បង្កើន​សមត្ថភាព​គ្រប់គ្រង​និង​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ដើម្បី​ការងារ​ជោគជ័យ​

1020
ចែករម្លែក
  • 4
    Shares

​ដោយ​: បូកគោ / កែបៈ ជានិច្ចកាល​រាជរដ្ឋាភិបាល​តែង​ចាត់ទុក​វិស័យ​អប់​រំជា​អាទិភាព និង​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការលើកកម្ពស់​ផលិតភាព​ការងារ ដើម្បី​ធានា​នូវ​ភាពជោគជ័យ នៃ​ដំណើរការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ក្នុង​បរិការណ៍​សាកលភាវូបនីយកម្ម ក៏ដូចជា​ការលូតលាស់​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នាពេល​បច្ចុប្បន្ន​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ​ធ្វើឡើង​នៅ​សណ្ឋាគារ​រ៉ក​រ៉ូយ៉ាល់​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក​នុត ច័ន្ទ​សុខា រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានកំណត់​យក​ផលិតកម្ម កសិឧស្សាហកម្ម​បម្រើឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក​ជា​អាទិភាព​មួយ នៃ​វិស័យ​អាទិភាព​ទាំង​ប្រាំ​របស់​គោលនយោបាយ​អ​ភិ​វឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែលជា​គោលដៅ​សំខាន់ ដោយ​ត្រូវ​ជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន​១២​ភាគរយ ចំពោះ​បរិមាណ​សរុប​នៅ​ឆ្នាំ​២០២៥​។ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ទាំងនេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យមាន​ចំណេះដឹង​ខ្ពស់ ទូលំទូលាយ មាន​សមត្ថភាព​ស្រាវជ្រាវ ច្នៃប្រឌិត និង​មាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​។

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា ជានិច្ចកាល​រាជរដ្ឋាភិបាល​តែង​ចាត់ទុក​វិស័យ​អប់​រំជា​អាទិភាព និង​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការលើកកម្ពស់​ផលិតភាព​ការងារ ដើម្បី​ធានា​នូវ​ភាពជោគជ័យ នៃ​ដំណើរការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​សាកលភាវូបនីយកម្ម ក៏ដូចជា​ការលូតលាស់​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នាពេល​បច្ចុប្បន្ន​។ ការកសាង​សមត្ថភាព ព្រមទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​គុណធម៌​ជា​កត្តា​ចម្បង​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ភាព​ប្រកួតប្រជែង​របស់​ប្រទេសជាតិ​ទាំង​ពេលបច្ចុប្បន្ន ទាំង​អនាគត​។​

​លោក​នុត ច័ន្ទ​សុខា​បាន​បញ្ជាក់ថា សម្រាប់​នីតិកាល​ទី​ប្រាំមួយ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បួន ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ពុទ្ធិ និង​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​កំណត់​ច្បាស់​ក្នុង​ជ្រុង​ទីមួយ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស​។ សម្តេចនាយក​រដ្ឋមន្ត្រី​តែង​ក្រើន​រំលឹកថា ការអប់រំ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ នៃ​កិច្ចពង្រឹង​សមត្ថភាព​ស​ម្រា​ប់​បន្ត​ការរៀនសូត្រ​ដល់​ថ្នាក់ខ្ពស់​បន្ថែមទៀត បំណង​ចាប់យក​វិជ្ជាជីវៈ​ប្រចាំជីវិត និង​បង្កើន​សមត្ថភាព ដើម្បី​ប្រកបការងារ​រហូត​ឈានទៅ​ទទួលជោគជ័យ​ក្នុងការ​គ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ​។

​លោក​ទី ចាន់ណា ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួងកសិកម្ម រិ​ក្ខា​ប្រមាញ់ និង​នេសាទ​បាន​រៀបរាប់ថា​ដោយ​ពិនិត្យឃើញ​ភាពខ្វះ​ចន្លោះ​មួយចំនួន​ពាក់ព័ន្ធ​ការងាររដ្ឋបាល និង​ការគ្រប់គ្រង​បុគ្គលិក ក៏ដូចជា​ការ​ព​ង្រឹ​ក​សមត្ថភាព​បន្ថែម នាយកដ្ឋាន​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ​ជា​បន្តបន្ទាប់​។ ដោយឡែក សម្រាប់​តំបន់​ទី​បី រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ នឹង​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​បី​ថ្ងៃ នៅ​សណ្ឋាគារ​រ៉ក​រ៉ូយ៉ាល់​ខេត្ត​កែប ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សិក្ខាកាម​ចំនួន​៥០​នាក់​អញ្ជើញ​មកពី​មន្ទីរ​កសិកម្ម​ទាំង​ប្រាំបី​រាជធានី​ខេត្ត​៕