បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ទន្លេមេគង្គ​

454

​ដោយ​: គង់​ហេង / កំពង់ចាម​: សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រង់ របស់​ខេត្តកំពង់ចាម​បាន​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​បាន​ចំនួន ១​ទូក ស្មើនឹង​ជាង ៥​ម៉ែត្រគូប ដែល​ឈ្មួញ​លួច​ដឹក​ជ​ញ្ជួ​ន​នៅពេល​យល់​ពី​ខេត្តក្រចេះ ដើម្បី​យកទៅលក់​បន្ត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​លោក អ៊ូ សុខុន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រង់​បាន​ឲ្យ​ដឹងថា ឈើ​ដែល​ខាង​រដ្ឋបាល​ព្រៃឈើ​បង្កា​ប​បាន​នោះ គឺ​ផ្ទុក​តាម​ទូកផ្កាចារ​ម៉ាស៊ីន​ចំនួន ពីរ គ្រឿង​។ ដោយ​ចាប់បាន​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ត្នោត​តា​សាយ ឃុំ​ព្រែ​កក់ ស្រុក​ស្ទឹងត្រង់ នៅ​យប់​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០១៨​។​យើង​បានសម្រេច​ដកហូត និង​រឹបអូស​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ស្ទឹងត្រង់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោកនាយ​សង្កាត់​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​វត្ថុតាង​មាន ឈើ​អារ​លេខ​១ ប្រភេទ​សុ​ក្រំ​ចំនួន ២២៥ សន្លឹក ស្មើនឹង​ចំនួន ៥,២៣៣ ម៉ែត្រគូប​។ ទូក​ឈើ​ប្រភេទ​ផ្កាចារ​ចំនួន មួយ គ្រឿង ,​ម៉ាស៊ីន​កម្លាំង ១៣​សេស មួយ គ្រឿង និង ១៨​សេស មួយ គ្រឿង​។​

​លោក សុខុន បាន​បន្តថា មុន​ឈានដល់​ការបង្ក្រាប​ទូក​កាណូត​ដឹកឈើ​មួយគ្រឿង​នេះ​គឺ​ខាង​លោក​បាន ទទួល​ព័ត៌មាន​ថា មាន​ទូក​ម៉ាស៊ីន​ប្រភេទ​ផ្កាចារ​ចំនួន ពីរ គ្រឿង​លួច​ផ្ទុក​ឈើ​ចេញពី​ភូមិ​ដងទង់ ឃុំ​សម្បូរ ស្រុក​សម្បូរ ខេត្តក្រចេះ​។ ប៉ុន្តែ​ការដែល​យើង​បង្ក្រាប​បានតែ​មួយគ្រឿង​ខាងលើនេះ គឺ​ទូកផ្កាចារ​មួយគ្រឿង​ទៀត​នោះបាន​បើក​គេច​ចូល​តាម​ព្រែក​បាត់​។ ដោយសារ​លំហ​ទឹក​ទន្លេធំ​ល្វឹងល្វើយ​នា​រដូវ​នេះ​ងាយស្រួល​ក្នុងការ​គេច​ពី​សមត្ថកិច្ច​។​

​ប្រភពព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​មួយ​បាន​បង្ហើប​ថា សកម្មភាព​ដឹកឈើ​តាម​ទូកផ្កាចារ​នៅពេល​យប់​និង​បង្កប់​ឈើ​តាម​ទូក​ក្រួស​នៅពេល​ថ្ងៃនេះ​បានកើត​ឡើង គឺ​បាន​កើតឡើង​ច្រើន​ខែ​មកហើយ​។ ដោយ​ក្នុង​មួយថ្ងៃ​មិន​ក្រោម ១០ គ្រឿង​ឡើយ​។ ក្នុង​មួយគ្រឿង​ផ្ទុក​ចាប់ពី ប្រាំ ទៅ ១០០ ម៉ែត្រគូប ដោយមាន​មន្ត្រី​ខិលខូច​ជា​រត់​ការណ៍​បិទបាំង ឬ​វាង​ផ្លូវ ហើយ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ ដឹក​ទៅ​លក់​បន្ត​នៅតាម​ខេត្តកំពង់ចាម​, ខេត្ត​ត្បូងឃ្មុំ​, ខេត្តព្រៃវែង​, ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​៕