្លាក់​អស់​។​ចំណែក​ទេវតា​៥​អង្គ​គឺ​ប្រឈម​ខ្លាំង​នឹង​ការ​រលំ​ដួល​រីឯ​ស៊ីម៉ង់​តិ៍​ដែលជា​បាយអរ​របេះ​ចេញពី​សំណង់​ពុកផុយ​អស់​សុពលភាព​។​

​ដូច្នេះ​ក្រុមការងារ​នឹង​រៀបចំ​ជួសជុល​សារ​ឡើងវិញ​ព្រមទាំង​រៀប​ប្រព័ន្ធ​បង្ហូរទឹក​កុំឱ្យ​វាដក់​ឬ​ហូរ​ច្រោះ​ដី​និង​ស្វែងរក​ថ្ម​ចាស់​មក​បំពេញ​កន្លែង​បាត់បង់​ឱ្យ​ត្រឹមត្រូវ​តាម​លំនាំ​ដើម​ដូច​សម័យ​បារាំង​បាន​ជួសជុល​រួច​នា​ឆ្នាំ​១៩៤៤៕S/

​ ​រូបភាពៈ បង្កាន់ដៃ​នាគ​ដែល​លម្អ​ដោយ​អសុរ​និង​ទេវតា​នៅ​ក្លោងទ្វារ​ដី​ឆ្នាំង ត្រូវបាន​ជួសជុល​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​៕​អាជ្ញាធរ​អប្សរា​