បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​​ប្រមាណ​១៧​តោន​នៅ​ឫស្សីកែវ​

1324
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន ក្នុងផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។​

​ការចុះ​បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​ខាងលើ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​មួយកន្លែង​ផ្ទះ ដែលមាន​ម្ចាស់​ទីតាំង​ផលិត​លោកស្រី សុខ វួ​ច​លីន អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ​។​

​នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រកឃើញ​ទីតាំង​ខាងលើនេះ បាន​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ និង​ភ័ស្តុតាង​រួមមាន​: ប៊ីចេង​បាវ​ស​ចំនួន ៣៥២​បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥​បាវ ប៊ីចេង​រាយ​ម៉ាក​Win win​ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច​(500g)​ចំនួន ៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​Gold Cup​ចំនួន ៤៧​កេស ប៊ីចេង​រូប​វែក​(250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ​២​គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ០១​គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២​គ្រឿង ជញ្ជីង​ថ្លឹង ២​គ្រឿង បាវ​រូប​វែក ៩៣​បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន​។​

​ក្រោយពី​ការត្រួតពិនិត្យ និង​តាម​ការសម្រេច​របស់លោក​ព្រះរាជអាជ្ញារង សមត្ថកិច្ច​បានសំរេច​ដកហូត និង​រក្សាទុក​ក្លុំបេ​បិទ​ទីតាំង​ខាងលើ ហើយ​បាន​នាំខ្លួន​ម្ចាស់​ទីតាំង​មក​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី​៕ ​/សរន