បង្ការ​និង​បង្ក្រាប​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ជា​ទិសដៅ​របស់​រដ្ឋបាលខេត្ត​ត្រូវអនុវត្ត​ដ៏​ក្តៅគគុក​

406
ចែករម្លែក
  • 182
    Shares

ដោយ​៖​បូកគោ​/​កំពត​៖​ជា​មោទនភាព​បំផុត​ដោយ​ឆ្នាំ​២០១៩​នេះ​វិនិយោគិន​ចម្រុះ​ជាតិ​សាសន៍​មក​ចាប់ដៃ​រកស៊ី និង​ចូលរួម​អភិវឌ្ឍ​ធ្វើឱ្យ​ខេត្តកំពត​នឹង​រីកចម្រើន​យ៉ាងគំហុក​ចាប់ពី​ឆ្នាំ​២០២០​ខាងមុខ​តទៅ​។

សមិទ្ធផល​ដែល​នឹង​លេចធ្លោ​ដំបូង​នោះ​គឺ​សំណង់​អគារ​តូចធំ​ព្រោះ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ដំណើរការ​សកម្មភាព​គ្រប់​វិស័យ​។​ផ្អែកលើ​ករណីនេះ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបង្ការ​ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​សំណង់​បំពាន​ដី​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​រដ្ឋបាលខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ថ្មីៗ​នេះ​មាន​អ្នកវិនិយោគទុន​ចម្រុះ​ជាតិ​សាសន៍ ដូចជា កូរ៉េ ចិន ជប៉ុន​បាន​ចូលមក​ពិភាក្សា​ដើម្បី​ចាប់ដៃ​រកស៊ី និង​ចូលរួម​អភិវឌ្ឍ​។​

ជាការ​រំពឹងទុក​ចាប់ពី​ឆ្នាំ​២០២០​ស្ថានភាព​ក្នុង​ខេត្តកំពត​នឹង​ប្រែប្រួល​ដ៏​គំហុក​តាមរយៈ​សំណង់​អគារ​តូចធំ​ដែលជា​តម្រូវការ​ចាំបាច់​នឹង​លេចឡើង​បន្តបន្ទាប់​សម្រាប់​ដំណើរការ​លើ​វិស័យ​នានា​។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ការសាងសង់​អគារ​ផ្ទះល្វែង​របស់​ប្រជាពលរដ្ឋ​កំពុង​កើតមាន​យ៉ាង​រស់​រវើក ពិសេស​ក្នុង​ក្រុង​កំពត​។ ជាមួយ​សកម្មភាព​ទាំងនោះ​ក៏មាន​ភាពអនាធិបតេយ្យ​កើតឡើង ដោយ​សំណង់​ខ្លះ​បាន​បំពាន​លើដី​ចំណី​ព្រែក​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។

ត្រង់ចំណុច​នេះ​មិន​សម្រាប់តែ​ក្រុង​កំពត​ទេ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវមាន​វិធាន​ការបង្ការ​ទប់ស្កាត់​ចំពោះ​ករណី​ទន្ទ្រាន​យក​ដី​ព្រែក ការកាយ​ភ្នំ​ជាដើម​។ លោក​ជាវ តា​យ​បាន​បន្តថា​តាមរយៈ​អង្គសន្និបាត​នេះ សមាជិក សមាជិកា​ទាំងអស់​ត្រូវ​លើកយក​បញ្ហា​លើ្ម​ស​ច្បាប់​ទាក់ទិន​ដីធ្លី​មក​ជជែក​ពិភាក្សា​ធ្វើជា​ប្រធានបទ​សម្រាប់​ដាក់​ជា​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៩ ព្រោះ​ជា​ករណី​ក្តៅគគុក​ដើម្បី​តម្រូវឱ្យ​គោរព​ច្បាប់​ទាំងអស់គ្នា​។

បើ​មិនបាន​គិតគូរ និង​យក​វិធានការ​ច្បាប់​មក​អនុវត្ត​ទេ នោះ​អ្នករំលោភ បំពាន​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅតែ​បន្ត​ធ្វើតាម​ទំនើងចិត្ត​ដូចដែល​បាន​ប្រព្រឹត្ត​ជារឿយៗ​កន្លងមក​៕S/​