បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​ជិត​២០ នឹង​រៀបចំ​នៅ​សៀមរាប​-​អង្គរ ក្នុង​ឆ្នាំ២០២០​នេះ​

153
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​តូចធំ​ជិត​២០​កម្មវិធី នៅ​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នា​អំលុង​ឆ្នាំ​២០២០​នេះ ដើម្បី​ជំរុញឱ្យមាន​ចលនា​ទេសចរ​កាន់តែច្រើន​ទៅកាន់​ខេត្តសៀមរាប និង​សំដៅ​ទាក់ទាញ​កំណើន​ទេសចរ​បរទេស​មកកាន់​កម្ពុជា​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ប្រាប់​សារ​ព៌​ត​មាន​កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ​ថា ក្រៅពី​មាន​អង្គរ​សង្ក្រាន្ត​ក៏​នៅមាន​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ កីឡា​មួយចំនួនទៀត ដោយ​លោក​បាន​បង្ហើប​ថា ព្រឹត្តិការណ៍​ទេសចរណ៍​ទាំងនោះ នឹងត្រូវ​បង្ហាញ​លម្អិត​នា​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ក្រសួង​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ​រួចមកហើយ ដើម្បី​ចុះ​អនុវត្ត​ការងារ​សំខាន់ៗ មួយចំនួន ក្នុងនោះ​មានដូចជា ការបណ្ដុះបណ្ដាល​បំប៉ន​សមត្ថភាព​ដល់​បុគ្គលិក ឬ​កម្មករនិយោជិត​បម្រើកា​រ​តាម​សណ្ឋាគារ​មួយចំនួន ដែល​ទទួលរង​ការប៉ះពាល់​នៅ​ខេត្តសៀមរាប ការរៀបចំ​កញ្ចប់ ទស្សនកិច្ច និង​ដំណើរ​ទស្សនកិច្ច​ទេសចរណ៍​ទៅកាន់​សៀមរាប​-​អង្គរ ការបង្កើន​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ ក៏ដូចជា​វិស័យ​ទេសចរណ៍ ជាតិ​ទាំងមូល​។​

​ចាប់ពីពេលនេះ​ទៅ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងឡាយ​នឹង​សប្បាយរីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តសៀមរាប ខណៈដែល​កម្ពុជា​បាន​ធានា​អះអាងថា «​ខ្លួន​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខសន្តិភាព សុវត្ថិភាព និង​ផ្ដល់នូវ​ភាពកក់ក្ដៅ​»​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់ ឬ​និយោជក​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់​ទាំងឡាយ​នៅ​ខេត្តសៀមរាប សូម​មានការ​បន្ធូរបន្ថយ​ថ្លៃ​ស្នាក់នៅ​ជូន ដល់​ភ្ញៀវ ទេសចរ គ្រប់គ្នា ចំណែកឯ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ ក៏​សូមកុំ​យកចំណេញ​លើ​ការរៀបចំ​សេវាកម្ម​កញ្ចប់​ទស្សនកិច្ច​ពី​ភ្ញៀវ​ច្រើនពេក ខណៈដែល​រាជរដ្ឋាភិបាល ក៏​កំពុង​ដាក់ ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​នានា​ដល់​ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍​ផងដែរ​។​គិត​ក្នុង​ខែកុម្ភៈ​នេះ ភ្ញៀវទេសចរ​បរទេស​មកលេង​ខេត្តសៀមរាប​បាន​ធ្លាក់ចុះ​ប្រមាណ​60%​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំទៅ​មិញ​៕ ល​