ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: គណបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យអះអាងផ្ទួនៗ នៅថ្ងៃទី១១និងទី១២ខែសីហាថា ដើម្បីឆ្លើយតបទំហំរងផលប៉ះពាល់ និងរងការខូចខាតរបស់ស្រូវទុំក្នុងស្រែ ដែលរងគ្រោះដោយសារទឹកជំនន់ ក៏ដូចជាសំណូមពរបងប្អូនប្រជាកសិកររងគ្រោះនោះ ខេត្តបានស្នើកងកម្លាំងអន្តរាគមន៍ទាំងក្នុង និងក្រៅខេត្ត ដើម្បីយកទៅពង្រាយចុះជួយច្រូតស្រូវ។
លោកសួន បវរ អភិបាល និងជាប្រធានគណបញ្គារការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាប់កាសែតរស្មីកម្ពុជាផ្ទួនៗនៅថ្ងៃទី១១និង១២ខែសីហា នៅពេលដឹកនាំកម្លាំងចម្រុះចុះជួយច្រូតស្រូវនៅវាលស្រែ នាឃុំរហាត់ទឹកស្រុកមង្គលបូរីថា: កម្លាំងចម្រុះមាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កងទ័ពកងពលតូចថ្មើរជើងលេខ៥១ កងទ័ពតំបន់ប្រតិបត្តិការសឹករងខេត្ត.. បានអន្តរាគមន៍ចុះជួយច្រូតបានកាត់ស្រូវរបស់កសិករ ដែលរងគ្រោះដោយទឹកជំនន់ នៅឃុំនានាក្នុងស្រុកមង្គលបូរី តាំងពីថ្ងៃទី៧ខែសីហាមក។ លុះដល់ថ្ងៃទី១១និង១២ខែសីហា កម្លាំងពីកងភាពដូចខាងលើបានបង្កើនចំនួនទ្វេរដងស្មើជិត២.០០០នាក់ បូកនឹងកម្លាំងអន្តរាគមន៍ថ្មីមកពីក្នុង និងក្រៅខេត្តជិត១.០០០នាក់ទៀត ក៏បានចុះទៅជួយច្រូតស្រូវជូនបងប្អូនប្រជាកសិករ។ កម្លាំងទាំងនោះ មកពីកងពលតូចថ្មើរជើងលេខ៥២, កងពលលេខ៥២, កម្លាំងទ័ពស្រាវជ្រាវចារកិច្ច, កម្លាំងទ័ពបញ្ជាការដ្ឋានកងរថក្រោះប្រចាំទិសយោធភូមិភាគទី៥ ជាដើម។ ឯកម្លាំងពលកម្មរបស់មន្ត្រីរាជការ យុវជនក៏មានចុះជួយដែរ។
លោកសួន បវរ ថ្លែងបន្តថា ការឈានដល់ប្រើកម្លាំងសរុបដ៏ច្រើនបែបនេះ មកពីឃើញថា លទ្ធផលច្រូតកាត់សង្គ្រោះស្រូវប៉ុន្មានថ្ងៃមកនេះ បានលទ្ធផលនិងមានប្រសិទ្ធិភាពអាចទទួលយកបាន។ ជាងនេះទៅទៀត សកម្មភាពនេះពិតជាចំគោលបំណងដែលប្រជាកសិករដង្ហោយហៅផងនិងស្របតាមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យផង។ ម្យ៉ាងទៀត ក៏ឃើញថា ផ្ទៃដីស្រូវទុំរបស់កសិករនៅមានច្រើនទៀត គ្រាន់តែរងផលប៉ះពាល់និងដែលមិនទាន់ខូចខាត ហើយអាចនៅសង្គ្រោះបាន។ ខណ:នោះដែរ រដ្ឋបាលខេត្តបានផ្តល់នូវអំណោយជាគ្រឿងឧបភោក បរិភោគជាលើកទី២ ដល់កងកម្លាំងកងទ័ព កងនគរបាល កងរាជអាវុធហត្ថ ដើម្បីជួយលើកកម្លាំងចិត្តនិងលើកទឹកចិត្តដល់ការងារអន្តរាគមន៍ ដែលលំបាកនៅក្នុងទឹក កណ្តាលក្តៅ និងអូសស្រូវតាមក្បួនប្លាស្ទិក ក្នុងរយៈចម្ងាយដ៏ឆ្ងាយៗ។
ចំណែកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការកងពលតូចថ្មើរជើងលេច៥១ ដែលដឹកនាំកម្លាំងកងពលបន្តចុះជួយច្រូតស្រូវ ប្រជាកសិកររងគ្រោះដោយទឹកជំនន់ បានថ្លែងប្រាប់កាសែតរស្មកម្ពុជាថ្ងៃទី១២ខែសីហាថា នៅពេលណាបទបញ្ជាថ្នាក់លើនិងសំណូមពរជាក់ស្តែងរបស់កសិករ ក៏ដូចជាលទ្ធភាពដែលស្រូវទុំដែលិចលង់ពុំទាន់ខូចខាតទេ កម្លាំងកងពលនិងកម្លាំងដទៃទៀតបន្តតស៊ូជំនះការលំបាក ជួយប្រជាកសិករបន្តទៀត។ លោកបន្តថា កម្លាំងទាំងអស់របស់កងពលត្រូវបង្វែរមកជួយការងារនេះ។
យោងតួលេខដែលកងកម្លាំងចម្រុះចំជួយច្រូតស្រូវរងគ្រោះ ដោយទឹកជំនន់ នៅឃុំនានា ក្នុងស្រុកមង្គលបូរីថា បានជិត១.០០០ហ.ត។ បើតាមមន្ទិរកសិកម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីអាជ្ញាធរដែនដី និងកសិករអះអាងថា កម្លាំងអន្តរាគមន៍បានជួយសង្គ្រោះពីស្រូវទុំដែលលិចជិត ៣.០០០ហ.ត និងស្រូវទុំដែលខូចខាត១.០០០ហ.ត៕ ល