បង្កើត​មជ្ឈមណ្ឌល​ការងារ​ចល័ត​តាម​ជនបទ និង​ខេត្ត​ឆ្ងាយៗ​ងាយ​ឱ្យ​ពលរដ្ឋ​ស្វែងរក​ការងារ​ធ្វើ​

419
ចែករម្លែក
  • 14
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​មជ្ឈមណ្ឌល​ការងារ​ចល័ត​» សម្រាប់​នាំយក​សេវា​ការងារ និង​ព័ត៌មាន​ឱកាស​ការងារ​ទៅកាន់​ប្រជាពលរដ្ឋ​ជាពិសេស​តាម តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយៗ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​។​

​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​មជ្ឈមណ្ឌល​ការងារ​ចល័ត​» ជា​ផ្លូវការ​នេះ ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ឱ្យដឹងថា​«​មជ្ឈមណ្ឌល​ការងារ​ចល័ត​»​ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ មាន​មុខងារ​ផ្តល់​សេវា​សំខាន់ៗ ដូច​មជ្ឈមណ្ឌល​ការងារ​ធម្មតា​ដែរ ដូចជា​ការស្វែងរក​មើល​ព័ត៌មាន​ការងារ ការចុះឈ្មោះ​រក​ការងារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណិ​ត និង​ទម្រង់​ក្រដាស ការទទួល​ប្រឹក្សា​យោបល់​ការងារ និង​បណ្ណាល័យ​ការងារ​ជាដើម​។ ចំណុច​ពិសេស​របស់ «​មជ្ឈមណ្ឌល​ការងារ​ចល័ត​» អាច​នាំយក​សេវា​ការងារ និង​ព័ត៌មាន​ឱកាស​ការងារ​ទៅកាន់​តែ​កៀក​ជាមួយ​ប្រជាពលរដ្ឋ អ្នកស្វែងរក​ការងារ សិស្ស និស្សិត​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ជាពិសេស​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយៗ ដែល​មិនទាន់មាន​មជ្ឈមណ្ឌល​ការងារ​នៅឡើយ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​«​មជ្ឈមណ្ឌល​ការងារ​ចល័ត​» ជា​មជ្ឈមណ្ឌល​មុនដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ត្រូវ​បានរៀបចំ​បំពាក់​នៅតាម​រថយន្ត​មី​នី​វែ​ន ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA)​។ រថយន្ត​ជាច្រើន​គ្រឿង នឹងត្រូវ​ធ្វើដំណើរ​ទៅគ្រប់​បណ្តា​ខេត្ត រួមទាំង​តំបន់​ដាច់ស្រយាល​ផងដែរ ដើម្បី​ផ្តល់ដំណឹង និង​ព័ត៌មាន​ផ្សេងៗ​សម្រាប់​ប្រជាពលរដ្ឋ និង​អ្នកស្វែងរក​ការងារ​ធ្វើ​។

ជាមួយ​ការបើក​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​នេះដែរ​លោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​ដល់​ភាគី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​ទីភ្នាក់ងារ​ផ្តល់​សេវាសាធារណៈ​ស៊ុយអែត (SPES) បន្ត​ជួយ​ជ្រោមជ្រែង​ដល់ទី​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក្នុងការ​បង្កើត​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​នូវ «​មជ្ឈមណ្ឌល​ការងារ​ចល័ត​» ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការផ្តល់សេវា ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​ទីជិត​ឆ្ងាយ​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្តល់សេវា​ចុះឈ្មោះ​ស្វែងរក​ការងារ ផ្គូផ្គង​អ្នក​សែ្វ​ងរ​ក​ការងារ​ទៅនឹង​ឱកាស​ការងារ​ដែល​នៅ​ទំនេរ ការប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី ការជ្រើសរើស​កម្លាំង​ពលកម្ម ការផ្តល់​មគ្គុទ្ទេសក៍ និង​ប្រឹក្សា​យោបល់​អាជីព ព្រមទាំង​ការផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ និង​ការរៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​ការងារ​នៅតាម​មូលដ្ឋាន សំដៅ​បំ​ព្រួញ​គម្លាត​នៃ​ការខកខាន​មិន​ទទួលបាន​ឱកាស​ការងារ និង​ជំរុញ​ការទទួលបាន​ព័ត៌មាន​ពី​ការងារ​ទូលំទូលាយ​ដល់​សិស្ស និស្សិត យុវជន និង​អ្នកស្វែងរក​ការងារ​ធ្វើ​ទូទាំងប្រទេស​។

ព្រម​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់ រដ្ឋាភិបាល និង​ប្រជាជន​ស៊ុយអែត ដែល​បានផ្តល់​នូវ​គម្រោង​ខាងលើ​ដល់​កម្ពុជា ព្រមទាំង​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត និង​យុវជន​អ្នក​ដែល​មិនទាន់មាន​ការងារ​ធ្វើ​គប្បី​មក​ស្វែងរក​ការងារ​តាមរយៈ​«​មជ្ឈមណ្ឌល​ការងារ​ចល័ត​» នៅ​ថ្ងៃ​ខាងមុខនេះ​កុំ​ខាន​៕ ល​