បង្កើត​គណ​:​កម្ម​ការត្រួតពិនិត្យ​រៀបចំ​លំនៅ​ថ្មី​ សម្រាប់​ពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ការបាក់​ច្រាំងទន្លេ​មេគង្គ​

483
ចែករម្លែក

ដោយ : សុខហេង/ កំពង់ចាម​ ៖ អាជ្ញាធរខេត្ត​កំពង់ចាម​បានសម្រេច បង្កើត​គណ​:​កម្ម​ការត្រួតពិនិត្យ​វាយតម្លៃ​ការរៀបចំ ទីតាំង​លំនៅ​ថ្មី សម្រាប់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ដោយ​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ គឺមាន​សមាសភាព​ចំនួន ១៦ រូប មកពី​បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​នេះ​ចំនួន​មួយរូប​។​

លោក ហេង វណ្ណ​នី ជា​ប្រធាន​គណ​:​កម្ម​ការ និង​ជា​អភិបាលរង​ខេត្តកំពង់ចាម​បានលើកឡើង​ក្នុងជំនួប​ជាមួយ​សមាជិក​នៅ​សាលាខេត្ត​នេះ​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៨​ថា គណ​:​កម្ម​ការ​យើង នឹង​ចាប់​អនុវត្តន៍​តាម​ខ្លឹមសារ នៃ​សេចក្តីសម្រេច​នៅ​សប្តាហ៍​ក្រោយនេះ​។ ដូច្នេះ​សមាជិក​គណ​:​កម្ម​ការ ពិសេស​អស់លោក​ជា​អាជ្ញាធរ​ស្រុក​ក្រុង​ទាំង ប្រាំមួយ ដែល​រងគ្រោះ​ពី​ការបាក់​ស្រុត​ច្រាំងទន្លេ ត្រូវ​ត្រៀមលក្ខណ​:​សម្បត្តិ​មុនដំបូង​គេ​។​

លោក ប្រធាន​គណ​:​កម្ម​ការ​បានលើកឡើង​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​តួនាទី និង​ភារកិច្ច​របស់​កម្ម​ការ​យើង​មាន​: ចុះ​សិក្សា​ទីតាំង​លំនៅ​ថ្មី​របស់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ដោយ​ការបាក់​ស្រុត​ច្រាំងទន្លេ , សិក្សា​ឲ្យ​បាន​លម្អិត​អំពី​ចំនួន​ខ្នង​ផ្ទះ ចំនួន​គ្រួសារ ចំនួន​មនុស្ស​ដែល​បាន​ទៅ​បោះទីតាំង​ថ្មី​, សិក្សា​ពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីតាំង​ថ្មី​នោះ​ឲ្យ​បាន​លម្អិត​, សិក្សា​ពី​ផលប៉ះពាល់​នៅពេល​អនាគត និង​ក្រោយពី​សិក្សា និង​ប្រមូល​ទិន្នន័យ​បាន​គ្រប់​ជ្រុងជ្រោយ​រួចហើយ ត្រូវដាក់​ប​ញ្ជូ​ល​ទិន្នន័យ​ទាំងនោះ​ទៅក្នុង​កម្ម​វិនិយោគ បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាលខេត្ត ឬ​ធ្វើសំណើ​ទៅ​ថ្នាក់ជាតិ តាម​វិស័យ​របស់ខ្លួន​។​

លោក ហេង វណ្ណ​នី បានលើកឡើង​បន្តថា ជាមួយ​នោះ ត្រូវ​រៀបចំ​របាយការណ៍​ចំនួន​គ្រួសារ​ដែល​រងគ្រោះ​ពី​ការបាក់​ស្រុត​ច្រាំងទន្លេ បាន​រុះរើ​តាំងពី​ឆ្នាំ ២០១៧ ដើម្បី​ដាក់ជូន​លោក​អភិបាលខេត្ត​សម្រេច និង​ទទួល​ការណែនាំ​បន្ថែម​ពី​យន្ត​ការបន្ត​ខាងលើនេះ​។​

គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ២០១៨ ខេត្តកំពង់ចាមបានទទួល​រងគ្រោះ​ដោយ​ការបាក់​ច្រាំងទន្លេ​មេគង្គ​ប្រវែង ៩,៤២០ ម៉ែត្រ និង​រុះរើ​ផ្ទះ​ចំនួន១១៩ខ្នង ដែលមាន​ទទឹង​ចាប់ពី៥ម៉ែត្រ ដល់១១០​ម៉ែត្រ គឺ​ស្រុក​កោះសូទិន៥៨៥​ម៉ែត្រ និង​រុះរើ​ផ្ទះ​ចំនួន១៥ខ្នង , ស្រុក​ស្ទឹងត្រង់៩១១​ម៉ែត្រ , ស្រុក​ស្រី​សន្ធរ១,៤៧៦​ម៉ែត្រ និង​រុះរើ​ផ្ទះ​ចំនួន៤២ខ្នង​, ស្រុក​កំពង់សៀម៤,២៤៦ម៉ែត្រ​និង​រុះរើ​ផ្ទះ​ចំនួន៥ខ្នង និង​ស្រុក​កងមាស២,២០២​ម៉ែត្រ និង​រុះរើ​ផ្ទះ​ចំនួន៥៧ ខ្នង​។ ក្នុងនោះ​មាន​មណ្ឌល​សុខភាព​មួយកន្លែង ក្នុង​ឃុំ​កំពង់​រាប ស្រុក​កោះសូទិន​ប្និ​ង​វត្ត​ចំនួន៣កន្លែង​ក្នុងស្រុក​កំពង់សៀម និង​ស្រុក​កងមាស កំពុង​ប្រឈម​នឹង​ការបាក់​ច្រាំង​ចូលក្នុង​ទន្លេ​៕B