បង្ក្រាប​គ្រឿងញៀន​បាន​ជាង​១​ម៉ឺន​ករណី​និង​ឃាត់ខ្លួន​មនុស្ស​បាន​ជិត​៣​ម៉ឺន​នាក់​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​

615
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​ង​នរគ​បាល​ជាតិ​បានឱ្យដឹងថា​៖​ក្នុង​រយៈពេល​ជាង​មូ​យ​ឆ្នាំ​មកនេះ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​គ្រឿងញៀន​បាន​ជាង​១​ម៉ឺន​ករណី​និង​ឃាត់ខ្លួន​មនុស្ស​បាន​ជិត​៣​ម៉ឺន​នាក់ រួមទាំង​ដកហូត​បាន​គ្រឿងញៀន​ជាច្រើន​រយ​គីឡូក្រាម​ផងដែរ ។​
​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ ជី​តូ អគ្គស្នងការ​ង​នរគ​បាល​ជាតិ​បានលើកឡើង​បែបនេះ​នៅ ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​ញៀន នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ កញ្ញា​២០១៨​នេះ ដែល​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោកនាយ​ឧ​ត្ត​ម​សេនីយ​មាស វិ​រិ​ទ្ធ អគ្គលេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​ញៀន​និង​មានការ​ចូលរួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​ចំណុះអោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ជាច្រើន​រយ​នាក់​ទៀត​។​
​ក្នុងនោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ ជី​តូ បាន​បញ្ជាក់ថា យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​យើង​ធ្វើបាន​ចំនួន​៣​លើក ដោយ​ក្នុងនោះ​នៅ​ឆ្នាំ​២០១៧​យើង​ធ្វើបាន​២​លើក និង នៅក្នុង​ឆ្នាំ​២០១៨ ចំនួន​១​លើក មានន័យថា ចាប់ពី​ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃ​១៩​កញ្ញា​២០១៨​នេះ សរុប​យើង​បង្ក្រាបបាន​១៣១៧៥​ករណី​ឃាត់ខ្លួន​២៨៨៨៨​នាក់ ស្រី​ចំនួន​២៥០៤​នាក់ ឃាត់ខ្លួន​ជនបរទេស​បាន​ចំនួន​៤៩០​នាក់ ស្មើនឹង​២៣​ជនជាតិ ។​ករណី​ជូ​ញ​ដូរ យើង​បង្ក្រាបបាន​ចំនួន​៨៨៨៩​ករណី ឃាត់ខ្លួន​បាន​ចំនួន​១៥៩៩៦​នាក់ បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៤៨៧​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនូ​ន​១២៨៨៤​នាក់ ស្រី​៧១៩​នាក់ ដកហូត​បាន​សារធាតុ​ញៀន​ចំនួន​៦៧៩​គីឡូក្រាម​និង​៤៣១​ក្រាម កញ្ឆា​ស្ងួត​ចំនួន​ជាង​១៤២​គីឡូក្រាម ។​អនុវត្ត​ដីកា​ចំនួន​៤៦១​ដីកា ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤៥២​នាក់​។ បង្កក​អចលនទ្រព្យ​ចំនួន​១៨​កន្លែង ដើម្បី​រឹបអូស​លក់ឡៃ​ឡុង​។​

​នាយ​ឧត្ដមសេនីយ៍​បន្តថា​៖ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៨ ដែលជា​យុទ្ធនាកា​លើក​ទី​៣ ពោលគឺ​ចាប់ពី​ថ្ងៃ​១​មករា ដល់​ថ្ងៃទី​១៩​កញ្ញា​២០១៨​នេះ យើង​បង្ក្រាបបាន​ចំនួន​៥៥៤២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១១៨៨​នាក់​ក្នុងនោះ​មាន​ជនបរទេស​ចំនួន​២១៥​នាក់ ស្រី​៣៧​នាក់ លើ​១៥​សញ្ជាតិ ។​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៣៥៤៤​ករណី ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦៤០១​នាក់ ស្រី​៦៥៣​នាក់ បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​បាន​១៩៥៧​ករណី ឃាត់ខ្លួន​បាន​ចំនួន​៤៦៨៧​នាក់ ។​
នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ ជី​តូ បាន​បញ្ជាក់ដែរថា​៖ ការបង្ក្រាប​គ្រឿងញៀន​បាន​យ៉ាងច្រើន​ករណីនេះ​មិនមែន​ចេះតែ​នឹកឃើញ​ធ្វើបាន​នោះទេ គឺ​វា​បានកើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា មាន​ទាំង​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ចូលរួម​ផងដែរ​៕