បង្ក្រាបបាន​រថយន្ត​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង​ដឹកឈើ​នៅ​ស្ទឹងត្រែង​

754
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​មួយគ្រឿង ពេល​កំពុង​បើកបរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​នៅវេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨​។

​ពេល​ទទួលបាន​ព័ត៌មាន​ថា មាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​កំពុងធ្វើដំណើរ​ចេញពី​ក្រុង​ស្ទឹងត្រែង​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​អន ចន្ទ​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្តីទី​លោក​ហ៊ុន សំអឿន​មន្ត្រី​បាន​សហការ​ជាមួយ​ក​ម្លាំ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានធ្វើ​ការឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2A 0480 ដឹកជញ្ជូន​ឈើ​។​

​បន្ទាប់ពី​បញ្ជូន​រថយន្ត​ដឹកឈើ​ទៅដល់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ខាង​កម្លាំង​របស់​អាវុធ​ហ្ថ​បញ្ជូន​វត្ថុតាង​ទៅ​ឲ្យ​ជំនាញ​មេព្រៃ​ភ្លាម​។ ជាមួយ​នោះ នៅក្នុង​រថយន្ត​បង្ក្រាប​បានឃើញ​មាន​ឈើ អារ​ប្រណិត (​នាងនួន​) ចំនួន​១៣៧​ដុំ ស្មើ​៨២០​គីឡូក្រាម​។ ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ខាងលើ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​កម្មករ​ម្នាក់​ផងដែរ​។ កម្មករ​ឈ្មោះ នី និ​ត​រួមជាមួយ​រថយន្ត​និង​ឈើ​ទម្ងន់​ជាង​៨០០​គី​ក្រាម​ត្រូវបញ្ជូន​ទៅកាន់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។ ដោយឡែក ឈ្មោះ​វ៉ែត ជា​អ្នកបើកបរ​នឹង​ជា​ឈ្មួញ​ឈើ​លាក់​មុខ​បាន​រត់​គេចខ្លួនបាត់​៕