បង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ ៩៩ មាន​បង្កប់​សេវា​ផ្លូវភេទ បម្រើ​ដោយ​អនីតិជន ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់

575
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌចំការមន បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ ៩៩ មាន​បង្កប់​សេវា​ផ្លូវភេទ បម្រើ​ដោយ​អនីតិជន ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ក្នុងនោះ​ម្ចាស់​ទីតាំង​ម្នាក់ នារី​រងគ្រោះ​ចំនួន​៤​នាក់ និង​អ្នកដាំបាយ​ម្នាក់​។​

​ករណី​បង្ក្រាប​ទីតាំង​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​ល្ងាច ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​លេខ​៦៥ ផ្លូវ​៤៣២ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។​

​ម្ចាស់​ទីតាំង​មានឈ្មោះ ទៀង ពុទ្ធា​វី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ទីតាំង​ម៉ាស្សា​ផ្ទះ​លេខ​៦៥ ផ្លូវ​៤៣២ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ ដោយមាន​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មានការ​សម្របសម្រួល ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ​។​

​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹងថា​ទីតាំង​ម៉ាស្សា​កោស​ជប់ យីហោ ៩៩ ចាប់ផ្ដើម​បើក​បម្រើសេវា​ចាប់ពី​ម៉ោង​៩ ព្រឹក​រហូតដល់​យប់​ជ្រៅ​រំលង​អា​ធ្រា​ត​ដោយមាន​នារី​ក្មេង​ចាស់​ចំនួន​៤​នាក់​រងចាំ​ភ្ញៀវ មក​ម៉ាស្សា និង​ម៉ាស្ស​ក្រលៀន ដោយ តម្លៃ​ចាប់ពី ១៥​ដុល្លារ ទៅ​២០​ដុល្លារ ក្នុង​មួយដង​។​

​ក្រោយពេល​បញ្ចប់​ប្រតិបត្តិការ​នេះ​ផងដែរ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦​នាក់​ក្នុងនោះ​នារី​រងគ្រោះ​ចំនួន ៤​នាក់​(​អនីតិជន​ម្នាក់​) ម្ចាស់​ទីតាំង​ស្រី​ម្នាក់ បាន​នាំខ្លួន​យកមក​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ដើម្បី​បន្ត​ការសាកសួរ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ផងដែរ​ចំណែក​នារី​រងគ្រោះ​ទាំង​៤​នាក់​នោះ​ត្រូវបាន នគរបាល​ប្រគល់ជូន​អង្គការ​សង្គមកិច្ច​ដើម្បី​ធ្វើការ​អប់រំ ដោយឡែក​ស្ត្រី​ម្នាក់ អ្នកដាំបាយ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ព្រោះ​គ្មាន​ការជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ​៕ ល​