បង្ក្រាប​គ្រឿងញៀន​២​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​

290

(​សៀមរាប​)៖​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង ក ៨ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម បាន​ឃាត់ខ្លួន​ក្នុងការ​ចុះបង្ក្រាប ករណី​រក្សាទុក និង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ការឃាត់ខ្លួន ស្ថិតនៅ​ទីតាំង​ផ្សេងៗ​គ្នា ក្នុង​រយៈពេល​២​ថ្ងៃ រួច បញ្ជូនទៅ​តុលាការ ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ។​

ក្នុង​ប្រតិបត្តិ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ ថ្ងៃទី​១៤ និង ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

លោក​វរសេនីយ៍ទោ ណា​ម ណ​ម នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប បាន​និយាយថា ក្នុង​កិច្ចប្រតិបត្តិការ​នោះ កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ទីតាំង​ផ្សេងគ្នា រយៈពេល​២​ថ្ងៃ​និង​បានធ្វើ​ការដកហូត​វត្ថុតាង​មួយចំនួនទៀត​។

​លោក​វរសេនីយ៍ទោ ណា​ម ណ​ម បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​គឺមាន ឈ្មោះ សុវណ្ណ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ​ទិញ​លក់​ម៉ូតូ មាន​ស្រុកកំណើត​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​រ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​ម្នាក់ទៀត ឈ្មោះ ពៅ សុភា​ស់ ហៅ គ្រក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​សមត្ថកិច្ច​ដកហូត​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​ធំ និង ០៦​កញ្ចប់ តូច ស្មើនឹង​ទំងន់ ៩៥៣,៩៣​ក្រាម ឧបករណ៍ប្រើប្រាស់ និង សំភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន ទូរស័ព្ទដៃ​ចំនួន​០៦​គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ ទាំង​២​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/​ដោយ​៖​គូលែន​

​រូបភាពៈ​បង្ក្រាប​គ្រឿងញៀន​២​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​៕​រូប​៖​គូលែន​