បង្កើន​បន្ទប់​ស្នាក់នៅ​បន្ថែម​ជា​ភាពចាំបាច់​ដើម្បី​ឆ្លើយតប​កំណើន​ទេសចរ​

335
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ជាមួយនឹង​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​និង​កំពុង​បង្កើន​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ទូទៅ​ការបង្កើន​បន្ទប់​ស្នាក់នៅ​បន្ថែម​ក្នុង​ខេត្តកំពត​ជា​ភាពចាំបាច់​ដើម្បី​ឆ្លើយតប​កំណើន​ភ្ញៀវ​ជិត​ឆ្ងាយ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ផ្អែក​តាម​សន្ទុះ​ភ្ញៀវ​ដែល​ចូលមក​កម្សាន្ត​នាឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ថ្មីៗ​នេះ​បង្ហាញឱ្យឃើញថា​ក្នុងចំណោម​បន្ទប់​សណ្ឋាគារ​ផ្ទះសំណាក់​បឹង​ហ្កា​ឡូ​ដែលមាន​ប្រមាណ​ជាង​៣.០០០​កន្លែង​នោះ​ពិតជា​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ភ្ញៀវ​នៅឡើយ​ទេ​។

​សូម្បី​មិត្តភក្តិ​និង​អ្នក​ធ្លាប់​រួមការ​ងារ​ដែល​នាំ​ក្រុមគ្រួសារ​មកលេង​កម្សាន្ត​ហើយ​មានបំណង​ស្នាក់​នៅក្នុង​ខេត្តកំពត​ក៏បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​ពួកគាត់​រក​បន្ទប់​ស្នាក់អាស្រ័យ​មិនបាន​ដែរ​។​ដូច្នេះ​ជាការ​អំពាវនាវ​លោក​សូមឱ្យ​មន្ត្រីរាជការ​ថ្នាក់ដឹកនាំ​ក៏ដូចជា​អាជីវករ​ដែលមាន​លទ្ធភាព​បង្វែរ​ពី​ការ​ទុក​ដីធ្លី​ឱ្យនៅ​ទំនេរ​មក​ចូលរួម​អភិវឌ្ឍ​តាមរយៈ​ការសាងសង់​សណ្ឋាគារ​ផ្ទះសំណាក់​ឱ្យបាន​ច្រើន​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​បំពេញតម្រូវការ​ភ្ញៀវ​ពេល​មក​កម្សាន្ត​នៅ​ខេត្តកំពត​ប្រកបដោយ​សក្តា​នុ ពល​មួយ​នេះ​។

លោក​ជាវ​តា​យ​បានបញ្ជាក់​ថាបើ​បង្កើនបាន​រហូតដល់​មួយ​ម៉ឺន​បន្ទប់​កាន់តែ​ប្រសើរ​ព្រោះ​ភ្ញៀវ​នឹង​បន្ត​កើន​ឡើងជា​លំដាប់​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​។​ជា​ក្តី​រំពឹង​ចំពោះ​ការមិន​ធ្លាក់ចុះ​នូវ​បរិមាណ​ភ្ញៀវ​នេះ​ដោយ​ផ្អែកលើ​កត្តា​ចម្បងៗ​មួយចំនួន​ដូចជា​ផ្លូវជាតិ​លេខ​៣​ផ្លូវជាតិ​លេខ​៣១​ផ្លូវជាតិ​លេខ​៣៣​បានចាប់ផ្តើម​ស្ថាបនា និង​ពង្រីក​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​កំពុង​មមាញឹក​បំផុត​។ ជាមួយនេះ ផ្លូវ​សំខាន់ៗ​នៅក្នុង​ក្រុង​ក៏​កំពុង ជួសជុល​កែលម្អ​ឱ្យ​ប្រសើរឡើង​ផងដែរ​។

​លើសពីនោះ​ខេត្តកំពត​នឹងមាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ដែល​លេចចេញ​រូបរាង​នាពេល​ដ៏​ខ្លី​ខាងមុខ​ដោយ​បង្ក​ភាពងាយស្រួល​ដល់​នាវា​ទេសចរណ៍​បរទេស​មក​សំចត​និង​ផ្តល់ឱកាស​ចំពោះ​ភ្ញៀវ​ឱ្យចូល​លម្ហែ​កម្សាន្ត​នៅ​កៀក​ទីក្រុង​តែម្តង​៕S/​