បង្កើត​មូស​ប្រឆាំង​មូស ដើម្បី​ប្រយុទ្ធ​នឹង​គ្រុនឈាម គ្រុន​លឿង​

263
ចែករម្លែក

​រាប់រយ​នាក់​បាន​ស្លាប់​នៅ​ហ្វីលីពីន កំណើន​ឆ្លង​ជម្ងឺ​៣​ភាគ​៤​នៅ​វៀតណាម មន្ទីរពេទ្យ​ជោរជន់​ដោយ​អ្នក​ជម្ងឺ​នៅ​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា​និង​កម្ពុជា គ្រុនឈាម​ពិតជា​កំពុង​រាតត្បាត​​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំនេះ ដោយសារ​តែ​មួយ​ផ្នែក​ស៊ី​តុ​ណ្ហ​ភាព​កើនឡើង​និង​ភាពស៊ាំ​ទាប​ទល់នឹង​វីរុស្ស​ប្រភេទ​ថ្មី​។​

​តែ​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​កំពុង​បញ្ចេញ​ការសាកល្បង​បង្កើត​មេរោគ​ប្រឆាំង​គ្រុនឈាម​ក្នុង​បំណង​ដោះស្រាយ​ជម្ងឺ​បង្ក​ដោយ​សត្វ​មូស​គួរអោយ​ភ័យខ្លាច​បំផុត​ក្នុង​លោក​មួ​យ​នេះ ​ជាហេតុ​នាំ​អោយ​មាន​ក្តីសង្ឃឹម​ថា ជម្ងឺ​ដែល​មិនទាន់​មាន​វ៉ាក់សាំនេះ នៅ​ទី​បំផុត​ទៅ​នឹង​ត្រូវ​បង្ក្រាបបាន​។​

​អង្គការ​កម្មវិធី​មូស​ពិភពលោក​(WMP)​បាន​ដឹកនាំ​បង្កើត​វិធីសាស្ត្រ​មួយ ដោយ​មូស​Aedes Aegypti​ញី​និង​ឈ្មោល ត្រូវ​ធ្វើ​អោយ​ឆ្លង​មេរោគ​ស៊ាំ​ជម្ងឺ​ហៅថា​Wolbachia​មុនពេល​​លែង​វា​ចូល​ក្នុងព្រៃ ក្នុង​ជម្រក​ធម្មជាតិ​របស់​ពួកវា​។​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក កូន​មូស​បានកើត​ដោយ​ផ្ទុក​Wolbachia​ដែល​ដើរតួ​ជា​ខែល​ការពារ​មេរោគ ជាហេតុ​ធ្វើអោយ​​ពួក​វា​ពិបាក​ចម្លង​មេរោគ មិន​ត្រឹមតែ​គ្រុនឈាម តែ​ជម្ងឺ​ហ្ស៊ី​កា ជម្ងឺ​chikungunya​និង​គ្រុន​លឿង​ផងដែរ​។​

​ត្រូវ​បាន​សាកល្បង​ដំបូង​នៅ​អូស្ត្រាលី​ខាងជើង វា​ត្រូវ​បាន​គេ​បន្ត​សាកល្បង​នៅក្នុង​ប្រទេស​ចំនួន​៩​ជុំវិញ​ពិភពលោក រួម​មាន​វៀតណាម កន្លែង​ដែល​ការសាកល្បង​ផ្តល់​លទ្ធផល​ជា​​ទី​គាប់ចិត្ត​។​

​ង្វៀន ប៊ិញ ង្វៀន អ្នកសម្របសម្រួល​គំរោង​WMP​នៅ​ក្រុង​ញ៉ា​ត្រា​ង ប្រទេស​វៀតណាម បាន​ពន្យល់ថា​«​យើង​បានឃើញ​ការធ្លាក់​ចុះ​គ្រុនឈាម​ក្រោយ​ការលែង​មូស​ផ្ទុក​Wolbachia»​។​

​ក្រុម​របស់​លោក បាន​លែង​មូស​ប្រភេទ​នេះ​កន្លះ​លាន​កាលពី​ឆ្នាំ​មុន​នៅ​ស្រុក​វិញ លឿង ជា​ស្រុក​មាន​មនុស្ស​រស់នៅ​ច្រើន​និង​ងាយ​កើត​គ្រុនឈាម​នៅ​វៀតណាម​ខាងត្បូង​។​ចាប់​​តាំង​ពី​ការលែង​នោះមក គ្រុនឈាម​បាន​ធ្លាក់ចុះ​៨៦​ភាគរយ​នៅ​ស្រុក​វិញ​លឿង​។​

​សព្វថ្ងៃ​មូស​នៅ​ហើរ​គ្រប់​ហាង ទៀម​កាហ្វេ​និង​ផ្ទះ​នៅ​វិញ​លឿង តែ​ភាគច្រើន​ជា​មូស​ផ្ទុក​Wolbachia​ដែល​មិន​គ្រោះថ្នាក់​ដល់​សុខភាព​។​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក​និង​ទិន្នន័យ​ជាតិ ករណី​គ្រុនឈាម​មិន​ត្រឹមតែ​កើន​ឡើង​នៅ​វៀតណាម​នៅ​ឆ្នាំនេះ តែ​នៅ​ទូ​ទាំង​អាស៊ីអាគ្នេយ៍ ដោយ​មនុស្ស​ប្រមាណ​៦៧០.០០០​នាក់​បាន​ឆ្លង​និង​ជាង​១.៨០០​បាន​ស្លាប់​នៅក្នុង​តំបន់​នេះ​។​

​ពួក​អ្នកជំនាញការ​និយាយថា វា​ជា​ការផ្ទុះ​គ្រុនឈាម​អាក្រក់​បំផុត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​មូស​ចូលចិត្ត​អាកាសធាតុ​ក្តៅ ដូច្នេះ​កំណើន​សីតុណ្ហភាព​នាពេល​បច្ចុប្បន្ន​ជា​កក្តា​មួយ គួបផ្សំ​នឹង​ការលេចចេញ​វីរុស្ស​គ្រុនឈាម​ប្រភេទ​ថ្មីៗ ដែល​ឆ្លង​រាលដាល​ក្នុងចំណោម​មនុស្ស​​គ្មាន​ភាពស៊ាំ​ជម្ងឺ​៕​ដោយ​៖​វាសនា​

លទ្ធផល​សាកល្បង​មេរោគ​Wolbachia​របស់​អង្គការ​WMP​នៅ​អូស្ត្រាលី​និង​វៀតណាម​ផ្តល់​លទ្ធផល​វិជ្ជមាន​